គម្រោងធំ៣ត្រូវបានរដ្ឋាភិបាលគ្រោងចំណាយជិត៧០០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍នៅឆ្នាំនេះ និងឆ្នាំក្រោយ

0

ដោយ: វឌ្ឍនៈ

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំ៣នៅក្នុងប្រទេសកម្ពុជា គ្រោងនឹងចាប់ផ្ដើមអភិវឌ្ឍន៍នៅឆ្នាំនេះ និងឆ្នាំ ក្រោយ ហើយគម្រោងធំបីនេះ គ្រោងនឹងចំណាយថវិកាប្រមាណជិត៧០០លានដុល្លារអាមេរិក ។

តាមរយៈគម្រោងធំៗទាំងបីនេះ នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះមួយកម្រិតទៀត ពីព្រោះគម្រោងទាំង៣នឹងជួយបម្រើដល់ចរន្តសេដ្ឋកិច្ច ការដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ទាំងនោះ ។

គម្រោងអាទិភាពទី១ គ្រោងនឹងបើកការដ្ឋានសាងសង់ដំណាលគ្នានឹងផ្លូវល្បឿនលឿនភ្នំពេញ បាវិត នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ។ គម្រោងនេះ គឺស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ទៅស្រុកល្វាឯមខេត្តកណ្ដាលគ្រោងនឹងចំណាយថវិកាប្រមាណ២០០លានដុល្លារអាមេរិកសម្រាប់តភ្ជាប់ជាមួយនឹងផ្លូវល្បឿនលឿនភ្នំពេញ បាវិត ហើយគម្រោងនេះក៏នឹងត្រូវបញ្ចប់ដំណាលគ្នានឹងផ្លូវល្បឿនលឿនភ្នំពេញ បាវិតផងដែរ ។ថវិកាសម្រាប់សាងសង់ស្ពានមួយនេះគឺជាថវិការបស់រដ្ឋទាំងស្រុង ។

គម្រោងអាទិភាពទី២ គឺស្ពាន ឆ្លងទន្លេពីភ្នំពេញ ទៅក្រុងអរិយក្សត្រ ដែលគម្រោងនេះត្រូវបានរាជរដ្ឋាភិបាលចុះហត្ថលេខាជាមួយភាគីកូរ៉េរួចហើយ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ២៤៥លានដុល្លារអាមេរិក ។ គម្រោងនេះក៏គ្រោងនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ ២០២៣ ឬដើមឆ្នាំ ២០២៤ខាងមុខ ដែលវានឹងបម្រើដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតំបន់ក្រុងអរិយក្សត្រ និងប្រជាពលរដ្ឋនៅប៉ែកខាងកើតភ្នំពេញផងដែរ ។

គម្រោងមួយទៀតដែលចាត់ទុកជាគម្រោងធំមួយរបស់រដ្ឋាភិបាលកម្ពុជានោះ គឺគម្រោងសាងសង់ផ្លូវលេខ៥០C តភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ មានប្រវែង ជាង៥០គីឡូម៉ែត្រ ។ គម្រោងនេះត្រូវបានសិក្សាចប់សព្វគ្រប់ហើយ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ២៥០លានដុល្លារអាមេរិក និងកំពុងស្វែងរកថវិកាសម្រាប់ដំណើរការ ។ យ៉ាងណារដ្ឋាភិបាលបានដាក់ផែនការត្រូវរកថវិកាឱ្យបាននៅក្នុងឆ្នាំ ២០២៤ ដើម្បីបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំក្រោយនេះ ។គម្រោងនេះដែរនឹងត្រូវសង់ស្ពានមួយប្រវែងជាង៣គីឡូម៉ែត្រដែលចាត់ទុកជាស្ពានវែងជាងគេនៅក្នុងប្រទេសកម្ពុជា ។

តាមរយៈគម្រោងធំៗដែលរដ្ឋាភិបាលគ្រោងអភិវឌ្ឍន៍នេះ រំពឹងថានឹងជំរុញឱ្យមានការវិនិយោគលើអចលនទ្រព្យនិងដីធ្លីនៅតំបន់ទាំងនោះបានមួយកម្រិតទៀតផងដែរ ជាក់ស្ដែងគម្រោងស្ពានពីភ្នំពេញ ទៅក្រុងអរិយក្សត្រ បានជំរុញឱ្យតម្លៃដីធ្លីនៅក្រុងអរិយក្សត្រហក់ឡើងមួយកម្រិតទៀត ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនាពេលនេះមិនទាន់ប្រាកដប្រជាក្ដី ។

ម្យ៉ាងវិញទៀត បើតាមអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនបានបង្ហាញ ក្រោយពីរដ្ឋាភិបាលបានបង្ហាញពីផែនការអភិវឌ្ឍស្ពានតភ្ជាប់ភ្នំពេញ ក្រុងអរិយក្សត្រមកឃើញថាអ្នកអភិវឌ្ឍន៍ជាច្រើនបានចាប់ផ្ដើមចូលទៅកាន់តំបន់អរិយក្សត្រដើម្បីនិងត្រៀមអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅឋាន ដោយរំពឹងថាប្រជាពលរដ្ឋកាន់តែច្រើនទៅរស់នៅក្រុងថ្មីនៃតំបន់អរិយក្សត្រ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here