ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅខេត្តឈៀងម៉ៃ ត្រូវបានកំណត់ សម្រាប់ការកើនឡើងដ៏សំខាន់ ដែលជំរុញដោយកំណើនទេសចរណ៍ និងការហូរចូលនៃអតិថិជនចិន បន្ទាប់ពីប្រទេសទាំង២បានបើកព្រំដែនរបស់ពួកគេឡើងវិញ។
លោក Predikorn Buranupakorn នាយកប្រតិបត្តិនៃក្រុមហ៊ុន Ornsirin Holding ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅខេត្តឈៀងម៉ៃបានមានប្រសាសន៍ថា “ក្រុមហ៊ុនមានទំនុកចិត្តថា ទីផ្សារអចលនទ្រព្យរបស់ខេត្តនេះ នឹងមើលឃើញពីការកើនឡើងដ៏រ៉ឹងមាំនៅឆ្នាំ២០២៣នេះ”។
លោកបានបន្តថា ភ្នាក់ងារអចលនទ្រព្យជាច្រើន ដែលមានឯកទេសក្នុងទីផ្សារបរទេស និងប្រទេសចិន បានណែនាំយើងឱ្យបន្តអភិវឌ្ឍគម្រោងលំនៅដ្ឋានថ្មីៗ ដោយពួកគេលើកឡើងពីកម្រិតខ្ពស់នៃចំណាប់អារម្មណ៍ និងតម្រូវការរបស់អតិថិជន។
យោងតាមការវិភាគរបស់ក្រុមអ្នកជំនាញ ទាំងអស់នោះបានឱ្យដឹងថា អតិថិជនជាច្រើនកំពុងរង់ចាំទិញលំនៅដ្ឋាន នៅក្នុងទីក្រុងឈៀងម៉ៃ ដែលធ្វើឱ្យនេះក្លាយជាឱកាសមួយ ដើម្បីបើកដំណើរការគម្រោងថ្មីៗ។
គម្រោងខុនដូរបស់ក្រុមហ៊ុន Ornsirin Holding បានស្រូបយក ការបញ្ជាទិញយ៉ាងច្រើន ដែលភាគច្រើនត្រូវបានជំរុញដោយអតិថិជនជនជាតិចិន រហូតដល់គម្រោងទាំងពីររបស់ខ្លួន ឈានដល់កម្រិតកូតាបរទេសអតិបរមា។
លោក Predikorn បានថ្លែងក្នុងសិក្ខាសាលាទីផ្សារអចលនទ្រព្យថា “Ornsirin គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ អស់រយៈពេល១៧ឆ្នាំ ហើយក្រុមហ៊ុនមានសុទិដ្ឋិនិយម នៅឆ្នាំ២០២៣នេះ ជាមួយនឹងផែនការ ចាប់ផ្តើមគម្រោងលំនៅដ្ឋានថ្មីចំនួន៤ ដែលមានតម្លៃសរុប៥ពាន់លានបាតនៅខេត្តឈៀងម៉ៃ”។

លោកបានបន្ថែមថា “ទីផ្សារអចលនទ្រព្យកំពុងត្រៀមខ្លួនសម្រាប់ការស្ទុះងើបឡើងវិញដ៏រ៉ឹងមាំ ដោយផ្អែកលើសូចនាករវិជ្ជមាន រួមទាំងការកើនឡើងនៃចំនួនអតិថិជនចិន និងការងើបឡើងវិញនៃវិស័យទេសចរណ៍ទាំងមូល”។
លោកបានអះអាងថា “សណ្ឋាគាររបស់យើង បានទទួលលំហូរនៃការកក់យ៉ាងលឿន ពីភ្ញៀវទេសចរចិនត្រឹមតែ៣០នាទី បន្ទាប់ពីប្រទេសចិន បានប្រកាសកាលបរិច្ឆេទបើកដំណើរការឡើងវិញ ដែលនាំឱ្យមានការកើនឡើងយ៉ាងខ្លាំង នៃអត្រាស្នាក់នៅពី៤០ភាគរយក្នុងឆ្នាំ២០២២ រហូតដល់ទៅ៧០-៨០ភាគរយ នៅដើមឆ្នាំ២០២៣នេះ”៕