ពលរដ្ឋរាជធានីភ្នំពេញ និងពលករកូរ៉េចាប់ផ្ដើមស្វែងរកទិញផ្ទះ ក្នុងតំបន់អរិយក្សត្រ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញជាច្រើន បានចាប់ផ្ដើមស្វែងរកទិញលំនៅឋាន ពីក្រុមហ៊ុនអភិវឌ្ឍន៍នៅតំបន់ប៉ែកខាងកើតរាជធានីភ្នំពេញ ជាបន្តបន្ទាប់ ជាពិសេសពលរដ្ឋដែលទទួលបានសំណងពីគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ ។នេះបើតាមម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយ នៅតំបន់អរិយក្សត្រនិងវិហារសួគ៌។

លោកថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានចាន់ណាលែន បានឱ្យដឹងថា ជាការកត់សម្គាល់ចាប់តាំងពីរាជរដ្ឋាភិបាល ប្រកាសចាប់ផ្ដើមគម្រោងសាងសង់ស្ពាន ឆ្លងទន្លេពីភ្នំពេញទៅជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រ។

លោកបន្តថា ប្រជាពលរដ្ឋ ដែលទទួលបានសំណង ពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋនៅរាជធានីភ្នំពេញ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញផ្សេងទៀត បានទៅកាន់តំបន់អរិយក្សត្រ ក៏ដូចជា តំបន់ក្បែរៗនោះ ដើម្បីរកទិញផ្ទះស្នាក់នៅ ក្រោយពីស្ពានតភ្ជាប់រួច ។

លោកបន្តថា ក្រៅពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏មានបងប្អូនពលករនៅកូរ៉េជាច្រើន បានរកទិញគម្រោងលំនៅឋាន នៅតំបន់អរិយក្សត្រច្រើនដែរ ពីព្រោះតែស្ពានឆ្លងទន្លេពីភ្នំពេញ អរិយក្សត្រ គឺជាគម្រោងដែលទទួលបានឥណទាន ពីសាធារណរដ្ឋកូរ៉េ ហើយគម្រោងនេះ ក៏ត្រូវបានភាគីកូរ៉េផ្សព្វផ្សាយ នៅប្រទេសគេច្រើនដែរ ដែលធ្វើឱ្យបងប្អូនពលករកម្ពុជា នៅកូរ៉េចាប់អារម្មណ៍លើការទិញផ្ទះដើម្បីស្នាក់នៅ និងវិនិយោគនៅតំបន់អរិយក្សត្រច្រើន។

លោកបន្ថែមថា បច្ចុប្បន្ន មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើនបាន និងកំពុងត្រៀមអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ទៅតាមកំណើន នៃតម្រូវការនៅពេលអនាគតខាងមុខនេះ ហើយក៏រំពឺងថាប្រជាពលរដ្ឋពីភ្នំពេញ និងបណ្ដាខេត្តទៅរស់នៅតំបន់អរិយក្សត្រកាន់តែច្រើន។ លោកបន្តថា” បច្ចុប្បន្ននេះក្រុមហ៊ុនរបស់យើងក៏បាននិងកំពុងត្រៀមអភិវឌ្ឍគម្រោងថ្មីមួយ ស្របនឹងគម្រោងពីរកន្លងទៅបានលក់អស់ និងទទួលបានជោគជ័យត្រចះត្រចង់”។

ចំណែកលោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុន Lucky បានមានប្រសាសន៍ថា គម្រោងស្ពានតភ្ជាប់ភ្នំពេញ អរិយក្សត្រនឹងជួយតភ្ជាប់ទំនាក់ទំនងរវាងក្រុងអរិយក្សត្រ និងភ្នំពេញកាន់តែខិតជិតគ្នាហើយនឹងធ្វើឱ្យប្រជាពលរដ្ឋនៅអរិយក្សត្រ កាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរចេញ ចូលភ្នំពេញ ដូចជា ការធ្វើដំណើរមកធ្វើការនៅភ្នំពេញ និងត្រលប់ទៅស្នាក់នៅតំបន់អរិយក្សត្រវិញ ដោយងាយស្រួល ។

បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហើបថា គម្រោងនេះអាចនឹងចាប់ផ្ដើម បើកការដ្ឋានសាងសង់នៅចុងឆ្នាំ ២០២៣នេះ ឬនៅដើមឆ្នាំ២០២៤ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here