សញ្ញាវិជ្ជមានៈ តម្រូវការការិយាល័យលំដាប់ខ្ពស់នៅប្រទេសចិននឹងហក់ឡើងខ្លាំងចាប់ពីត្រីមាសទី២ឆ្នាំនេះ

0

 

ដោយៈ សុខុម

ប៉េកាំង: ក្រុមអ្នកវិភាគទីផ្សារលើកឡើងថា តាមការរំពឹងទុក តម្រូវការការិយាល័យលំដាប់ខ្ពស់ នៅក្នុងប្រទេសចិន នឹងកើនឡើងចាប់ពីត្រីមាសទី២ ឆ្នាំ២០២៣ ខណៈក្រុមហ៊ុនកាន់តែច្រើន ជាពិសេ​សក្រុមហ៊ុនបច្ចេកវិទ្យា និងធនាគារត្រៀមខ្លួនបង្កើនតម្រូវការការិយា​ល័យរបស់ខ្លួន ខណៈអាជីវកម្មមានស្ថានភាពប្រសើរឡើង។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យអង់គ្លេស JLL ព្យាករថា តម្រូវការការិយាល័យកម្រិតA នៅក្នុងទីក្រុងធំៗចំនួន២០ ត្រូវបានរំពឹងថានឹងកើនឡើងជិតទ្វរដង ឈានរហូតដល់៤,៩លានម៉ែត្រការ៉េ នៅឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២០ ខែមីនា នេះ។

ក្រុមហ៊ុនសេវាកម្ម និងវិនិយោគអចលនទ្រព្យអាមេរិក CBRE ដែលប៉ាន់ប្រមាណថា តម្រូវការិយាល័យកម្រិតA នឹងកើនដល់ទំហំប្រមាណ៥លានម៉ែត្រការ៉េ សម្រាប់ឆ្នាំ២០២៣ ក៏បានលើកឡើងដែរថា ការិយាល័យដែលរកអ្នកជួលថ្មីៗ បានមានចំនួនត្រឹមតែ២,៣៤លានម៉ែត្រការ៉េប៉ុណ្ណោះ ក្នុងឆ្នាំ២០២២ ដោយធ្លាក់ចុះ៦៨%បើធៀបនឹងឆ្នាំ២០២១។

លោក Mi Yang ប្រធានផ្នែកស្រាវជ្រាវការិយាល័យនៅក្រុមហ៊ុន JLL China បានលើកឡើងថា “នេះគឺជាឆ្នាំនៃការងើបឡើងវិញសម្រាប់ទីផ្សារការិយាល័យក្នុងប្រទេសចិន”។

លោកបានបន្ថែមថា ក្រុមហ៊ុននានា កំពុងស្តារប្រតិបត្តិការរបស់ខ្លួនឡើងវិញ បន្ទាប់ពីមានការយឺតយ៉ាវមួយរយៈពេលធំ ដោយសារវិបត្តិកូវីដ-១៩ ហើយឥឡូវនេះកំពុងរៀបចំយុទ្ធសាស្រ្ត ទីផ្សារការិ​យាល័យរបស់ខ្លួនឡើងវិញ មុនពេលពង្រីកទីផ្សារបន្ថែមទៀត។

លោកបានបន្តថា អំឡុងអន្តរកាលសេដ្ឋកិច្ចនេះ ក្រុមហ៊ុននានាកំពុងសម្លឹងរកការិយាល័យ និងទីតាំងថ្មីដែលអាចជួយឱ្យខ្លួននៅតែអាចឈរជើងបាននៅក្នុងការប្រកួតប្រជែង។

ការលុបចោលគោលនយោបាយសូន្យ-កូវីដ ដ៏តឹងរ៉ឹងរបស់ប្រទេ​សចិន បានជួយត្រួសត្រាយផ្លូវ សម្រាប់ការងើបឡើងវិញយ៉ាងទូលំទូលាយក្នុងសកម្មភាពសេដ្ឋកិច្ច បន្ទាប់ពីវិធានការទប់ស្កាត់នានាត្រូវបានដកចេញ៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here