ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ អ្នកវិនិយោគបុរីថ្មីនានានៅតែមានសុទិដ្ឋិនិយមពីទីផ្សារបុរីនៅកម្ពុជា ខណៈការលក់លំនៅដ្ឋាននៅឆ្នាំនេះ មានការថមថយល្បឿន ធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អគ្គនាយកក្រុមហ៊ុន NAKI GROUP លោក មាស ង៉ែតវាសនា ដែលបាននិងកំពុងវិនិយោគសាងសង់បុរី WOODLAND បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា អ្វីដែលជាទស្សនទាននៃការអភិវឌ្ឍថ្មីរបស់យើង គឺជាយុទ្ឋសាស្ត្រដែលយើងសម្លឹងវែងឆ្ងាយ ព្រោះក្រុមរបស់យើងបើធ្វើអ្វីជាការចម្លងពីគេ យើងមិនធ្វើនោះទេ។ លោកបន្តថា គំរោងនេះមានលក្ខណៈពិសេសចំនួន៤ ដូចជា ទី១ លំនៅដ្ឋានប្រណីតដែលមានតំលៃ២០ម៉ឺនដុល្លារ និងមានចម្ងាយ៥គីឡូម៉ែត្រពីផ្សារទំនើប AEON មិនអាចរកបានទេនាពេលនេះ ប៉ុន្តែយើងអាចបំពេញតម្រូវការអតិថិជនបាន ទី២ វាជាគំរោងដែលមានដើមឈើព័ទ្ឋជុំវិញ និងមានភាពបៃតង ទី៣ ការឌីសាញ ធ្វើឡើងដោយក្រុមហ៊ុន Ong & Ong ដែលជាក្រុមហ៊ុនដ៏ល្បីនៅប្រទេសសឹង្ហបុរី ហើយការឌីសាញលំនៅដ្ឋានមិនធ្វើតាមអ្វី ដែលអ្នកវិនិយោគចង់បាននោះទេ តែយោងតាមការស្រាវជ្រាវពីតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន។
-->

ចំណុចទី៤ គឺម្ចាស់បុរីទាំងអស់ក្រោយពេលលក់ហើយ មិនមានអ្នកណាផ្តោតអារម្មណ៍លើសេវាកម្មជូនអតិថិជន ឬម្ចាស់លំនៅដ្ឋាននោះទេ និងបានគិតគូពីបរិ ស្ថានស្អាត អនាម័យ សន្តិសុខ និងពោរពេញដោយសេវាកម្មនោះទេ ប៉ុន្តែដោយសារយើងបានធ្វើជាមួយក្រុមការងារជំនាញគ្រប់គ្រងអចលនទ្រព្យ ដើម្បីផ្តល់សេវាចបាច់នានាសម្រាប់អតិថិជន ហើយលោកជឿថា នៅស្រុកខ្មែរសព្វថ្ងៃមិនទាន់មានបុរីណាធ្វើដូចយើងនៅឡើយទេ។
លោកបានបន្តថា “ម្ចាស់បុរីស្ទើរតែទាំងអស់ក្រោយពេលលក់ហើយ មិនមានអ្នកណាផ្តោតអារម្មណ៍លើសេវាកម្មជូនអតិថិជន ឬម្ចាស់លំនៅដ្ឋាននោះទេ និងបានគិតគូពីបរិស្ថានស្អាត អនាម័យ សន្តិសុខ និងពោរពេញដោយសេវាកម្មនោះទេ ប៉ុន្តែបុរីWOODLAND នឹងផ្តល់សេវាចបាច់នានាសម្រាប់អតិថិជន ហើយខ្ញុំជឿថា នៅស្រុកខ្មែរសព្វថ្ងៃមិនទាន់មានបុរីណាធ្វើដូចយើងនៅឡើយទេ។លោកបន្តថា “ការឌីសាញរបស់ស្ថាបត្យករ គឺត្រូវឌីសាញតាមរយៈការស្តាប់បុគ្គលិកផ្នែកលក់ ដែលពួកគេបានស្តាប់ និងសិក្សាពីតម្រូវការរបស់អតិថិជន ជាលទ្ឋផលអតិថិជន៩៥ភាគរយបានពេញចិត្តនូវរចនាបទផ្ទះក្នុងគំរោងនេះ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន VTRUST Appraisal ដែលបានបង្ហាញពីទីផ្សារបុរីក្នុងខ័ណ្ឌឬស្សីកែវបានឲ្យដឹងថា បុរីនៅក្នុងខ័ណ្ឌនេះមានចំនួន១២០០០ល្វែងនៅដំណាច់ឆ្នាំ២០១៧ខាងមុខ ដោយសារមានសំណង់ផ្ទះល្វែង និងបុរីធំៗចំនួន៨ដែលបានអភិវឌ្ឈន៍លើ៥០ទីតាំង បាននិងកំពុងលក់ដាច់អស់ប្រមាណ៨០ភាគរយហើយ ហើយគំរោងមួយចំនួននៅតែបន្តសាងសង់ ព្រោះក្នុងគំរោងលំនៅដ្ឋានប្រមា ណ ១២០០០ខ្នង មានតែ៨០០០ផ្ទះប៉ុណ្ណោះបានបញ្ចប់ការសាងសង់។
លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងឲ្យដឹងផងដែរថា ទីផ្សារបុរីនៅតែមានសភាពវិជ្ជមាន និងនៅតែមានតម្រូវការខ្ពស់ ដោយសារមានការគាំទ្រពីធនាគារនានា លើការផ្តល់ឥណទានលំនៅដ្ឋាន ប្រជាជនខ្មែររៀបការថ្មីៗច្រើនប្រចាំឆ្នាំ ចំនួនប្រជាពលរដ្ឋចូលមករស់នៅទីក្រុងកាន់តែច្រើន និងការរីកចំរើនសេដ្ឋកិច្ចសង្គម ក្រោមការដឹកនាំរបស់រដ្ឋាភិបាលក៏ជំរុញឲ្យមានកំនើនតម្រូវការលំនៅដ្ឋានថ្មីៗផងដែរ។

អគ្គលេខាធិការសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាលោកហ៊ុយ វណ្ណាបានថ្លែងថា ក្នុងកំឡុងត្រីមាសទី៤ឆ្នាំនេះ មានបុរីមួយចំនួនបានចាប់ផ្តើមគំរោងថ្មី ហើយក៏មានអ្នកវិនិយោគថ្មីៗចាប់ផ្តើមគំរោងរបស់ខ្លួនផងដែរ ប៉ុន្តែក៏មានអ្នកអភិវឌ្ឍន៍ បុរីមួយចំនួនក៏បានរង់ចាំមើលស្ថានភាពនោះដែរ ដោយសារការលក់បុរីមួយរយៈពេលចុងក្រោយនេះមានកំនើនយឺតជាងឆ្នាំមុន ប៉ុន្តែប្រសិនជាយើងពិនិត្យមើលពីតម្រូវការ លក្ខណៈប្រជាសាស្ត្រ និងកំនើនសេដ្ឋកិច្ចរបស់កម្ពុជា យើងអាចសន្និដ្ឋានថាទីផ្សារបុរីនៅកម្ពុជានៅតែមានភាពល្អប្រសើរសម្រាប់ពេលអនាគត៕