ការងើបឡើងវិញនៃសេដ្ឋកិច្ចចិននឹងជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជា និងវៀតណាម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមធនាគារហ្វាំងឡង់បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការដកការរឹតបន្តឹងលើជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនអាចបង្កើនការប្រើប្រាស់ឯកជន និងជំរុញលើកស្ទួយដល់ពាណិជ្ជកម្មពិភពលោកផងដែរ។

យោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារនេះបានបង្ហាញថា ការរួមចំណែកនៃការប្រើប្រាស់ឯកជនចំពោះផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះក្នុងអំឡុងពេលជំងឺរាតត្បាត ប៉ុន្តែបច្ចុប្បន្ននេះវាអាចត្រលប់ទៅរកនិន្នាការកំណើនមុនវិបត្តិកូវីដ-១៩ឡើងវិញ។

របាយការណ៍នេះបានបន្តថា “ដោយសារប្រទេសចិនគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេមួយក្នុងពិភពលោក វានឹងជះឥទ្ធិពលយ៉ាងសំខាន់ទៅលើរចនាសម្ព័ន្ធតាមវិស័យ និងភូមិសាស្រ្តនៃពាណិជ្ជកម្មពិភពលោកក្នុងរយៈពេលមធ្យម និងរយៈពេលវែង”។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា ប្រទេសចិនបានមើលឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្រូវការសម្រាប់ការផលិតម្ហូបអាហារ ក៏ដូចជានៅក្នុងវិស័យកសិកម្ម វាយនភ័ណ្ឌ ការថែទាំសុខភាព និងវិស័យសេវាកម្មធ្វើដំណើរផងដែរ។

បណ្តាប្រទេសសេដ្ឋកិច្ចនៅតំបន់អាស៊ីដែលកំពុងរីកចម្រើនដូចជាកម្ពុជា និងវៀតណាម ដែលនាំចេញទំនិញប្រើប្រាស់ទៅកាន់ប្រទេសចិន ត្រៀមនឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនបំផុត។

ទោះបីជាសហរដ្ឋអាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូអាចមើលឃើញពីការធ្លាក់ចុះកម្រិតមធ្យមនៃការនាំចេញតម្លៃបន្ថែមរបស់ពួកគេទៅកាន់ប្រទេសចិនយ៉ាងណាក្តី ក៏វិស័យកសិកម្ម និងផលិតកម្មស្បៀងរបស់សហរដ្ឋអាមេរិកនឹងកើនឡើងពីការផ្លាស់ប្តូរនេះផងដែរ។

ប្រទេសអុីតាលី និងបារាំងនឹងទទួលបានពីការកើនឡើងនៃតម្រូវការសម្រាប់ផលិតផលម្ហូបអាហារ វាយនភ័ណ្ឌ និងផលិតផលស្បែក ក៏ដូចជាសារធាតុគីមីសម្រាប់អ្នកប្រើប្រាស់។

លើសពីនេះ ការនាំចេញពីប្រទេសអៀរឡង់ និងអេស្បាញទៅកាន់ប្រទេសចិនអាចកើនឡើង ដោយជំរុញពីតម្រូវការសម្រាប់ផលិតផលម្ហូបអាហារ សេវាកម្មផលិតកម្ម និងការធ្វើដំណើរផ្សេងៗទៀត។

របាយការណ៍នេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Bank of Finland Institute for Emerging Economies ដែលជាវិទ្យាស្ថានស្រាវជ្រាវរបស់ធនាគារដែលមានឯកទេសក្នុងសេដ្ឋកិច្ចរបស់ប្រទេសកំពុងរីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here