លោកច្រឹក សុខនីមបង្ហាញពីវិធីសាស្រ្ត និងទីតាំងដីដែលគួរវិនិយោគ

0

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ ជាអតីតៈប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនលវត្ថុកម្ពុជា លោកអគ្គនាយកក្រុមហ៊ុនCentury21 Mekong លោកច្រឹក សុខនីមបានចែករំលែកវិធីសាស្រ្តមួយចំនួន ទាក់ទងការវិនិយោគដីធ្លី។

លោកបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា អ្នកវិនិយោគដីធ្លី ឬប្រជាពលរដ្ឋអាចសាកសួរ ពីផែនការអភិវឌ្ឍរបស់ក្រុង ឬខេត្តបាន តាមរយៈការស្នើសុំទៅកាន់មន្ទីរសុរិយោដី ឬក៏សាលារាជធានីខេត្តក៏បាន ឬក៏តាមវិធីសាស្ត្រណា ដែលបងប្អូនអាចមានឱកាស ក្នុងការចាប់យក ដើម្បីរកប្រាក់ចំណេញពីការវិនិយោគដីធ្លីបានឆាប់ៗ ។​

លោកសុខនីមបានបន្តថា “ការវិនិយោគដីធ្លី មិនគួររកទីតាំងដែលមានការអភិវឌ្ឍរួចហើយនោះទេ ដូចជានៅកណ្ដាលក្រុង ទីប្រជុំជន ពីព្រោះឱកាសនៃការឡើងថ្លៃដីធ្លីមានកម្រិតទាប ខុសពីតំបន់ដែលនៅឆ្ងាយពីក្រុង ឬទីប្រជុំដូចជាតំបន់ជាយក្រុង ឬតំបន់មិនទាន់មានការអភិវឌ្ឍខ្លាំងដូចនៅកណ្ដាល”។

លោកបន្តថា ក្នុងប្រទេសកម្ពុជាមានអ្នកជោគជ័យជាច្រើន ពីវិស័យអចលនទ្រព្យ ជាពិសេសនោះ គឺពីវិស័យដីធ្លីនេះតែម្ដង ដោយពួកគេចេះចាប់ឱកាសក្នុងការវិនិយោគដីធ្លី ដោយភាគច្រើនមើលឃើញថា ពួកគាត់បានស្វែងរកទិញដីនៅតំបន់មិនទាន់អភិវឌ្ឍ ហើយទុករយៈពេលណាមួយ ដែលដីនោះឡើងថ្លៃខ្ពស់ពួកគាត់លក់យកចំណេញ ហើយយកប្រាក់ចំណេញនោះ ទៅវិនិយោគនៅតំបន់ណា ដែលមិនទាន់មានការអភិវឌ្ឍ ដោយរង់ចាំឱ្យមានការអភិវឌ្ឍទើបលក់ជាបន្តបន្ទាប់។

ទីតាំងគួរវិនិយោគ

លោកច្រឹក សុខនីមបានបន្តថា នៅតាមតំបន់ជាយរាជធានីភ្នំពេញទំាងមូល កំពុងតែមានការរីកចម្រើនខ្លាំង លើវិស័យអចលនទ្រព្យ ជាពិសេសដីធ្លី តែនាពេលបច្ចុប្បន្នសន្ទុះនៃការរីកចម្រើនខ្លាំង គឺនៅតាមបណ្តោយផ្លូវជាតិលេខ១ ដោយរីចម្រើនតាមបែបធម្មជា​តិ ព្រោះតំបន់នោះមានការអភិវឌ្ឍលំនៅដ្ឋាន មានលក្ខណៈយូអង្វែង បន្ទាប់មកតំបន់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក៏កំពុងមានការរីកចម្រើនខ្លាំងណាស់ដែរ និងតំបន់ងាកទៅជាយបន្តិច​គឺនៅតំបន់ភ្នំប្រសិទ្ឋ ដោយសារតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធល្អ  ហើយប្រជាពលរដ្ឋនៅទីនោះ កំពុងទទួលបាលផលចំណេញពីការលក់ដីធ្លី។

លោកបន្តថា “តំបន់ជាយក្រុងនាពេលបច្ចុប្បន្ននេះ កំពុងមានការអភិវឌ្ឍន៍ទាំងហេដ្ឋាចរនាសម្ព័ន្ធ និងអគារផ្សេងៗ ដោយគ្រាន់តែទុកពេលមួយរយៈពេលខ្លីប៉ុណ្ណោះ”។

លោកច្រឹក សុខនីមបានលើកជាឧទាហរណ៍ថា តំបន់ក្រាំងធ្នង់នេះ សែនសុខ នឹងក្លាយទៅជាតំបន់រីកចម្រើនខ្លំាង ដូចតំបន់ភ្នំពេញថ្មីដូច្នេះដែរ ដែលកាលពីមុនតំបន់នេះគ្មានការរីកចម្រើន មានតែដីស្រែ តែនាពេលបច្ចុប្បន្នតំបន់នេះ មានការរីកចម្រើនខ្លាំងដែលមិននឹកស្មានដល់។

លោកបានព្យាករណ៍ថា តំបន់ជាយក្រុងភ្នំពេញទាំង៤ទិស ក្នុងរយៈពេល៥ទៅ ១០​ខាងមុខទៀត នឹងមានការរីកចម្រើនខ្លាំង ហើយវាជាឱកាសសម្រាប់អ្នកចង់ទិញដីវិនិយោគ ដើម្បីទទួលបានផលចំណេញច្រើន ព្រោះការរីចម្រើនក្នុងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា គឺការរីកចម្រើនប្រកបដោយភាពជឿជាក់ និងប្រកបដោ​យចីរភាព។

ជាមួយគ្នានេះ លោកក៏បានណែនាំលើបណ្តាផ្លូវជាតិសំខាន់ៗ ដូចជា ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ ផ្លួវលេខ៤៤ ខេត្តមណ្ឌ​លគិរី កំពត កែប និងបណ្តាខេត្តមានសក្តានុពលសេដ្ខកិច្ចជាច្រើនទៀត សុទ្ឋតែមានឱកាសទាញយកផល ចំណេញពីដីធ្លីនាពេលអនាគតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here