ទីផ្សារអចលនទ្រព្យថៃ ក្នុងឆ្នាំ២០២៣ នៅតែពឹងផ្អែកខ្លាំងលើ តម្រូវការពីបរទេស

0

ដោយៈ សុខុម

បាងកក: ទោះបីជាសេដ្ឋកិច្ចប្រទេសថៃ ងើបឡើងវិញយ៉ាងណាក្ដី ក៏ទីផ្សារអចលនទ្រព្យក្នុងប្រទេសនេះសម្រាប់ឆ្នាំ២០២៣ អាចនៅតែពឹងផ្អែកខ្លាំងលើតម្រូវការបរទេស ដោយសារកត្តាអវិជ្ជមាននានាបន្តជះផលប៉ះពាល់ដល់អ្នកទិញក្នុងស្រុក។ នេះបើយោងតាមក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគអចលនទ្រព្យ។

លោក Piyasak Manason អនុប្រធានជាន់ខ្ពស់នៃផ្នែកស្រាវជ្រាវទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមូលបត្រ InnovestX Securities លើកឡើងថា កំណើនទីផ្សារអចលនទ្រព្យថៃ ក្នុងឆ្នាំនេះទំនងជានឹងធ្លាក់ចុះ ដោយសារតែគោលនយោបាយ ហិរញ្ញវត្ថុផ្សេងៗគ្នា។

លោកបានបន្តថា “នៅពេលអតិផរណាហក់ឡើងខ្ពស់ ធនាគារកណ្តាលថៃ (BoT) នឹងដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងអតិផរណា។ ហើយជាមួយនឹងការលុបចោល នូវការបន្ធូរបន្ថយលក្ខខណ្ឌផ្ដល់ប្រាក់កម្ចី ដែលប៉ះពាល់ដល់តម្រូវការលំនៅដ្ឋានតម្លៃទាប យើងមិនរំពឹងថាទីផ្សារអចលនទ្រព្យ នឹងទទួលបានកំណើនរឹងមាំក្នុងពេលអនាគតដ៏ខ្លីនេះឡើយ”។

លោក Piyasak Manason បានថ្លែងថា តាមការរំពឹងទុក សេដ្ឋកិច្ចថៃ នឹងងើបឡើងវិញបន្តិចម្តងៗ នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២៣ ដោយវិស័យទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើន។ សេដ្ឋកិច្ចថៃ ត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនក្នុងរង្វង់៣%នៅឆ្នាំនេះ។

ទោះជាយ៉ាងណា តម្រូវការនឹងធ្លាក់ចុះ ក្នុងចំណោមអ្នកដែលមានប្រាក់ចំណូលទាប។ ហើយជាលទ្ធផល មានការកើនឡើងនូវប្រាក់កម្ចីមិនដំណើរការ (កម្ចីខូច) និងប្រាក់កម្ចីពិសេសសម្រាប់ទិញរថយន្ត កម្ចីទិញរំលស់និងប័ណ្ណឥណទាន។

កត្តាមិនអំណោយផលផ្សេងៗទៀត រួមមានការចំណាយខ្ពស់ជាងមុននៅក្នុងការអភិវឌ្ឍ ដែលរួមមានថ្លៃសាងសង់ ថ្លៃសម្ភារៈ ថ្លៃដី និងប្រាក់ឈ្នួលជាដើម។

ទោះជាយ៉ាងណា តម្លៃលំនៅដ្ឋានមិនអាចដំឡើងថ្លៃច្រើនបានឡើយ។

លោក Piyasak Manason បានលើកឡើងទៀតថា “កត្តាដែលនឹងជំរុញកំណើន ក្នុងវិស័យអចលនទ្រព្យ នៅពេលអនាគតគឺការវិនិយោគពីបរទេស។ ប្រទេសថៃ នឹងក្លាយជាមូលដ្ឋានផលិតកម្មនៃតំបន់ Altasia បន្ទាប់ពីជម្លោះរវាងសហរដ្ឋអាមេរិក និងប្រទេសចិន”។

តំបន់ Altasia មាន១៤ប្រទេសនៅអាស៊ី ដែលត្រៀមខ្លួនជាស្រេច ដើម្បីផ្ដល់ជម្រើសខ្សែសង្វាក់ផ្គត់ផ្គង់ ជំនួសឱ្យខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន។

កាលពីឆ្នាំមុន ប្រទេសចិន ជាអ្នកវិនិយោគផ្ទាល់ពីបរទេសធំជាងគេបំផុតនៅប្រទេសថៃ ជាមួយនឹងទុនវិនិយោគជាង២,២ពាន់លានដុល្លារអាមេរិក ពីគម្រោងចំនួន១៥៨។

បន្ទាប់មកគឺប្រទេសជប៉ុន ជាមួយនឹងទុនវិនិយោគ១,៤៥ពាន់លានដុល្លារអាមេរិក ពីគម្រោងចំនួន២៩៣ ហើយបន្ទាប់មកទៀតគឺសហរដ្ឋអាមេរិក ជាមួយនឹងទុនវិនិយោគ១,៤៣ពាន់ លានដុល្លារអាមេរិក ពីគម្រោងចំនួន៣៣៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here