មិនថាទោះជាស្ថិរភាពនយោបាយត្រឹមមួយរយៈពេលក្រោយនេះមានសភាពយ៉ាងណានោះទេ កម្ពុជានៅតែជាគោលដៅយ៉ាងប្រសើរបំផុតសម្រាប់បណ្តាអ្នកវិនិយោគជាតិ និងអន្តរជាតិ ដដែល ខណៈដែលប្រទេសមួយនេះ នៅតែមានសក្ដានុពលលើវិស័យអចលនទ្រព្យគួរជាទីមោទន ដែលវាស្របទៅនឹងការលើកឡើងរបស់ធនាគារពិភពលោកថា កម្ពុជាត្រូវបានគេចាត់ទុកជាកូនខ្លានៅអាស៊ី។ ជាក់ស្ដែងបច្ចុប្បន្ននេះ វិស័យមួយកំពុងតែបន្តសកម្មភាពយ៉ាគគ្រឹកគ្រេង ជាមួយគម្រោងសាងសង់សំណងអគារខ្នាតអន្តរជាតិជាច្រើនទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ។
ឯកឧត្ដម ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា បច្ចុប្បន្នវិស័យសំណង់កំពុងតែមានការរីកចម្រើនដែលទាមទារឱ្យស្ថាបត្យករត្រូវប្រឹងប្រែងរៀនសូត្របង្កើនពុទ្ធិដើម្បីប្រកួតប្រជែងគំនិតគ្នាធ្វើយ៉ាងណាឱ្យសំណង់ដែលផុសឡើងប្រកប ដោយគំនិតច្នៃប្រឌិត និងជាការទាក់ទាញអ្នកវិនិយោគ អ្នកទេសចរជាដើម។ ឯកឧត្ដមបញ្ជាក់ថា ៖ «ទៅថ្ងៃក្រោយកម្ពុជានឹងក្លាយទៅជានំមួយដ៏ឆ្ងាញ់ ឬជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ ដែលអ្នកវិនិយោគអន្តរជាតិចង់មកវិនិយោគនៅទីនេះ ។ វាគឺជានំមួយដែលគេចង់បាន ព្រោះប្រទេសកម្ពុជាយើងមានសុខសន្ដិភាព សន្ដិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ស្ថិរភាពនយោបាយ ព្រមទាំងមានច្បាប់លើកទឹកចិត្ដដល់អ្នកវិនិយោគថែមទៀតផង។ ពិសេសនោះ គឺកម្ពុជាពុំធ្លាប់ទទួលរងពីគ្រោះធម្មជាតិរញ្ជួយដី ឬក៏ខ្យល់ព្យុះធំៗឡើយ»។