អ្នកជំនាញធំៗអះអាងថា ទីផ្សារអចលនទ្រព្យឆ្នាំនេះចាប់ផ្តើម មានសញ្ញាប្រសើរហើយ

0

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យជើងចាស់ពីររូប បានលើកឡើងស្រដៀងគ្នាថា ទីផ្សារអចលនទ្រព្យនៅអំឡុងដើមឆ្នាំនេះ បាននិងកំពុងបង្ហាញសញ្ញាវិជ្ជមានច្រើន បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២២។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២១ មិនាថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាចាប់ផ្តើមមានសញ្ញាល្អប្រសើរ បើទោះបីជាអ្នកវិនិយោគចិន និងអ្នក​វិនិយោគមកពីប្រទេសដទៃ មិនបានផ្តោតខ្លាំងលើវិស័យនេះក្តី ប៉ុន្តែនៅពេលពួកគេមកដល់ នឹងធ្វើឲ្យចរន្តលុយដើរហើយ។

លោកឧកញ៉ាបន្តថា “នៅពេលអ្នកវិនិយោគចូលមក ពួកគេត្រូវការស​ណ្ឋាគារ អាផាតម៉ិន ពួកគេត្រូវការការធ្វើដំណើរ ពួកគេត្រូវការអាហារ ហេតុនេះនឹងធ្វើឲ្យសកម្មភាព ក្នុងសេដ្ឋកិច្ចមានភាពរសរវើក”។លោក​បន្តថា “កុំផ្តោតតែលើវិស័យអចលនទ្រព្យ យើងត្រូវមើលសេដ្ឋកិច្ចទាំងមូល នៅពេលអ្នកទេសចរណ៍ អ្នកធុរកិច្ចមកដល់ មានន័យថា ពួកគេបានយកលុយមកចាយនៅកម្ពុជាហើយ”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ប្រសិនជាពួកគេមកដល់ ពួកគេទិញដីសាងសង់រោងចក្រ សហគ្រាសនានា ក៏បានផ្តល់ការងារ ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ហើយនៅពេលប្រជាពលរដ្ឋមានប្រាក់ចំណូល ពួកគេនឹងស្វែងរកលំនៅដ្ឋាន ដីឡូត៍បណ្តើរៗ ហេតុននេះទីផ្សារដីឡូត៍ នឹងដំណើរការឡើងវិញ ប៉ុន្តែអាស្រ័យលើម្ចាស់គំរោងចេះរៀបចំឬអត់។

ជាមួយគ្នានេះ លោកសន សៀបប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅឆ្នាំ២០២៣នេះ មានលំហូរភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិនត្រលប់មកវិញ ដែលបានធ្វើឲ្យទីផ្សារចាប់ផ្តើម កំរើកឡើងវិញបណ្តើរៗ ធៀបនឹងឆ្នាំមុន។

លោកបន្តថា “ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិនបានទៅមើលគំរោងរបស់ពួកគេ នៅក្រុងព្រះសីហនុ ពួកគេចាប់ផ្តើមរកឱកា​ស​វិនិយោគ ប៉ុន្តែសកម្មភាពជាដុំកំភួន ឬការវិនិយោគធំៗមិនទាន់បានចាប់ផ្តើមនៅឡើយទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here