ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកផ្តល់សារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ទោះបីជាមានសម្ពាធផ្នែកនយោបាយក្តី ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅតែរុឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយប្រទេសនេះមានចំណែកធំបំផុតនៃការនាំចេញរបស់កម្ពុជាប្រហែល៤០ភាគរយ។

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទាំងនេះ ដែលប្រធានថ្មីរបស់សភានេះគឺលោក Devin Barta បានហៅថាជា “អ្វីមួយដែលមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា”។

លោក Devin បាន​ថ្លែង​ថា ទំនាក់ទំនង​នេះ​បាន​ជួយ​ដល់ប្រទេស​កម្ពុជា​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច។ លោកបានមានប្រសាសន៍ថា “៤០ភាគរយនេះ (ចំណែកនៃការនាំចេញ) បានជួយបង្កើតការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជា ហើយវាក៏បង្ហាញថាសហរដ្ឋអាមេរិកនៅតែជាទីផ្សារបើកចំហសម្រាប់ទំនិញ និងសេវាកម្មរបស់កម្ពុជាផងដែរ”។

លោក Devin ដែលជានាយកគ្រប់គ្រងផលិតផល AHF ផងដែរនោះ ក៏ចង់ឃើញក្រុមហ៊ុនអាមេរិកកាន់តែច្រើនចូលមក និងពង្រីកអាជីវកម្មនៅក្នុងប្រទេសកម្ពុជាជាមួយនឹងការវិនិយោគរបស់ពួកគេ។

លោក​ Devin Barta បាន​បន្ត​ថា​ “យើង​សង្ឃឹម​ថា​នឹង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​បរិយាកាស​ប្រតិបត្តិការ​ដែល​ងាយស្រួល​សម្រាប់​អាជីវកម្ម​”។

លោក Devin បានយល់ស្របថា “ប្រព័ន្ធ GSP គឺជាការលើកទឹកចិត្តដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនដែលនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក”។ លោក​សង្ឃឹម​ថា​ “វានឹងត្រូវបានបន្តផ្តល់ឡើង​វិញ ហើយយើង​កំពុង​ស្ថិត​នៅ​ក្នុង​ជំហររង់ចាំ​មើល​នៅ​ពេល​នេះទាក់​ទង​នឹង​ការ​បន្តផ្តល់ប្រព័ន្ធ GSP”។

ទាក់ទិន​នឹង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា លោក Devin បានថ្លែង​ថា “ច្បាប់វិនិយោគថ្មីរបស់កម្ពុជាមានធាតុផ្សំដ៏គួរឱ្យទាក់ទាញជាច្រើន ហើយខ្ញុំអាចតស៊ូមតិសម្រាប់ប្រទេសកម្ពុជាដល់ក្រុមហ៊ុនជាច្រើនដែលចាប់អារម្មណ៍ក្នុងការវិនិយោគនៅទីនេះដោយផ្អែកលើរចនាសម្ព័ន្ធនៃច្បាប់នោះក្នុងអំឡុងពេលព្រឹត្តិការណ៍ពាណិជ្ជកម្មថ្មីៗនេះនៅទីក្រុងបាងកក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here