ដោយ: គង់ លាងហួរ
អន្តរជាតិ: ខណៈមានការបើកជើងហោះហើរឡើងវិញ រវាងប្រទេសចិន និងប្រទេសថៃ លោក Eri Chen អ្នកស្រុកសៀងហៃ គ្រោងនឹងទៅទស្សនាទីក្រុងបាងកក និងឈៀងម៉ៃ នៅពាក់កណ្តាលខែមីនានេះ ដើម្បីស្វែងរកទិញផ្ទះសម្រាប់វិនិយោគ ហើយប្រហែលជាទិញសម្រាប់ពេលចូលនិវត្តន៍ផងដែរ។
ការកើនឡើងនៃតម្លៃផ្ទះ និងថ្លៃរស់នៅសម្រាប់ទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម របស់ប្រទេសចិន បានជំរុញឱ្យលោក Eri Chen គិតគូរអំពីការសម្រាកពេលចូលនិវត្តន៍នៅប្រទេសថៃ។
-->
ជំនួសឱ្យការចំណាយ៥៧៤.០០០ដុល្លារអាមេរិក ដើម្បីរស់នៅជាយក្រុងសៀងហៃ ឬបង្កើនទ្វេរដងនៃការចំណាយនោះសម្រាប់ទិញយូនីតមធ្យម នៅក្នុងតំបន់ទីក្រុងសៀងហៃ លោក Chen កំពុងស្វែងរកផ្ទះមួយនៅកណ្តាលទីក្រុងបាងកក ក្នុងតម្លៃប្រហែល៦០០.០០០យ័ន។
ជាងនេះទៅទៀត ការវិនិយោគលើអចលនទ្រព្យ ក្នុងប្រទេសថៃ អាចផ្តល់លទ្ធផលគួរឱ្យទាក់ទាញ។
លោក Chen បានមានប្រសាសន៍ថា “ការប្រាក់ដែលផ្តល់ជូនលើប្រាក់បញ្ញើ ក្នុងប្រទេសចិនមានកម្រិតទាប ហើយខ្ញុំចង់ធ្វើការវិនិយោគ ដែលអាចទទួលបានទិន្នផលខ្ពស់ ដើម្បីឱ្យខ្ញុំមានប្រាក់ច្រើនសម្រាប់ចំណាយនៅពេលដែលខ្ញុំចូលនិវត្តន៍”។

លោកបន្ថែមថា ការវិនិយោគអចលនទ្រព្យ នៅទីក្រុងបាងកកពិតជាមានតម្លៃល្អជាងទីក្រុងផ្សេងទៀត ហើយលោកក៏ចង់ឃើញដែរថា តើឈៀងម៉ៃ ជាកន្លែងដ៏ល្អសម្រាប់ចូលនិវត្តន៍ ដូចមនុស្សនិយាយដែរឬអត់។
យោងតាមទិន្នន័យរបស់ភ្នាក់ងារទេសចរណ៍ អនឡាញអន្តរជាតិTrip.com បានបង្ហាញថា ប្រទេសថៃជាគោលដៅដែលភ្ញៀវទេសចរចិន ពេញចិត្តជាយូរមកហើយ ដោយការកក់សំបុត្រយន្តហោះ បានកើនឡើង៦៧ភាគរយក្នុងខែកុម្ភៈ បើធៀបនឹងខែមករា។
ជាការពិត ភ្លាមៗបន្ទាប់ពីប្រទេសចិន បានដកវិធានការត្រួតពិនិត្យកូវីដ-១៩របស់ខ្លួននៅចុងខែធ្នូ ការស្វែងរកតាមអ៊ីនធឺណិតសម្រាប់ជើងហោះហើរពីប្រទេសចិន ទៅកាន់ប្រទេសថៃ បានកើនឡើង១៧៦ភាគរយ។
ប្រទេសថៃក៏កំពុងធ្វើនុយ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឲ្យបានច្រើនផងដែរ ដោយប្រទេសនេះកំពុងផ្តល់ឱ្យអ្នកកាន់លិខិតឆ្លងដែនចិននូវវីសា ឬទិដ្ឋាការរយៈពេល៣០ថ្ងៃ នៅពេលមកដល់រហូតដល់ចុងខែមីនានេះ៕
