តើវានឹងជាភាគលាភប្រជាសាស្រ្ត ឬគ្រោះមហន្តរាយ ខណៈប្រជាជនឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន?

0

ដោយ: គង់ លាងហួរ

សិង្ហបុរី: អង្គការសហប្រជាជាតិបានព្យាករណ៍ថា ឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន ជាប្រទេសដែលមានប្រជាជនច្រើនជាងគេ លើពិភពលោក នាពេលណាមួយនៅឆ្នាំ២០២៣នេះ។

វាមិនគួរឱ្យភ្ញាក់ផ្អើលទេ ប្រសិនបើព្រឹត្តិការណ៍ដ៏សំខាន់នេះប្រហែលជាបានកើតឡើងរួចទៅហើយនោះ។

ជំរឿនប្រជាជនឥណ្ឌាត្រូវបានពន្យារពេល នៅឆ្នាំ២០២១ ដោយសារជំងឺរាតត្បាត។  ប្រជាជនឥណ្ឌា ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន១,៤១៧ពាន់លាននាក់ នៅដំណាច់ឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់ UN World Population Prospects។

ទោះបីជាយ៉ាងណាក្តី នៅក្នុងខែមករា ប្រទេសចិនបានរាយការណ៍ពីការធ្លាក់ចុះចំនួនប្រជាជន ជាលើកដំបូងក្នុងរយៈពេល៦ទសវត្សរ៍ ដែលមានចំនួន១,៤១២ពាន់លាននាក់ នៅចុងឆ្នាំ២០២២។

ទោះបីជាអត្រាកំណើនប្រជាជន របស់ប្រទេសឥណ្ឌាក៏មាននិន្នាការធ្លាក់ចុះ ប៉ុន្តែវាត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងក្នុង       រយៈពេល៣០ឆ្នាំខាងមុខ ជាមួយនឹងសក្តានុពលចំនួន១,៦៦៨ពាន់លាននាក់នៅឆ្នាំ២០៥០។ ចំណែកប្រទេសដែលមានប្រជាជនច្រើនបំផុតទាំង២ បន្ទាប់ពីប្រទេសឥណ្ឌាគឺ ចិន និងសហរដ្ឋអាមេរិក។

អព្ភូតហេតុសេដ្ឋកិច្ចរបស់ឥណ្ឌា?

ចំនួនដ៏ច្រើន និងកំពុងកើនឡើងនៃបុគ្គល ដែលមានអាយុធ្វើការដំបូង នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា។

ឥណ្ឌា​នឹង​ត្រូវ​ការ​វិនិយោគ​ប្រហាក់ប្រហែលគ្នា នឹងប្រទេសចិនដើម្បី​ធានា​បាន​ការងារ ​សម្រាប់​ប្រជាជន​វ័យ​ក្មេង​របស់​ខ្លួន។

យោងតាមការប៉ាន់ប្រមាណមួយចំនួនបានឱ្យដឹងថា ឥណ្ឌានឹងត្រូវបង្កើតការងារថ្មីៗ ចំនួនជាង១៤០លានកន្លែងនៅឆ្នាំ២០៣០។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi បានប្រកាសថា ខ្លួននឹងចំណាយប្រាក់ចំនួន១២២,៣ពាន់លានដុល្លារអាមេរិក លើការចំណាយមូលធនក្នុងឆ្នាំសារពើពន្ធ២០២៣។

ការចំណាយបែបនេះ នឹងត្រូវចំណាយលើការអភិវឌ្ឍន៍ផ្លូវថ្នល់ សាលារៀន និងឧស្សាហកម្ម ដែលត្រូវបានកំណត់គោលដៅជាចម្បងលើការបង្កើតការងារ។

លើសពីជំនាញទាប និងការងារធ្វើដោយដៃ

គន្លង “កំណែទម្រង់ និងការបើកទូលាយ”របស់ប្រទេសចិន នឹងខុសពីផ្លូវឆ្ពោះទៅមុខរបស់ឥណ្ឌា គឺនៅក្នុងប្រភេទនៃជំនាញ និងកា​រងារដែលត្រូវការនាពេលបច្ចុប្បន្ននេះ។  ប្រទេសឥណ្ឌាត្រូវតែមើលទៅលើសពីការបង្កើតការងារ ដែលមានជំនាញទាប និងការងារដោយដៃ។

វិស័យ​ផលិត ​កំពុង​ឆ្លងកាត់ការ​ផ្លាស់ប្តូរបច្ចេកវិទ្យា និង​ឌីជីថល​យ៉ាង​ឆាប់​រហ័ស។  កម្មករជំនាន់ថ្មី នឹងត្រូវការជំនាញចាំបាច់សម្រាប់ពិភពលោក ដែលនឹងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល មនុស្សយន្ត និងបញ្ញាសិប្បនិម្មិតកាន់តែខ្លាំងឡើង។

ដើម្បីឱ្យប្រាកដ ប្រទេសឥណ្ឌាបានវិនិយោគយ៉ាងច្រើន ក្នុងការពង្រីកការតភ្ជាប់ឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ទោះជាយ៉ាងណាក្តី ប្រទេសឥណ្ឌាចាំបាច់ ត្រូវធ្វើការបន្ថែមទៀត ដើម្បីធានាថា និស្សិតបញ្ចប់ការសិក្សាមួយចំនួនធំ នៅឆ្នាំខាងមុខ ដែលមានជំនាញអាចមានការងារធ្វើ នៅក្នុងសេដ្ឋកិច្ចនាពេលអនាគត។

ឱកាសក្នុងការផ្លាស់ប្តូរអាកាសធាតុភូមិសាស្ត្រនយោបាយ

បរិបទភូមិសាស្ត្រនយោបាយ ដែលឥណ្ឌាបានលេចចេញជាប្រទេសមានប្រជាជនច្រើនជាងគេ ក៏មានភាពខុសៗគ្នាផងដែរ។  ចំពេលមានភាពតានតឹងរវាងអាមេរិក និងចិនកើនឡើង ក្រុមហ៊ុនផលិតនានា កំពុងពិចារណាកាន់តែខ្លាំងឡើង នូវយុទ្ធសាស្ត្រ“China Plus One”។

ក្រុមហ៊ុនផលិតកម្មធំៗជាច្រើន កំពុងពិចារណាលើការធ្វើពិពិធកម្មផលិតកម្មរបស់ពួកគេចេញពីប្រទេសចិន តាមរយៈការបង្កើតរោងចក្រនៅក្នុងប្រទេសផ្សេងទៀតផងដែរ។

ជាមួយនឹងចំនួនប្រជាជនធ្វើការដ៏ច្រើន សន្ធឹកសន្ធាប់របស់ខ្លួន ឥណ្ឌាអាចក្រោកឈរ ដើម្បីទទួលបានអត្ថប្រយោជន៍ ពីបញ្ហាពិពិធកម្មនេះ ហើយធ្វើឱ្យប្រទេសនេះ ក្លាយជាមជ្ឈមណ្ឌលផលិតកម្ម និងបច្ចេកវិទ្យាដ៏ធំសំខាន់មួយផងដែរ។

ជាឧទាហរណ៍ ថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួនកំពុងពង្រីកផែនការ ក្នុងការផលិតនូវផលិតផល នៅក្នុងប្រទេសឥណ្ឌា។  កាលពីមុន Apple ផលិតតែទូរស័ព្ទតម្លៃទាបរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាតែប៉ុណ្ណោះ ខណៈពេលដែលប្រទេសចិនបានគ្រប់​គ្រងការផលិត នូវផលិតផលភាគច្រើន របស់ក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ។

ទោះជាយ៉ាងនេះក្តី បច្ចុប្បន្ននេះ ក្រុមហ៊ុន Apple កំពុងផលិតទូរស័ព្ទទំនើបថ្មីបំផុតចុងក្រោយ និងកម្រិតខ្ពស់របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា។

លើសពីនេះទៀត ក្រុមហ៊ុនផលិតជាច្រើនផ្សេងទៀត រួមទាំងក្រុមហ៊ុន Samsung និងម៉ាកយីហោចិនដូចជា Haier ក៏បានបង្កើតរោងចក្រផលិតកម្មរបស់ពួកគេ នៅក្នុងប្រទេសឥណ្ឌាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here