ដោយៈ គង់ លាងហួរ
ភ្នំពេញៈ គម្រោងកោះទេពនិម្មិត គឺជាគម្រោងមួយដែលគិតគូរយ៉ាងគត់មត់បំផុត ជាមួយនឹងធម្មជាតិបៃតង ផ្សារភ្ជាប់នឹងប្រភពទឹកដ៏មានសារៈសំខាន់នៅជុំវិញគម្រោងទាំងមូល។
លើសពីនេះទៅទៀត កោះទេពនិម្មិត បានរចនាដោយយករចនាបថខ្មែរ ប្រកបដោយសោភ័ណភាពយ៉ាងប្រណីតបំផុត មកបើប្រាស់ជាគោល ដើម្បីនឹងបានញ៉ាំងឱ្យជិវិត នៃការរស់នៅក្នុងទីនេះនឹងរឹតតែមានផាសុខភាព ភាពស្រស់បំព្រង ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធិជាមួយប្រពៃណី ទំនៀមទម្លាប់ តាមរយៈសំណង់ស្ថាបត្យកម្មផ្ទះខ្មែរ និងបែបផែននៃការរៀបចំប្រព័ន្ធប្លង់ទិដ្ឋភាពរួមទាំងមូល។
លោកឌិន សុមេធារិទ្ឋប្រធានអភិវឌ្ឍន៍គំរោងភូមិផ្កាត្រកួនបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ទស្សនវិស័យរបស់យើង គឺនឹងនាំអ្នកដែលមកកំសាន្ត ឬស្នាក់នៅទីនេះផ្លាស់ប្តូរនូវបរិយាកាសថ្មី ដែលពោរពេញដោយធម្មជាតិបៃតង ទេសភាពដ៏ស្រស់តកាល និងភាពត្រជាក់ត្រជុំ បានមកពីប្រភពទឹកដែលរត់ខ្វាត់ខ្វែងពាសពេញផ្ទៃភូមិទាំងមូល។
ម៉្យាងវិញទៀត ទំនាក់ទំនងនៃការប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមក រវាងអ្នកភូមិនៅទីនេះ នឹងកាន់តែមានភាពជិតស្និទ្ធ តាមរយៈមធ្យោបាយធ្វើដំណើរ តាមប្រព័ន្ធផ្លូវទឹកដ៏ទាក់ទាញ ដោយយើងអាចជិះទូកកំសាន្តជុំវិញភូមិទាំងមូលបានទៀតផង ។
លោកសុមេធារិទ្ឋបានបន្តថា អ្នកបានមកស្នាក់នៅ ឬកំសាន្ដនៅទីនេះ ប្រៀបដូចជាទទួលបាននូវឱសថទិព្វមួយគ្រាប់ ដែលនឹងមកព្យាបាល ដោយដកយកនូវភាពស្មុគស្មាញ ក្នុងការងារប្រចាំថ្ងៃឱ្យប្រែក្លាយវិជ្ជមានវិញ តាមរយៈលំនៅឋានបែបខ្មែរ ជាមួយនឹងរចនាសម្ព័ន្ធដ៏សំបូរបែបបន្ថែមដូចជា អាងហែលទឹក និងទេសភាពស្រះទឹក នៅខាងក្រោយផ្ទះដ៏អស្ចារ្យទៀតផង។

លោកបន្តថា “លើសពីនេះទៅទៀតយើងបានបំពាក់នូវ ហាងលក់ទំនិញ ហាងកាហ្វេ និងសេវាកម្មជាច្រើនទៀតផងដែរ”។
ទាំងអស់នេះនឹងត្រូវបានសាងសង់ឡើង ដោយប្រើប្រាស់នូវសម្ភារៈសំណង់ប្រកបដោយគុណភាពខ្ពស់ ងាយស្រួលរក និងប្រើរយៈពេលតិចក្នុង ការសាងសង់សមស្របទៅតាម បច្ចេកទេសស្តង់ដាសំណង់ ។
លោកឌិន សុមេធារិទ្ឋ បានពន្យល់ពីមូលហេតុដាក់ឈ្មោះគំរោងនេះថា យើងបានប្រសិទ្ធនាមគម្រោង កោះទេពនិម្មិត នេះថាជា “ព្រៃប្រសិទ្ធ” ដែលជាទីតាំងដ៏ពិសិដ្ឋមួយ ពោរពេញដោយភាពបៃតងផុសត្រដែតឡើង លើទឹក ដីដ៏មានសក្តានុពលនៃខេត្តកណ្តាល៕