អគារសម្រាប់ត្រៀមបម្រើក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនឹងបញ្ចប់រួចរាល់នៅចុងខែមីនានេះ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងអភិវឌ្ឍ៍អគារស្នាក់នៅ របស់ក្រុមកីឡាករកីឡាករិនី ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឬហៅថាបុរីកីឡា គ្រោងនឹងបញ្ចប់រួចរាល់ នៅចុងខែមីនាឆ្នាំ២០២៣នេះ ដើម្បីប្រគល់ជូនរដ្ឋាភិបាល ក្នុងការចាត់ចែងរៀបចំបន្ត ខណៈបច្ចុប្បន្ននេះក្រុមហ៊ុនសាងសង់បានសម្រុកការងារទាំងថ្ងៃទាំងយប់ ជាមួយនឹងកម្មករជាង៣០០០នាក់។

លោកឆេ វិសិដ្ឋ អ្នកគ្រប់គ្រងគម្រោង Worldbridge Sport Village ឬហៅថាបុរីកីឡាថ្មី បានមានប្រសាសន៍តាមទូរសព្ទនៅរសៀលថ្ងៃទី៧ មីនា ២០២៣ឱ្យដឹងថា អគារខ្លះនៃគម្រោងមួយនេះ បានសម្រេចស្ទើរតែទាំងស្រុងហើយ ហើយអគារខ្លះទៀតនៅសល់តិចតួច ប៉ុន្តែក្រុមការងារបានប្រើប្រាស់កម្មករ ប្រមាណ៣ពាន់នាក់ ដោយពេលខ្លះកម្មករ ត្រូវថែមម៉ោងធ្វើដល់ម៉ោង១២យប់ និងថ្ងៃខ្លះត្រូវធ្វើដល់ម៉ោង១០ និងអាចភ្លឺក៏មានដែរ ។

លោកបន្តថា “យើងសម្រុកការងារនេះ ដើម្បីឱ្យបានបញ្ចប់ទាំ​ងស្រុងនៅមុនដំណាច់ខែមីនាឆ្នាំ២០២៣នេះ ហើយការងារបន្តគឺយើងប្រគល់ជូនរដ្ឋាភិបាល ដើម្បីឱ្យលោករៀបចំតុបតែងផ្នែកខាងក្នុងសម្រាប់ត្រៀមទទួលភ្ញៀវ ដែលនឹងអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម”។លោកបន្តថា “គម្រោងនេះគឺយើងសាងសង់ឡើង ផ្ដោតទៅលើព្រឹត្តិការណ៍កីឡាស៊ីហ្គេម ទើបយើងខំប្រឹងក្នុងសម្រុកឱ្យរួចក្នុងព្រឹត្តិការណ៍នោះ”។

លោកបន្ថែមថា ចាប់តាំងពីគម្រោង Worldbridge Sport Village ចាប់ផ្ដើមដំណើរការសាងសង់ ឃើញថានៅតំបន់ជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោ មានគម្រោងអភិវឌ្ឍន៍ថ្មីៗជាបន្តបន្ទាប់ចាប់ផ្ដើមដំណើរការអភិវឌ្ឍដូចជាផ្សារទំនើបម៉ាក្រូ សកលវិទ្យាល័យជាតិមួយចំនួន និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋជាច្រើនផងដែរ ។

ចំណែកលោកសុត សុធារ៉ា អ្នកគ្រប់គ្រងគម្រោងនេះមួយរូបដែរនោះក៏បានលើកឡើងផងដែរថា តាមពិតការសាងសង់ ត្រូវបញ្ចប់យូរមកហើយ តែដោយសារតែបញ្ហាស្ថានភាពកូវីដ១៩ និងនៅពេលដែលយើងបុកគ្រឹះអាកាសធាតុ ភ្លៀងធ្លាក់ស្ទើរតែពេញមួយឆ្នាំ ធ្វើឱ្យការបុកគ្រឹះត្រូវប្រើពេលយូរ ពីព្រោះតែភ្លៀងមិនអាចបុកគ្រឹះបានល្អ ។

អ្នកស្រីហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា នៅតំបន់ប៉ែកខាងជើង យើងមើលឃើញថា កាន់តែមានភាពទាក់ទាញ លើការវិនិយោគនិងអភិវឌ្ឍន៍អចលនទ្រព្យ ជាពិសេសនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ទៅដល់ពហុកីឡដ្ឋានជាតិមរតកតេជោ មានគម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើន បានបោះទីតាំងគម្រោងរបស់ខ្លួនជាហូរហែរ។

អ្នកស្រីបន្តថា កត្តាផ្សេងទៀតដែលធ្វើឱ្យតំបន់នេះ កាន់តែមានភាពទាក់ទាញនោះ ក៏ព្រោះតែសំណង់ធំៗមួយចំនួន បានលេចរូបរាងនៅតំបន់នោះដូចជាវិមានឈ្នះឈ្នះ ពហុកីឡដ្ឋានជាតិមរតកតេជោ និងគម្រោងអភិវឌ្ឍន៍របស់ឯកជនជាច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here