ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាអ្នកមានចំណេះដឹង បទពិសោធន៍ និងក្លាយជាអ្នកអភិវឌ្ឍយ៉ាងលេចធ្លោ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia តែងតែបើកចិត្តទូលាយ ក្នុងការចែករំលែកចំណេះដឹងដល់អ្នកចង់ប្រឡូកក្នុងវិស័យអចលនវត្ថុ។
តើមុននឹងសម្រេចចិត្តវិនិយោគអចលនទ្រព្យ អ្នកចង់ប្រឡូកក្នុងវិស័យនេះ គួរតែមានចំណេះដឹងអ្វីខ្លះ?
លោកឧកញ៉ា គីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកវិនិយោគ អភិវឌ្ឍក្នុងវិស័យអចលនទ្រព្យល្បីឈ្មោះមួយរូប នៅកម្ពុជា បានចែករំលែកនូវបទពិសោធន៍របស់ខ្លួន និងប្រាប់ពីចំណេះដឹងដែលគួរតែមាន មុននឹងសម្រេចចិត្តវិនិយោគ ដែលអាចទទួលបានផលនៅក្នុងវិស័យមួយនេះ។
ចំណេះដឹងសំខាន់ៗ ដែលវិនិយោគិនអចលនទ្រព្យ គួរតែមាន នោះ ចំណេះដឹងផ្នែកសេដ្ឋកិច្ច
ការមានចំណេះដឹងផ្នែកសេដ្ឋកិច្ចនេះ នឹងជួយដល់វិនិយោគិនឱ្យដឹងពីតម្រូវការទីផ្សារ និងការអភិវឌ្ឍឱ្យចំទិសដៅតែម្ដង។ ពាក្យថាចំណេះដឹងផ្នែកសេដ្ឋកិច្ច គឺត្រូវយល់ពីបរិបទ នៃសេដ្ឋកិច្ចប្រទេសយើង សេដ្ឋកិច្ចប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាចំណេះដឹងពិភពលោក។ ពេលដែលយើងបានដឹងពីចំណេះដឹងទាំងនេះហើយ វាអាចឱ្យយើងបានត្រៀមខ្លួន និងបានដឹងពីតម្រូវការក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។
ចំណេះដឹងផ្នែកនយោបាយ

ក្រៅពីចំណេះដឹងផ្នែកសេដ្ឋកិច្ច អ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវមានចំណេះដឹងមួយទៀត គឺចំណេះដឹងផ្នែកនយោបាយ។ អ្នករកស៊ីក៏ត្រូវតែមានចំណេះដឹងផ្នែកនេះដែរ ហើយបើសិនជាពាណិជ្ជករទាំងឡាយណា មិនយល់ដឹងពីផ្នែកនយោបាយ មិនតាមដាននយោបាយ វានឹងគ្រោះថ្នាក់។
ប្រទេសជាច្រើនក្នុងពិភពលោក គឺនយោបាយដឹកនាំសេដ្ឋកិច្ច ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន និងបណ្ដាប្រទេសនៅអាស៊ី ។អ្នករកស៊ីអ្នកជំនួញ គឺត្រូវដើរតាមនយោបាយ និងដឹងថាថាតើនយោបាយបត់ទៅណា ត្រូវចេះបត់ទៅតាមហ្នឹងដែរ។
ចំណេះដឹងផ្នែកប្រជាសាស្រ្ត និងភូមិសាស្រ្ត
លោកឧកញ៉ាបណ្ឌិតគឹម ហ៊ាង បានបន្ថែមថា ក្រៅពីសេដ្ឋកិច្ច និងនយោបាយ អ្នកអភិវឌ្ឍន៍ក៏ត្រូវមានចំណេះដឹងមួយទៀត គឺកត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រ ។
លោកបានលើកជាឧទាហរណ៍ថា មុននឹងការធ្វើអភិវឌ្ឍន៍គម្រោងអ្វីមួយ ត្រូវសិក្សាពីកត្តាប្រជាសាស្ត្រជាមុនសិន ទើបគម្រោងនោះអាចទទួលបានជោគជ័យ ជាពិសេស អ្នកអភិវឌ្ឍន៍ក៏ត្រូវតែចេះមើលពីភូមិសាស្ត្រ នៃតំបន់នីមួយៗផងដែរ មុននឹងបណ្ដាក់ទុនវិនិយោគលើគម្រោងអ្វីមួយ៕