ក្រុមមន្រ្តីពិនិត្យនិងវាយតម្លៃលើការអនុវត្តន៍ការងារផ្លូវល្បឿនលឿន

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុ​មមន្រ្តីបានបើកកិច្ចប្រជុំគ្រប់គ្រង និងវាយតម្លៃការអនុវត្តការងារផ្លូវល្បឿនលឿន ក្រោមគណៈកម្មាធិការសម្រាប់គ្រប់​គ្រងកិច្ចព្រមព្រាងសម្បទាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីគ្រប់គ្រង និងជំរុញការបម្រើសេវាផ្លូវល្បឿលឿនឱ្យកាន់តែល្អប្រសើរ។

លោកសួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំជាសហប្រធាន លើកិច្ចប្រជុំគណ:កម្មាធិការក្របខណ្ឌ សម្រាប់កិច្ចព្រមព្រៀងសម្បទាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ឋ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីគ្រប់គ្រងប្រតិបត្តិការ និងដំណើរការរបស់គម្រោងឱ្យប្រព្រឹត្តទៅដោយរលូន ក៏ដូចជាជួយសម្រួលដល់វិនិយោគិនទាំងផ្នែកហរិញ្ញវត្ថុ និងផ្នែកបច្ចេកទេស។ ក្នុងនោះអង្គប្រជុំបានពិភាក្សាលើការកំណត់តួនាទី គណៈកម្មាធិការក្នុងការងារផ្លូវល្បឿនលឿន ការគ្រប់គ្រង និងការតភ្ជាប់ទិន្នន័យចំណូលនៃការប្រើប្រស់ផ្លូវល្បឿនលឿន តាមរយៈអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងលើកឡើងអំពីបញ្ហាមួយចំនួន ដូចជា បញ្ហាដែលកើតមានលើផ្លូវល្បឿនលឿន និងការកោះប្រជុំគណៈកម្មាធិការក្នុងការដោះស្រាយបញ្ហា និងផលប៉ះពាល់ នៃការបញ្ចុះតម្លៃនៃការប្រើប្រាស់លើផ្លូវល្បឿនលឿន។

ជាលទ្ធផលនៃអង្គប្រជុំ លោករដ្ឋលេខាធិការសហប្រធានអង្គប្រជុំ បានឯកភាពគ្នាថា កិច្ចប្រជុំគណៈកម្មាការនេះត្រូវធ្វើឡើងរយៈពេលមួយត្រីមាសម្ដង ប៉ុន្ដែប្រសិនមានបញ្ហាបន្ទាន់ចាំបាច់ អាចប្រជុំទៅតាមតម្រូវការជាក់ស្ដែង។

លើសពីនេះ ពាក់ព័ន្ធទៅនឹងឯកសារមួយចំនួន ដែលស្នើសុំដោយភាគីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងត្រូវផ្ញើជូនតាមការស្នើសុំ។

បន្ថែមពីលើនេះ លោកសួង ហេងរដ្ឋលេខាធិការសហប្រធានអង្គប្រជុំក៏បានចូលរួមយោបល់ថា លេខាធិការដ្ឋាន ត្រូវធ្វើរបាយការណ៍មកកាន់គណៈកម្មាធិការ អំពីបញ្ហាកើតឡើងណាមួយ។ ចំពោះបញ្ហាដែលលេខាធិការដ្ឋាន មិនអាចដោះស្រាយបាន អាចរាយការណ៍មកកាន់គណៈកម្មាធិការផ្ទាល់តែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here