ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុនលក់រាយ និងអភិវឌ្ឍន៍អចលនទ្រព្យ Central Pattana Plc (CPN) គ្រោងបង្កើតគម្រោងប្រើប្រាស់ចម្រុះដ៏ធំចំនួន៤បន្ថែមទៀតក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខ តាមរយៈការបណ្តាក់ទុនរួមគ្នា និងតាមរយៈការវិនិយោគផ្ទាល់របស់ខ្លួន។
លោកស្រី Wallaya Chirathivat ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានមានប្រសាសន៍ថា គម្រោងទាំង៤នឹងត្រូវបានអភិវឌ្ឍលើផ្ទៃដីដែលមានទំហំយ៉ាងតិច៤ហិកតាក្នុងមួយគម្រោង។
គម្រោងនីមួយៗនឹងមានទំហំផ្ទៃសរុបនៃអចលនទ្រព្យទាំងមូលជាង៣៥០.០០០ម៉ែត្រការ៉េ និងថវិកាវិនិយោគជាង២០ពាន់លានបាត(ប្រហែល៥៦៩,៧លានដុល្លារ) ពោលគឺគម្រោងទាំង៤នោះមានតម្លៃសរុប៨០ពាន់លានបាត(២,២៨ពាន់លានដុល្លារ)។
ក្រុមហ៊ុននេះកាន់កាប់ដីសម្រាប់អភិវឌ្ឍគម្រោងប្រើប្រាស់ចម្រុះរបស់ខ្លួននៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញ ដោយរំពឹងថានឹងប្រកាសគម្រោងមួយ ឬពីរនៅឆ្នាំនេះ រួមទាំងគម្រោងមួយទៀតនៅ Magic Land លើផ្លូវ Phahon Yothinផងដែរ ។
លោកស្រី Wallaya បានអះអាងថា “គម្រោងទាំងនេះអាចមានសក្តានុពលក្នុងការលើកកំពស់ទីក្រុងបាងកក ទៅជាទីក្រុងលំដាប់ថ្នាក់ពិភពលោក ស្របជាមួយនឹងទីក្រុងធំៗដូចជា ញូវយ៉ក តូក្យូ និងសេអ៊ូល”។
ក្នុងចំណោមគម្រោងប្រើប្រាស់ចម្រុះខ្នាតធំថ្មីចំនួន៤នោះ ដែលគ្រោងនឹងអភិវឌ្ឍនាពេលអនាគត ក្នុងនោះគម្រោងចំនួន៣ នឹងត្រូវធ្វើឡើងតាមរយៈការបណ្តាក់ទុនរួមគ្នា ហើយគម្រោងមួយទៀតនឹងត្រូវបានអភិវឌ្ឍតែតាមរយៈការវិនិយោគផ្ទាល់របស់ក្រុមហ៊ុនប៉ុណ្ណោះ។
លោក Naparat Sriwanvit អនុប្រធានប្រតិបត្តិជាន់ខ្ពស់ និងជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន CPN បានអះអាងថា នៅឆ្នាំនេះ ក្រុមហ៊ុននឹងបែងចែកប្រាក់ចន្លោះពី២៣ទៅ៣៥ពាន់លានបាត ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ដោយថវិកា៧០ភាគរយគ្រោងសម្រាប់គម្រោងលក់រាយក្នុងស្រុក និងការប្រើប្រាស់ចម្រុះ។
លោក Chanavat Uahwatanasakul ប្រធានផ្នែកអភិវឌ្ឍន៍ និងពាណិជ្ជកម្មរបស់ក្រុមហ៊ុនបានមានប្រសាសន៍ថា “សម្រាប់អាជីវកម្មលក់រាយ ក្រុមហ៊ុននឹងចំណាយប្រាក់៤,៥ពាន់លានបាត ដើម្បីអភិវឌ្ឍគម្រោង Central Krabi ដែលគ្រោងនឹងបើកនៅត្រីមាសទី៤ ឆ្នាំ២០២៤”។

គម្រោង Krabi នេះនឹងត្រូវបានបង្កើតឡើងក្រោមគោលគំនិត “New Gateway to Southern Paradise” ដែលរួមមានផ្សារទំនើប គម្រោងលំនៅដ្ឋាន និងសណ្ឋាគារ។
ក្រុមហ៊ុន CPN ក៏គ្រោងកែលម្អគម្រោង Nawamin City Avenue ដែលមានស្រាប់របស់ខ្លួន ហើយនឹងជួសជុលផ្សារទំនើបចំនួន៤ផ្សេងទៀតនៅក្នុងឆ្នាំនេះ ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍កាន់តែប្រសើរឡើង។
ទាក់ទងនឹងគម្រោងលំនៅដ្ឋាន លោក Kree Dejchai ប្រធានផ្នែកអាជីវកម្មលំនៅដ្ឋានបានមានប្រសាសន៍ថា គម្រោងថ្មីចំនួន៧ ដែលមានតម្លៃជាង៩ពាន់លានបាតនឹងត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំនេះ រួមទាំងខុនដូ Ecent ថ្មីចំនួន៣ និងគម្រោងលំនៅដ្ឋានចំនួន៤។