កំពង់ផែទេសចរណ៍ សមិទ្ឋផលថ្មីសម្រាប់ចំណងដៃខេត្តកំពង់ចាម

0
កំពង់ផែទេសចរណ៍ សមិទ្ឋផលថ្មីសម្រាប់ចំណងដៃខេត្តកំពង់ចាម

ដោយៈ ម៉ាណា

    កំពង់ចាមៈ រដ្ឋមន្រ្តីមកពីក្រសួងចំនួន២ បានចូលរួមប្រារពពិធីបើកការដ្ឋានសាងសង់ “កំពង់ផែទេសចរណ៍កំពង់ចាម” ដែលស្ថិតនៅលើដងទន្លេមេគង្គ នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ពិធីបើកការដ្ឋានសាងសង់កំពង់ផែនេះ ធ្វើឡើងក្រោមអធិបតីភាព លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងមន្រ្តីពាក់ព័ន្ឋ។

គម្រោងកំពង់ផែទេសចរណ៍នេះ នឹងដើរតួនាទីសម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរនៅក្នុងស្រុក តាមតំបន់ទន្លេមេគង្គលើ រហូតទៅខេត្តក្រចេះជាដើម និងការដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមទន្លេមេគង្គ ពីប្រទេសវៀតណាមទៅ-មក រាជធានីភ្នំពេញ និងបន្តមកលេងកម្សាន្តនៅខេត្តកំពង់ចាម និងខេត្តក្រចេះ ក៏ដូចជាតំបន់ជុំវិញដែលមានសក្តានុពល និងតភ្ជាប់ការដឹកជញ្ជូនតាមព្រែកជីកហ្វូណនតេជោ។

គម្រោងកំពង់ផែទេសចរណ៍នេះ គឺជាគម្រោងមួយមានសក្តានុពល ដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងលើកកម្ពស់សោភ័ណ្ឌភាព គុណភាពនៃការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាមផងដែរ។

ថ្លែងក្នុងអង្គពិធី លោកប៉េង ពោធិ៍នា បានមានប្រសាសន៍ថា ពិធីបើកការដ្ឋានសាងសង់ កំពង់ផែទេសចរណ៍កំពង់ចាម ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ គឺជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញរៀបចំឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត ស្របតាមបរិបទ ការរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន និងជីវភាពរុងរឿងរបស់ប្រជាជន រួមជាមួយនឹងកំណើននៃសក្តានុពលទេសចរណ៍នៅក្នុងខេត្តកំពង់ចាមផងដែរ។

ទាំងនេះ គឺជាកត្តាជំរុញឱ្យរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ចាម ធ្វើការសិក្សារៀបចំការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍នៅក្នុងខេត្តនេះ។

កំពង់ផែទេសចរណ៍កំពង់ចាម មានទីតាំងស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ស្ថិតនៅទីតាំងទីលានចំណតកំពង់ចម្លងចាស់ ដែលគ្រោងសាងសង់ឡើង នៅលើច្រាំងទន្លេ ដែលជាដីកម្មសិទ្ធិរបស់រដ្ឋ ផ្អែកតាមផែនការនៃការអនុវត្តគម្រោង ការសាងសង់សំណង់កំពង់ផែ សម្រាប់ដំណាក់កាលទី១នេះ នឹងប្រើប្រាស់រយៈពេល២៤ខែ ជាមួយគ្នានេះផងដែរ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី២ ដែលរួមមានអគាររដ្ឋបាល និងកន្លែងរង់ចាំសម្រាប់ភ្ញៀវទេសចរ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here