ដោយ៖វឌ្ឍនៈ
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញជាច្រើនចាប់ផ្ដើមស្វែងរកទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍន៍នៅតំបន់ប៉ែកខាងកើតរាជធានីភ្នំពេញ ជាបន្តបន្ទាប់ ជាពិសេសពលរដ្ឋដែលទទួលបានសំណងពីគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ ។នេះបើតាមម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយនៅតំបន់អរិយក្សត្រនិងវិហារសួគ៌ ។
លោកថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានចាន់ណាលែន បានឱ្យដឹងថា ជាការកត់សម្គាល់ចាប់តាំងពីរាជរដ្ឋាភិបាល ប្រកាសចាប់ផ្ដើមគម្រោងសាងសង់ស្ពានឆ្លងទន្លេពី ភ្នំពេញទៅជ្រោយចង្វារនិងពីជ្រោយចង្វារទៅអរិយក្សត្រនោះ ឃើញថាប្រជាពលរដ្ឋដែលទទួលបានសំណងពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋនៅរាជធានីភ្នំពេញ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញផ្សេងទៀតបានទៅកាន់តំបន់អរិយក្សត្រក៏ដូចជាតំបន់ក្បែរៗនោះដើម្បីរកទិញផ្ទះស្នាក់នៅ ក្រោយពីស្ពានតភ្ជាប់រួច ។
លោកបន្តថា ក្រៅពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញក៏មានបងប្អូនពលករនៅកូរ៉េជាច្រើនបានរកទិញគម្រោងលំនៅឋាននៅតំបន់អរិយក្សត្រច្រើនដែរ ពីព្រោះតែស្ពានឆ្លងទន្លេពីភ្នំពេញ អរិយក្សត្រ គឺជាគម្រោងដែលទទួលបានឥណទានពីសាធារណរដ្ឋកូរ៉េ ហើយគម្រោងនេះក៏ត្រូវបានភាគីកូរ៉េផ្សព្វផ្សាយនៅប្រទេសគេច្រើនដែរ ដែលធ្វើឱ្យបងប្អូនពលករកម្ពុជានៅកូរ៉េចាប់អារម្មណ៍លើការទិញផ្ទះដើម្បីស្នាក់នៅ និងវិនិយោគនៅតំបន់អរិយក្សត្រច្រើន ។
លោកបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើនបាននិងកំពុងត្រៀមអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ទៅតាមកំណើននៃតម្រូវការនៅពេលអនាគតខាងមុខនេះ ហើយក៏រំពឺងថាប្រជាពលរដ្ឋពីភ្នំពេញ និងបណ្ដាខេត្តទៅរស់នៅតំបន់អរិយក្សត្រកាន់តែច្រើន ។ លោកថា”បច្ចុប្បន្ននេះក្រុមហ៊ុនរបស់យើងក៏បាននិងកំពុងត្រៀមអភិវឌ្ឍគម្រោងថ្មីមួយស្របនឹងគម្រោងពីរកន្លងទៅបានលក់អស់និងទទួលបានជោគជ័យត្រចះត្រចង់ ” ។
លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុន Lucky បានមានប្រសាសន៍ថាគម្រោងស្ពានតភ្ជាប់ភ្នំពេញ អរិយក្សត្រនឹងជួយតភ្ជាប់ទំនាក់ទំនងរវាងក្រុងអរិយក្សត្រ និងភ្នំពេញកាន់តែខិតជិតគ្នាហើយនឹងធ្វើឱ្យប្រជាពលរដ្ឋនៅអរិយក្សត្រកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរចេញ ចូលភ្នំពេញ ដូចជាការធ្វើដំណើរមកធ្វើការនៅភ្នំពេញនិងត្រលប់ទៅស្នាក់នៅតំបន់អរិយក្សត្រវិញដោយងាយស្រួល ។
បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហើបថា គម្រោងនេះអាចនឹងចាប់ផ្ដើមបើកការដ្ឋាននៅចុងឆ្នាំ ២០២៣នេះ ឬនៅដើមឆ្នាំ២០២៤ខាងមុខ ៕
