វិនិយោគិនអន្តរជាតិ មកពីប្រទេសចំនួន២បានផ្លាស់ប្តូរបទពិសោធន៍ពីឱកាសវិនិយោគនៅកម្ពុជា

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ  វិនិយោគិនជនជាតិចិន និងវិនិយោគិនជនជាតិអូស្ត្រាលី បានជួបជជែកផ្លាស់ប្តូរយោបល់ជាមួយគ្នា ព្រមជាមួយនឹងការសិក្សាពីសក្ដានុពលវិនិយោគ នៅក្នុងប្រទេសកម្ពុជាផងដែរ ស្របនឹងរំហូរវិនិយោគិនបរទេស ចាប់ផ្ដើមចូលមកកម្ពុជាបណ្ដើរៗឡើងវិញ។

ក្រុមហ៊ុន Prince Holding Group ដែលជាសម្ព័ន្ធក្រុមហ៊ុនដែលមានវិសាលភាពអាជីវកម្មដ៏ធំ មួយនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Prince Real Estate Group កាលពីចុងសប្តាហ៍ បានរៀបចំទទួលស្វាគមន៍ គណៈប្រតិភូផ្នែកធុរកិច្ចអូស្ត្រាលី នៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីបង្ហាញនូវសក្តានុពលវិនិយោគ របស់កម្ពុជានាពេលថ្មីៗនេះ។

លោក Kenneth Tang ប្រធាន AusCham Cambodia លោក Matthew Care សហស្ថាបនិក និងជានាយកប្រតិបត្តិនៃ DCG និងលោក Tom O’Sullivan នៃ realestate.com.kh បានធ្វើការស្វាគមន៍គណៈប្រតិភូ ដែលរួមមានស្ថាបនិក និងមន្ត្រីប្រតិបត្តិកម្រិត C មកពី Compass Education, Flooring Xtra, Chen Foods, Explorers Early Learning និង Amtrade International។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group បានមានប្រសាសន៍ថា ដោយសារការកើនឡើងនៃចំណាប់អារម្មណ៍របស់ប្រតិភូ ផ្នែកធុរកិច្ចអូស្ត្រាលី ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននិងកំពុងរៀបចំផ្តល់ការគាំទ្រ ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ ម្ហូបអាហារ និងភេសជ្ជៈ និងការលក់រាយ សម្រាប់ប្រតិភូផ្នែកធុរកិច្ចអូស្ត្រាលី ដែលកំពុងស្វែងរកការពង្រីកអាជីវកម្មនៅកម្ពុជា។

លោកបន្តថា “ក្រុមហ៊ុនព្យាយាមរៀបចំ ទទួលស្វាគមន៍គណៈប្រតិភូផ្នែកធុរកិច្ច កាន់តែច្រើនពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើជាសាក្សី និងចូលរួមនៅក្នុងគន្លងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា”។

លោក Tom O’Sullivan នាយកប្រតិបត្តិនៃគេហទំព័រ realestate.com.kh មានប្រសាសន៍ថា ក្នុងនាមជាពាណិជ្ជករអូស្ត្រាលី ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា បានចាត់ទុកបេស​កកម្មពាណិជ្ជកម្មជាវេទិកាដ៏សំខាន់ សម្រាប់ភាពជោគជ័យនៃអាជីវកម្មពីតំបន់ ដើម្បីបង្កើតភាពជាដៃគូដ៏មានតម្លៃ និងឱកាសវិនិយោគថ្មីៗ។

លោកបានបន្ថែមថា តាមរយៈការចាប់ដៃគូជាមួយអាជីវកម្មដែលគួរឱ្យទុកចិត្ត នៅក្នុងប្រទេសកម្ពុជា និងការប្រមូលផ្តុំអ្នកជំនាញដែលមានទស្សនៈដូចគ្នា ក្រុមហ៊ុនទំាង២អាចជំរុញកំណើន និងជំរុញការច្នៃប្រឌិតនៅក្នុងសេដ្ឋកិច្ចពិភពលោកបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here