គម្រោងខ្សែក្រវ៉ាត់ទី៣ប៉ែកខាងកើតភ្នំពេញ នឹងជំរុញតម្លៃដីធ្លីនៅកោះចំនួនពីរមានសន្ទុះបន្ថែម

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីសប្ដាហ៍មុននេះ បានបង្ហាញពីគម្រោងអភិវឌ្ឍន៍ខ្សែក្រវ៉ាត់ទី៣ នៅប៉ែកខាងកើតរាជធានីភ្នំពេញ ដែលមានតម្លៃប្រមាណ២៤០លានដុល្លារអាមេរិកតភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅតំបន់កោះដាច់ និងតភ្ជាប់ពីកោះដាច់ទៅកោះតាង។

ការអភិវឌ្ឍខ្សែក្រវ៉ាត់ទី៣នេះ នឹងជំរុញឱ្យតម្លៃដីធ្លីនៅតំបន់កោះដាច់ និងកោះតាង មានកំណើនតម្លៃបន្ថែមទៀតនៅពេលអនាគត។

បច្ចុប្បន្នតម្លៃដីធ្លីនៅក្នុងតំបន់កោះដាច់ និងកោះតាងនេះ មានតម្លៃទាបនៅឡើយទេ ក្នុងរង្វង់ក្រោម១០០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ ហើយក្រោយពីរដ្ឋាភិបាល ប្រកាសពីគម្រោងខ្សែក្រវ៉ាត់៣ នឹងជំរុញឱ្យមានការអភិវឌ្ឍ នៅតំបន់នោះបន្ថែមទៀត។នេះបើតាមការព្យាករណ៍របស់អ្នកជំនាញ។

លោកថាន់ ចាន់ណាអគ្គនាយកក្រុមហ៊ុនចាន់ណាលែន បានមានប្រសាសន៍ តាមទូរសព្ទនៅរសៀលថ្ងៃទី១៥ មីនា ២០២៣នេះឱ្យដឹងថា ក្រោយពីរដ្ឋាភិបាលបានបង្ហាញ ពីគម្រោងខ្សែក្រវ៉ាត់ទី៣នៅប៉ែកខាងកើត រាជធានីភ្នំពេញ យើងរំពឹងថាតម្លៃដីធ្លីនៅតំបន់នោះនឹងមានសន្ទុះបន្ថែមទៀត ជាពិសេសតំបន់ដែលរដ្ឋាភិបាល គ្រោងនឹងតភ្ជាប់ស្ពានទៅកាន់ទីនោះផ្ទាល់តែម្ដង។

លោកបន្តថា “ដីធ្លីនៃតំបន់កោះដាច់ និងកោះតាង ថ្វីត្បិតតែវាមានតម្លៃទាបនៅឡើយមែន ប៉ុន្តែដីនៅតំបន់នោះសុទ្ធតែមានឈ្មួញនិងអ្នកអភិវឌ្ឍន៍ទិញរួចហើយ”។ លោកបន្តថា “ដូច្នេះបើសិនជាមានអ្នកចង់ទិញ ដីនោះបន្តយកមកអភិវឌ្ឍន៍ ក៏មិនមែនទិញពីម្ចាស់ដើមផ្ទាល់តែដែរ គឺទិញពីឈ្មួញដីធ្លីដែលទិញរួចហើយដែរ”។

ម្យ៉ាងវិញទៀតការអភិវឌ្ឍអចលនទ្រព្យ នៅតំបន់នៃកោះទាំងពីរនេះក៏ឃើញថា នៅមានភាពទូលាយច្រើន ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍មានឱកាសខ្ពស់ក្នុងការរកប្រាក់ចំណេញ ។

លោកថាន់ ចាន់ណាបានបន្ថែមថា តំបន់ប៉ែកខាងកើតរាជធានីភ្នំពេញមួយរយៈនេះ ហាក់មានគម្រោងអភិវឌ្ឍន៍ច្រើន ដែលជំរុញឱ្យតំបន់ប៉ែកខាងកើត ទាក់ទាញការវិនិយោគបន្ថែម ដូចជា គម្រោងស្ពានតភ្ជាប់ពីភ្នំពេញ ទៅអរិយក្សត្រ គម្រោងតភ្ជាប់ពីផ្លូវជាតិលេខ១ទៅស្រុកល្វាឯមជាដើម ដែលនឹងជំរុញឱ្យពលរដ្ឋងាយស្រួល ក្នុងការធ្វើដំណើរទៅមករវាងភ្នំពេញនិងអរិយក្សត្រ ។

ចំណែកលោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យAdvance ក៏បានថ្លែងបញ្ជាក់ផងដែរថា តំបន់ប៉ែកខាងកើតភ្នំពេញ នឹងមានការអភិវឌ្ឍ លើលំនៅឋានកាន់តែច្រើន ហើយប្រជាពលរដ្ឋទាំងរស់នៅភ្នំពេញ និងពីបណ្ដាខេត្តនឹងចូលមករស់នៅ តំបន់ប៉ែកខាងកើតភ្នំពេញ ជាពិសេសទីក្រុងអរិយក្សត្រ និងតំបន់ជិតៗនោះកាន់តែច្រើន ដែលនឹងជំរុញឱ្យតម្រូវការកាន់តែច្រើនដូចគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here