តម្រូវការអចលនទ្រព្យផ្នែកពាណិជ្ជកម្មមានកំណើនឡើងវិញ នៅក្រោយវិបត្តិកូវីដ១៩ធូស្រាល

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តម្រូវការអចលនទ្រព្យ ផ្នែកពាណិជ្ជកម្មនៅក្នុងប្រទេ​សកម្ពុជា ក្នុងឆ្នាំ២០២៣នេះឃើញថា មានកំណើនឡើងវិញ ជាពិសេ​សចាប់តាំងពីរដ្ឋាភិបាល បើកចំហប្រទេសកាលពីចុងឆ្នាំ២០២២។

បើតាមការសិក្សារបស់អ្នកជំនាញ អចលនទ្រព្យជាច្រើនបង្ហាញថា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម ក្នុងរយៈពេលចុងក្រោយនេះឃើញថារីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែសេដ្ឋកិច្ចនៅតែមានភាពរឹងមាំ លំហូរវិនិយោគពីក្រៅប្រទេស និងតម្រូវការនៃការជួលអគារការិយាល័យកម្រិតខ្ពស់ ក៏មានកើនឡើងខ្ពស់ដែរ ។

លោកខេន ឡូ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Cowell Banker Cambodia បានមានប្រសាសន៍ថា រយៈពេល៥ឆ្នាំចុងក្រោ​យនេះ ការវិវត្តអចលនទ្រព្យផ្នែកពាណិជ្ជកម្ម មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាក់ស្ដែងការិយាល័យសម្រាប់ជួល មានការអភិវឌ្ឍច្រើន ដោយសារតែតម្រូវការកើនឡើងខ្ពស់ ។

លោកបន្តថា ”កាលពីមុននៅក្នុងប្រទេស មិនសូវជាមានការអភិវឌ្ឍលើអគារការិយាល័យប៉ុន្មាននោះទេ ប៉ុន្តែក្រោយមកទៀតជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ឃើញថាកំណើននៃការអភិវឌ្ឍលើអគារការិយាល័យ សម្រាប់ជួលក្នុងប្រទេសកម្ពុជា ក៏កើនឡើង ដោយសារតែតម្រូវការនៃការជួលកើនឡើង”។

លោកKen Loបានបន្តថា ពីមុនម្ចាស់ក្រុមហ៊ុនដែលត្រូវការជួលការិយាល័យ គឺត្រូវជួលផ្ទះល្វែងរឺវីឡាធ្វើជាការិយាល័យ ប៉ុន្តែពេលនេះ ម្ចាស់ក្រុមហ៊ុនថ្មីៗជាពិសេស មកពីបរទេសក៏ឃើញថា ពួកគេជួលការិយាល័យនៅក្នុងអគារការិយាល័យ ក្នុងនោះអគារកម្រិត B និងកម្រិត C កំពុងមានតម្រូវការជួលច្រើន។

លោកបន្ថែមថា កត្តាដែលជំរុញឱ្យកំណើន អចលនទ្រព្យផ្នែកអចលនវត្ថុកើនឡើងដូច្នេះ ដោយសារតែកត្តាសេដ្ឋកិច្ចរបស់កម្ពុជាមានភាពរឹងមាំ កំណើននៃលំហូរវិនិយោគិន បរទេសចូលមកកម្ពុជា កំនើនសហគ្រិនក្នុងស្រុកក៏កើនឡើង ដែលធ្វើឱ្យតម្រូវការអគារិយាល័យស្តង់ដារកើនឡើង និងធ្វើឱ្យអ្នកអភិវឌ្ឍន៍អគារការិយាល័យបានអភិវឌ្ឍន៍អគរប្រភេទនេះកាន់តែច្រើន។

នៅក្នុងឆ្នាំ២០២៣នេះ អ្នកជំនាញវិស័យអចលនទ្រព្យជាច្រើនបានរំពឹងថា កំណើននៃអគារិយាល័យ នៅក្នុងប្រទេសកម្ពុជានឹងកើនឡើងបន្ថែមទៀត ស្របជាមួយនឹងលំហូរវិនិយោគពីបរទេស ក៏នឹងអាចកើនឡើង ជាពិសេសមកពីប្រទេសចិន ស្របនឹងប្រទេសចិនបានបើកប្រទេសឡើងវិញទូលំទូលាយជាងមុន ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ តម្រូវការអគារការិយាល័យស្តង់ដារ នៅក្នុងប្រទេសកម្ពុជា ពិតជាមានតម្រូវការខ្ពស់ជាងមុនមែន ដោយក្រុមហ៊ុនពីមុន ដែលធ្លាប់ជួលផ្ទះល្វែង ធ្វើជាការិយាល័យ បានងាកទៅជួលអគារិយាល័យស្តង់ដារ នៅក្នុងអគារដែលជាបណ្ដុំនៃការិយាល័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here