រដ្ឋាភិបាលម៉ាឡេសុីគ្រោងបើកដំណើរការគម្រោងរថភ្លើងល្បឿនលឿនតម្លៃ១៥ពាន់លានដុល្លារ តភ្ជាប់ពីទីក្រុងគូឡាឡាំពួទៅកាន់សិង្ហបុរីឡើងវិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីម៉ាឡេសុីលោក Anwar Ibrahim បានមានប្រសាសន៍ថា ឥឡូវនេះ រដ្ឋាភិបាលបើកចំហចំពោះរាល់សំណើនានាពីក្រុមហ៊ុនទាំងអស់ ដែលជាសញ្ញាថា ម៉ាឡេស៊ីចង់ពិនិត្យមើលឡើងវិញនូវគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ទីក្រុងគូឡាឡាំពួ និងទីក្រុងសិង្ហបុរី។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Anthony Loke បានអះអាងថា “ខណៈរដ្ឋាភិបាលមិនទាន់សម្រេចចិត្តក្នុងការស្តារគម្រោងនេះឡើងវិញនៅឡើយនោះ រដ្ឋាភិបាលក៏មិនទាន់មានចេតនាទាត់ចោលគម្រោងនេះនៅឡើយដែរ”។

លោក Loke បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសន្និសីទ Invest Malaysia ថា “លោកនាយករដ្ឋមន្ត្រីបានផ្តល់ការណែនាំដល់ខ្ញុំថា យើងអាចពិភាក្សាអំពីវា ហើយយើងអាចបើកចំហចំពោះរាល់សំណើពីវិស័យឯកជន ដរាបណាវាមិនត្រូវបានផ្តល់មូលនិធិពីរដ្ឋាភិបាល”។

លោកបានធ្វើការពន្យល់ថា “ទោះបីជារដ្ឋាភិបាលមិនទាន់ទទួលបានសំណើជាក់លាក់យ៉ាងណាក្តី ក៏ប៉ុន្តែភាគីជាច្រើនមានបំណងបន្តគម្រោងនេះ”។

លោកបានបន្ថែមថា “យើងមិនមានពេលវេលាកំណត់ទេ ដោយសារតែកិច្ចព្រមព្រៀងទ្វេរភាគីរវាងម៉ាឡេស៊ី និងសិង្ហបុរីត្រូវបានលុបចោលដោយរដ្ឋាភិបាលចាស់ក្រោមអាណត្តិលោកនាយករដ្ឋមន្ត្រី Muhyiddin Yassin”។

លោកបានបញ្ជាក់ថា “វាមិនមានភាពបន្ទាន់ក្នុងការឈានទៅដល់ដំណាក់កាលសំខាន់ណាមួយទេ ហើយឥឡូវនេះយើងបើកចំហចំពោះយន្តការរបៀបផ្តល់មូលនិធិថ្មីពេញលេញ និងគំរូនៃការអនុវត្ត”។

គម្រោងរថភ្លើងល្បឿនលឿនដែលមានតម្លៃរាប់ពាន់លានដុល្លារនេះត្រូវបានស្នើឡើងក្នុងឆ្នាំ២០១៣ នៅក្រោមអាណត្តិលោកនាយករដ្ឋមន្ត្រី Najib Razak ដែលមានគោលបំណងគ្របដណ្តប់ចម្ងាយ៣៥០គីឡូម៉ែត្ររវាងទីក្រុងគូឡាឡាំពួ និងទីក្រុងសិង្ហបុរីនៅក្នុងរយៈពេលតិចជាង៩០នាទី។

ការចំណាយរបស់គម្រោងនេះត្រូវបានគេប៉ាន់ស្មានថាមានចំនួន៦៨ពាន់លានរីងហ្គីត(ប្រហែល១៥ពាន់លានដុល្លារអាមេរិក)។

នៅពេលដែលលោក Mahathir Mohamad បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេសុី លោកបានស្នើសុំឱ្យផ្អាកគម្រោងនេះ រួមជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនទៀត ដែលជាផ្នែកមួយនៃវិធានការរឹតបន្តឹង ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលនៅពេលនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here