កំណាត់ផ្លូវជាតិលេខ៥ ទៅកាន់ខេត្តពោធិសាត់គ្រោងនឹងបើក សម្ភោធនៅខែមិថុនាខាងមុខ

0

   ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងពីគំរោង បើកសម្ភោធកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅកាន់ខេត្តពោធិសាត់ និងការធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវនេះ ពីក្រុងសិរីសោភ័ណ ទៅកាន់ក្រុងប៉ោយប៉ែតផងដែរ។

ការបង្ហើបព៌តមាននេះ ត្រូវបានលោកស៊ុន ចាន់ថុលលើកឡើងក្នុងជំនួបជាមួយលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈដែលលោកស្រីនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា នាចុងខែមីនានេះ។

ការស្តារ និងពង្រីកផ្លូវជាតិលេខ៥ ទទួលបានហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន ដែលរដ្ឋាភិ​បាលបាននិងកំពុងតំបន់ស្ថិតនៅអមផ្លូវនេះជាតំបន់សួនឧស្សាហកម្ម ដើម្បីទទួលបានផលប្រ​យោ​ជន៍ពីការដឹកជញ្ជូនឆ្លងកាត់ពីប្រទេសថៃ ឆ្លងកម្ពុជា មុនទៅដល់​ប្រ​ទេសវៀតណាម។

 

ពិធីសម្ភោធ និងបើកការដ្ឋានសាងសង់ពង្រីក និងស្តារផ្លូវជាតិលេខ៥ ពីសិរីសោភ័ណ ទៅកាន់ក្រុងប៉ោយប៉ែត គ្រោងនឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី៣ នៃខែមិថុនា ឱ្យបានមុនយុទ្ធនាការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ២០២៣។នេះបើតាមការឲ្យដឹងពីលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល។

លោកស្រី Kamei Haruko បានសម្ដែងនូវចំណាប់អារម្មណ៍ខ្ពស់ ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ដំណើរការអនុវត្តគម្រោង លើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងភស្តុភារកម្មនៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានរបស់ JICA ដែលមានដូចជា គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ គម្រោងសិក្សាចំណតផែកុងតឺន័រទឹកជ្រៅ នៅកំពង់ផែខេត្តព្រះសីហនុ និងគម្រោងសិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា ជាដើម។

លោកស្រីបានសម្តែងនូវសុទិដ្ឋិនិយមថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺជាដៃគូមិនអាចខ្វះបានក្នុងកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅថែមទៀត ក្នុងការលើកកម្ពស់គុណភាព នៃការរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ដ្រី សង្ឃឹមថា JICA នឹងបន្តសកម្មភាពក្នុងនាមជាដៃគូអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិ​បត្តិការនាពេលអនាគត ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅប៉ូលសេដ្ឋកិច្ចទាំង៤ ដើម្បីជំរុញឱ្យដំណើរការនៃប៉ូលសេដ្ឋកិច្ចទាំងអស់មានភាពរីកចម្រើន និងមាននិរន្តរភាពផងដែរ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងផ្សារភ្ជាប់ទៅប្រទេសជិតខាងនៅក្នុងតំបន់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here