កម្ពុជាដាក់ចេញផែនការសកម្មភាពចំនួន៦ដើម្បីចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៥ស្ដីពី ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅទីក្រុងដូហា ប្រទេសកាតា ពីថ្ងៃទី៤ ដល់៩ ខែមីនា ឆ្នាំ២០២៣។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កាលព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានអញ្ជើញថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំពេញអង្គនៃសន្និសីទ អង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្រោមប្រធានបទ “Leaving No One Behind”។

លោករដ្ឋមន្ដ្រី បានជំរាបជូនអង្គប្រជុំថា ប្រទេសកម្ពុជាបានបំពេ​ញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ហើយនឹងត្រូវបានវាយតម្លៃម្តងទៀតនៅដើមឆ្នាំ២០២៤ ហើយកម្ពុជាអាចចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៧ ប្រសិនបើអ្វីៗដំណើរការដោយរលូន ដែលការចាកចេញនេះ ស្របនឹងមហិច្ឆតារាជរដ្ឋាភិបាល ក្នុងការនាំកម្ពុជាឱ្យឈាន ដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទោះជាយ៉ាងណាក៏ដោយ ការចាកចេញពីចំណាត់ថ្នាក់នេះ នឹងនាំមកជាមួយបញ្ហាប្រឈមពាក់ព័ន្ធ នឹងការបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួន ដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្ន។

បន្ថែមពីនេះ លោករដ្ឋមន្ដ្រី ក៏បានលើកឡើងអំពីការអនុម័ត និងការអនុវត្តផែនការសកម្មភាពទីក្រុងដូហា(DPoA) ដែលនឹងមានសារៈសំខាន់ ក្នុងការធ្វើឱ្យដំណើរចាកចេញនេះ មានភាពរលូន និងជួយពន្លឿនការសម្រេចបាននូវ SDGsរបស់កម្ពុជា និងបំពេញបន្ថែមដំណាក់កាលបន្ទាប់ នៃក្របខ័ណ្ឌផែនការអភិវឌ្ឍន៍របស់កម្ពុជា ពោលគឺផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិ ឆ្នាំ២០២៤-២០២៨។

លោកបន្តថា អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាអនុវត្តផែនការសកម្មភាពទីក្រុងដូហា ដោយភ្ជាប់ខ្លួននឹងការវិនិយោគលើវិស័យសុខាភិបាល ការអប់រំ ប្រព័ន្ធគាំពារសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យមានលក្ខណៈប្រសើរឡើង រួមបញ្ចូល ភាពធន់ និងនិរន្តរភាព ជំរុញសេដ្ឋកិច្ចបៃតង និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់អំពីតម្រូវការ ក្នុងការពង្រីកប្រភពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍដោយវិធីពង្រីកដៃគូពាណិជ្ជកម្មកម្ពុជា បើកបណ្តាញសហប្រតិបត្តិការថ្មី ការស្វែងរកឧបករណ៍ហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិត និងការពង្រឹងយន្តការហិរញ្ញប្បទានបៃតង។

លោក ប៉ាន សូរស័ក្តិ បានលើកយកផែនការសកម្មភាពជាគន្លឹះទាំង៦ នៃ DPoA ដែលមានដូចជា ទី១ ការវិនិយោគលើមនុស្សក្នុងប្រទេស LDCs ទី២ ការប្រើប្រាស់វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទប់ទល់នឹងភាពទន់ខ្សោយ និងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទី៣ គាំទ្រការកែទម្រង់ស្ថាប័នឱ្យក្លាយជាចលករនៃភាពចម្រើនរុងរឿង ទី៤ លើកម្ពស់ពាណិជ្ជកម្មអន្តរជាតិនៃប្រទេស LDCs និងសមាហរណកម្មតំបន់ ទី៥ ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន និងផលប៉ះពាល់នៃកូវីដ១៩ ព្រមទាំងការកសាងភាពធន់នឹងវិបត្តិនានា និងទី៦ ពង្រឹងសាមគ្គីភាពអន្ដរជាតិ និងភាពជាដៃគូពិភពលោក។

លោកប៉ាន សូរស័ក្តិបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាសូមកោតសរសើរចំពោះការគាំទ្រពីម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ការសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់ នៃការចាកចាញពីប្រទេសពី LDC ហើយទន្ទឹមនឹងនោះ កម្ពុជាសូមអញ្ជើញសហគមន៍អន្តរជាតិឱ្យគាំទ្រ និងពន្លឿនវឌ្ឍនភាពនៃ SDGs ដែលស្នើឡើងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាជួយជំរុញឱ្យប្រទេស LDCs ចាកចេញពីចំណាត់ថ្នាក់ LDCs ប្រកបដោយជោគជ័យ និងការអភិវឌ្ឍប្រកបដោយនិរន្ដរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here