ទីផ្សារអចលនទ្រព្យខេត្តព្រៃវែងនឹងមានការរីកចម្រើនលឿន បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញបាវិតបញ្ចប់ការសាងសង់

0

 ដោយៈ គង់ សូរិយា

       ព្រៃវែងៈ ជាទឹកដីដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យ មិនសូវគិតដល់ អ្នកជំនាញបានសម្លឹងឃើញឱកាស ពីការវិនិយោគនៅក្នុងខេត្តនេះ ស្របពេលការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងសាងសង់កាត់ទីរួមខេត្តនេះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការ​សាងសង់ផ្លូវល្បឿ​នលឿនភ្នំពេញ បាវិតនឹងត្រូវអូសកាត់ទីរួមខេត្តព្រៃវែង ប្រយោជន៍ដើម្បីជម្រុញការលើកកំពស់សេដ្ឋកិច្ច និងអភិវឌ្ឍន៍ខេត្តមួយនេះឲ្យមានសក្តានុពលបន្ថែមទៀត។

ជាមួយគ្នានេះ លោកឌិន សុមេធារិទ្ឋប្រធានគំរោងមង្គលវីឡា ព្រៃវែងបុរី ដែលបាននិងកំពុងបោះទុន រាប់លានដុល្លារសាងសង់បុរី និងរមណីយដ្ឋាន ផ្សារសហគមន៍ និងផ្សារបែបពាក់កណ្តាលទំនើបនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយសារលោកមើលឃើញថា សេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងខេត្តនេះ កំពុងមានការរីក​ចម្រើនខ្លាំង ហើយវាជាបំណងដ៏មុតស្រួចរបស់លោក ក្នុងការប្រែក្លាយខេត្តនេះជាតំបន់ទាក់ទាញមួយ និងផ្តល់ឲ្យប្រជាពលរដ្ឋមូលដ្ឋាននូវស្តង់ដារស់នៅប្រកបដោយផាសុខភាព និងស៊ីវិល័យ ដូចនៅរាជធានីភ្នំពេញផងដែរ។

លោកបន្តថា “យើងបាននិងកំពុងសាងសង់ផ្ទះ រៀបចំរមណីយដ្ឋាន សាងសង់ផ្សារ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅទីរួមស្រុកនេះ”។ លោកបន្តថា “ប្រសិនជាគិតពីទីរួមស្រុកអូរាំងឪ ពីទីរួមស្រុកពារាំង ពីតំបន់ប្រជុំជនអ្នកលឿង មកកាន់គំរោងរបស់យើង មិនមានចម្ងាយឆ្ងាយឡើយ”។

លោកឌិន សុមេធារិទ្ឋបានបន្តថា ទីរួមស្រុកស្វាយអន្ទរ ជាតំបន់ពិសេសមួយ ដែលចំនួនប្រជាពលរដ្ឋបានកើនឡើងជាប់ជាប្រចាំ និងជាតំបន់ដែលប្រជាជនចូលចិត្តជីវិតទាន់សម័យ និងស្វែងរកអ្វីដែលថ្មី សម្រាប់ជីវិតរបស់ពួកគេ។

ភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តព្រៃវែង លោកម៉ៅ មុន្នីរតនា បានមានប្រសាសន៍ឲ្យដឹងផងដែរថា កាលពីមុន តម្លៃដីធ្លីនៅខេត្តព្រៃវែងមានកម្រិតទាប នៅលើយតែក្រោ​យមកក៏ហក់ឡើងខ្ពស់ ជាពិសេសនៅតាមតំបន់នៃច្រកព្រំដែនកម្ពុជា វៀតណាម និងមានការចាប់អារម្មណ៍ វិនិយោគពីសំណាក់វិនិយោគិនជាតិជាច្រើន ប៉ុន្តែដោយសារតែស្ថានភាពនៃវិបត្តិ ទើបធ្វើឱ្យការវិនិ​យោគ នៅក្នុងខេត្តព្រៃវែងបានស្ងប់ស្ងាត់បន្តិច។

លោកបានសម្តែងសុទិដ្ឋិនិយមថា “ទីផ្សារអចលនទ្រព្យក្នុង​ខេត្តនេះ នឹងមានសភាពល្អប្រសើរវិញនៅពេលចប់វិបត្តិ និងជាពិសេសនៅពេលគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតចាប់ផ្ដើមបើកការដ្ឋា​ន”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here