ដោយ: គង់ លាងហួរ
ប៉េកាំងៈ ក្រុមអាជ្ញាធរទិដ្ឋាការរបស់ប្រទេសចិននៅបរទេសគ្រោងបន្តផ្តល់ទិដ្ឋាការគ្រប់ប្រភេទដល់ជនបរទេសចាប់ពីថ្ងៃពុធនេះឡើងវិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។
សេចក្តីថ្លែងការណ៍នោះបានបន្តថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនបន្ថែមទៀត។
បន្ថែមពីលើឯកសារធ្វើដំណើរថ្មីដែលកំពុងត្រូវបានពិនិត្យ និងអនុម័ត ទិដ្ឋាការដែលបានចេញមុនថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ដែលនៅតែមានសុពលភាពនឹងអនុញ្ញាតឱ្យជនបរទេសអាចចូលមកប្រទេសចិនម្តងទៀត ។ នេះបើយោងតាមការជូនដំណឹងរបស់ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទកន្លងទៅ។
គោលនយោបាយ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនេះក៏នឹងអនុញ្ញាតឱ្យបើកការធ្វើដំណើរដោយគ្មានទិដ្ឋាការឡើងវិញសម្រាប់អ្នកដែលមកដល់ តាមកប៉ាល់ទេសចរណ៍ទៅកាន់ទីក្រុងសៀងហៃ ក៏ដូចជាសម្រាប់ក្រុមទេសចរណ៍មួយចំនួនមកពីក្រុងហុងកុង ម៉ាកាវ និងបណ្តាប្រទេសនៅក្នុងក្រុមតំបន់អាស៊ានផងដែរ។
វិធានការនេះគឺជាជំហានចុងក្រោយបំផុតឆ្ពោះទៅរកការបើកប្រទេសចិនឡើងវិញទៅកាន់ពិភពខាងក្រៅ ខណៈទីក្រុងប៉េកាំងបានបំបែកជាបណ្តើរៗជាមួយនឹងយុទ្ធសាស្ត្រសូន្យកូវីដដ៏តឹងរុឹងរបស់ខ្លួន។
យោងតាមទិន្នន័យពីអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (WTO) បានឱ្យដឹងថា ប្រទេសចិនបានទទួលភ្ញៀវអន្តរជាតិចំនួន៦៥,៧លាននាក់ក្នុងឆ្នាំ២០១៩ មុនពេលដែលជំងឺកូវីដ-១៩បាននាំឱ្យប្រទេសនេះបិទខ្លួនចេញពីពិភពលោកទាំងមូល។

ខណៈប្រទេសផ្សេងទៀតភាគច្រើនបានចាប់ផ្តើមបើកសេដ្ឋកិច្ចឡើងវិញយ៉ាងពេញលេញ និងស្វាគមន៍អ្នកដំណើរអន្តរជាតិមុននេះ ចំណែកប្រទេសចិនទើបតែចាប់ផ្តើមចាកចេញពីគោលនយោបាយទប់ស្កាត់កូវីដដ៏តឹងរុឹងនៅចុងឆ្នាំ២០២២ប៉ុណ្ណោះ បន្ទាប់ពីផ្ទុះបាតុកម្មដ៏កម្រប្រឆាំងនឹងយុទ្ធសាស្ត្រសូន្យកូវីដរបស់រដ្ឋាភិបាលនៅទូទាំងប្រទេស៕