ដោយ: គង់ លាងហួរ
ភ្នំពេញ: ប្រទេសកម្ពុជាបានចាត់ទុកឆ្នាំ២០២៣នេះ ជាឆ្នាំដ៏សំខាន់មួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើន។
បន្ទាប់ពីរងផលប៉ះពាល់ដ៏អាក្រក់ នៃវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២៣នេះ គួរតែជួយដល់កម្ពុជា ក្នុងការជំនះវិបត្តិ ដែលបានហ៊ុមព័ទ្ធវិស័យទេសចរណ៍ ខណៈវិស័យនេះត្រូវបានចាត់ទុកថា ជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំង៤ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចរបស់កម្ពុជា។
ឧស្សាហកម្មទេសចរណ៍របស់ប្រទេសកម្ពុជា ទទួលបានប្រាក់ចំណូលសរុបចំនួន១,៤១ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលនេះជាសូចនាករវិជ្ជមាន សម្រាប់វិស័យនេះរួចទៅហើយ ពោលគឺកើនឡើងរហូតដល់ទៅ៦៦៩ភាគរយ បើធៀបនឹងឆ្នាំ២០២១។
ស្ថានភាពអាចមានភាពប្រសើរឡើងខ្លាំង នៅឆ្នាំ២០២៣នេះ ដោយសារចំនួនជើងហោះហើរអន្តរជាតិ ជាពិសេសពីប្រទេសចិន ដែលជាទីផ្សារដ៏សំខាន់ សម្រាប់ទេសចរណ៍កម្ពុជា បានចាប់ផ្តើមកើនឡើង បន្ទាប់ពីទីក្រុងប៉េកាំង បានបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរ។
យោងតាមការប៉ាន់ប្រមាណរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន២,២៨លាននាក់ក្នុងឆ្នាំ២០២២ កើនឡើង១.០៥៨ភាគរយ បើធៀបនឹងឆ្នាំ២០២១។ លើសពីនេះ ឧស្សាហកម្មទេសចរណ៍បានបង្កើតបាន៣,៦ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់កម្ពុជាកាលពីឆ្នាំ២០២២។

ជាមួយនឹងអនាគតដ៏ភ្លឺស្វាងខាងមុខ ប្រទេសកម្ពុជាត្រូវបានគេព្យាករណ៍ថា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បានចំនួន៤លាននាក់នៅឆ្នាំ២០២៣នេះ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានដកស្រង់សម្តីនៅក្នុងរបាយការណ៍មួយថា “ឆ្នាំនេះយើងសង្ឃឹមថា កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរចិន បានចន្លោះពី៨០០.០០០ ទៅដល់១លាននាក់”។
ម្យ៉ាងវិញទៀត ប្រទេសកម្ពុជាបានស្វាគមន៍ ភ្ញៀវទេសចរអន្តរជាតិចំនួន៦,៦១លាននាក់ ក្នុងឆ្នាំ២០១៩ ដែលផ្តល់ប្រាក់ចំណូលសរុបចំនួន៤,៩២ពាន់លានដុល្លារ។
ជាមួយនឹងសកម្មភាពដ៏សុទិដ្ឋិនិយមនានា រដ្ឋាភិបាលរំពឹងថា កម្ពុជា នឹងអចឈានដល់កម្រិតទេសចរណ៍ឆ្នាំ២០១៩ ក្នុងរយៈពេលពីរបីឆ្នាំទៀត៕