ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញដីធ្លី លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងថា ដីស្ថិតនៅជាប់មាត់ព្រែក បឹង និងភ្នំ ជាតំបន់ដែលមានចំណាប់អារម្មណ៍ខ្ពស់។
លោកស្រីបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី១៧ មិនានេះថា បច្ចុប្បន្នមានអ្នកវិនិយោគរមណីយដ្ឋានលំហែរកាយច្រើន ដែលធ្វើឲ្យដីដែលមានទីតាំងជិតភ្នំ បឹង ព្រែកជាដើម មានតម្រូវការកើនឡើងពីអ្នកវិនិយោគ។
លោកស្រីបន្តថា “ដីនៅជាប់តំបន់បែបនេះ មានតម្លៃធូរថ្លៃនៅឡើយ ហើយអ្នកេវិនិយោគភាគច្រើនផ្តោតលើដី ដែលមានតម្លៃក្រោមទីផ្សារផងដែរ។ លោកស្រីបន្តថា “ប្រជាជនចាប់ផ្តើមស្វែងរកការលំហែរកាន់តែច្រើន ចាប់តាំងពីមានវិបត្តិកូវីដ១៩ ដោយសារជីវភាពរបស់ពួកគេប្រសើរឡើង”។
ដីដែលមានទីតាំងអំណោយផល មានដូចជា ខេត្តកណ្តាល កំពត កែប ព្រះសីហនុ ខេត្តកោះកុង កំពង់ស្ពឺ និងតំបន់មួយចំនួនទៀត។
ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា តម្រូវការដីលំហែរ នៅមានចំនួនខ្ពស់ ដោយសារជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងមានចំណូលចិត្តស្វែងរកការលំហែរ បន្ទាប់ពីពួកគេសំរាកការនឿយហត់ពីការងារ។
លោកបន្តថា “អតិថិជនប្រមាណ១លាននាក់ នៅត្រូវការដីលំហែរ ដែលមានស្តង់ដា និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋសមស្របនឹងការលំហែរពិតប្រាកដ”។

ចំណែកលោកឌិន សុមេធារិទ្ឋអ្នកអភិវឌ្ឍន៍គំរោងភូមិផ្កាត្រកួនបានមានប្រសាសន៍ឲ្យដឹងផងដែរថា និន្នាការសាងសង់រមណីយដ្ឋាន លំហែរកាយកំពុងកើនឡើង ប៉ុន្តែបច្ចុប្បន្ននេះ យើងត្រូវការបែបផែននៃការលំហែរពិតប្រាកដ និងស្របតាមស្តង់ដាអន្តរជាតិ។
លោកបន្តថា “ការវិនិយោគរមណីយដ្ឋាន លំហែរកាយរបស់យើង គឺបំពេញនូវអ្វីដែលយើងមិនទាន់បានបំពេញ ខណៈនៅកម្ពុជាមិនទាន់មានរមណីយដ្ឋានលំហែរកាយ តាមស្តង់ដាអន្តរជាតិច្រើននៅឡើយ”៕