ដោយ: គង់ លាងហួរ
ភ្នំពេញ: អាជីវកម្មចំនួនជាង២៤.៤០០ដែលមានទុនវិនិយោគសរុប៧,៤២ពាន់លានដុល្លារអាមេរិកបានចុះបញ្ជីនៅក្នុងដំណាក់កាលដំបូងនៃប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមអុីនធឺណិត Single Portal គិតត្រឹមខែមេសាឆ្នាំ២០២៣នេះ។
យោងតានរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ឈ្មោះអាជីវកម្មជាង១៤.៥០០ ស្ថិតនៅក្នុងដំណាក់កាលនៃការត្រួតពិនិត្យសម្រាប់ការអនុម័ត។
បើនិយាយអំពីតម្លៃនៃការវិនិយោគតាមវិស័យ ក្នុងនោះវិស័យសំណង់បាននាំមុខគេ ដែលគ្របដណ្តប់រហូតដល់១៥ភាគរយ ស្មើនឹង១.០៥០លានដុល្លារអាមេរិក បន្ទាប់មកគឺវិស័យអចលនទ្រព្យចំនួន១២ភាគរយ ស្មើនឹង៨៩៣លានដុល្លារអាមេរិក។របាយការណ៍បានបន្ថែមថា បណ្តាសកម្មភាពទីប្រឹក្សាគ្រប់គ្រងនានាតំណាង១០ភាគរយ ការផលិត៥ភាគរយ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង៤ភាគរយ និងវិស័យផ្សេងៗទៀតតំណាងឱ្យ៥៤ភាគរយ។
ប្រភពដដែលបានចង្អុលបង្ហាញថា អាជីវកម្មដែលគ្រប់គ្រងដោយបុរសមានចំនួន៦២ភាគរយនៃអាជីវកម្មដែលបានចុះបញ្ជីសរុប។ក្រសួងបានបើកដំណើរការដំណាក់កាលទី១នៃវេទិកាចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ និងដំណាក់កាលទី២នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។







