ធនាគារពិភពលោករក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា៥,២ភាគរយនៅឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ធនាគារពិភពលោកបានរក្សាការព្យាករណ៍អត្រាកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣សម្រាប់ប្រទេសកម្ពុជានៅកម្រិត៥,២ភាគរយ ខណៈធនាគារនេះបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសជិតខាងដូចជាវៀតណាម និងថៃពីការប៉ាន់ប្រមាណកាលពីខែតុលាឆ្នាំ២០២២។

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដែលធ្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រា៦,៧ភាគរយនៅឆ្នាំនេះ តាមការព្យាករណ៍កាលពីខែតុលា ប៉ុន្តែពេលនេះត្រូវបានបន្ទាបមកត្រឹម៦,៣ភាគរយប៉ុណ្ណោះ ចំណែកកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានបន្ទាបមកត្រឹមតែ៣,៦ភាគរយ ធៀបនឹងការព្យាករណ៍កាលពីមុន៤,១ភាគរយ។

ប្រទេសកម្ពុជា​មាន​អត្រា​កំណើន​សេដ្ឋកិច្ចដ៏លឿន​បំផុត​ទី​៣នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បន្ទាប់​ពី​ប្រទេស​វៀតណាម និង​ហ្វីលីពីន។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកកំពុងអភិវឌ្ឍ (EAP) ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងនៅឆ្នាំនេះ ស្របពេលដែលប្រទេសចិនបានបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ហើយល្បឿននៃកំណើនសេដ្ឋកិច្ចភាគច្រើននៅក្នុងតំបន់ផ្សេងទៀតត្រូវបានគេរំពឹងថានឹងមានភាពធូរស្រាល បន្ទាប់ពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំងកាលពីឆ្នាំមុន។

កំណើននៅក្នុងបណ្តាប្រទេស EAP កំពុងអភិវឌ្ឍន៍ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងរហូតដល់៥,១ភាគរយនៅឆ្នាំ២០២៣នេះពី៣,៥ភាគរយក្នុងឆ្នាំ២០២២ ដោយសារការបើកដំណើរការសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសចិន។

ធនាគារពិភពលោកបានឱ្យដឹងកាលពីដើមសប្តាហ៍មុនថា នៅទូទាំងពិភពលោក ការធ្លាក់ចុះនៃកំណើនរចនាសម្ព័ន្ធកំពុងដំណើរការ ហើយតាមនិន្នាការបច្ចុប្បន្ន អត្រាកំណើនសក្តានុពលពិភពលោកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់កម្រិតទាបរយៈពេល៣ទសវត្សរ៍។

កម្លាំងស្ទើរទាំងអស់ ដែលបានជួយជំរុញដល់កំណើន និងវិបុលភាពចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ បានចុះខ្សោយ ខណៈអត្រាកំណើននៃការវិនិយោគ និងផលិតភាពកំពុងធ្លាក់ចុះ។ កម្លាំង​ពលកម្ម​ពិភពលោក​កំពុង​មាន​ភាព​ចាស់​ជរា និង​ពង្រីក​ខ្លួន​កាន់​តែ​យឺត ហើយកំណើន​ពាណិជ្ជកម្ម​អន្តរជាតិ​គឺ​ខ្សោយ​ជាង​កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ២០០០។

ទោះបីជាយ៉ាងណាក្តី ធនាគារពិភពលោកបានអះអាងថា បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ EAP ដូចជាប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ប៉ាពួញូហ្គីណេ និងហ្វីលីពីននៅតែទទួលបានភាគលាភតាមបែបប្រជាសាស្ត្រ។

យោងតាមរបាយការណ៍ធនាគារពិភពលោកបានចង្អុលបង្ហាញថា សម្រាប់ប្រទេសកម្ពុជា ឡាវ និងប៉ាពួញូហ្គីណេ ការកើនឡើងនៃចំនួនប្រជាជនក្នុងវ័យធ្វើការត្រូវបានរំពឹងទុក ហើយប្រទេសទាំងនេះអាចបន្តទទួលបានភាគលាភប្រជាសាស្រ្ត ប្រសិនបើពួកគេបង្កើតការងារគ្រប់គ្រាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here