ដោយៈ សុខុម
ហូជីមិញ: រដ្ឋាភិបាលវៀតណាម គ្រោងបោះទុនច្រើនពាន់លានដុល្លារ ដើម្បីប្រែក្លាយស្រុកកាន់ធើ (Can Gio) ទៅជាមជ្ឈមណ្ឌលកម្សាន្ត និងទេសចរណ៍ដ៏អស្ចារ្យ ដែលមិនត្រឹមតែសម្រាប់ក្រុងហូជីមិញប៉ុណ្ណោះទេ ពោលគឺសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
ដោយមានភូមិសាស្ត្រ ស្ថិតនៅចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីទីក្រុងហូជីមិញ ស្រុកកាន់ធើ (Can Gio) មានផ្ទៃដីសរុប៧១.៣០០ហិកតា ហើយវាជាស្រុកតែមួយគត់នៃក្រុងហូជីមិញ ដែលមានភូមិសាស្ត្រស្ថិតនៅជាប់សមុទ្រ និងមានឆ្នេរប្រវែង២៣គីឡូម៉ែត្រ។
ស្រុកនេះមានដៃទន្លេ និងព្រែកជាច្រើន ហើយវាបានក្លាយជាតំបន់អភិរក្សព្រៃកោងកាង ដំបូងបង្អស់របស់អង្គ UNESCO នៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមសារព័ត៌មាន Vietnam Express ចុះផ្សាយកាលពីថ្ងៃទី២០ ខែឧសភា។
កាលពីពេលថ្មីៗនេះ អាជ្ញាធរក្រុងហូជីមិញ បានបញ្ចេញប្លង់លម្អិតថ្មីគួរឱ្យភ្ញាក់ផ្អើល សម្រាប់សាងសង់ទីក្រុងរមណីយដ្ឋាន មាត់ឆ្នេរដ៏អស្ចារ្យនៅទីនោះ។
ប្លង់មេសម្រាប់ទីក្រុងរមណីយដ្ឋាន មាត់ឆ្នេរកាន់ធើ (Can Gio Seaside Resort Town) ខាងលើនេះបែងចែកជាតំបន់សំខាន់ៗចំនួន៥រួមមានដូចជា តំបន់A មានមជ្ឈមណ្ឌលសន្និសីទ មជ្ឈមណ្ឌលកម្សាន្តសម្រាប់កុមារ អគារវប្បធម៌ អគារពាណិជ្ជកម្ម និងអគារសេវាកម្ម។ ចំណែកឯតំបន់B មានមជ្ឈមណ្ឌលវប្បធម៌ កីឡា ពាណិជ្ជកម្ម និងសេវាកម្ម ខណ:តំបន់C និងD មានគម្រោងពាណិជ្ជកម្ម និងសេវាកម្ម ហើយគម្រោង Eមានឧទ្យាន កន្លែងសាធារណៈ និងសមុទ្រសិប្បនិម្មិត។
ទីក្រុងនេះនឹងលាតសន្ធឹងលើផ្ទៃដី ទំហំជាង២.៨៧០ហិកតា សម្រាប់មនុស្សរស់នៅជាង២២៨.០០០នាក់រស់នៅ។
យោងតាមផែនការមេ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយចុងក្រោយនេះបង្ហាញថា វៀតណាម នឹងត្រូវការទុនវិនិយោគរហូតដល់ទៅ៣,២៤ពាន់លានដុល្លារអាមេរិក សម្រាប់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងអគារនានា ដើម្បីធ្វើឱ្យទីក្រុងរមណីយដ្ឋានមាត់ឆ្នេរនេះលេចចេញជារូបរាងឡើង។
ការអភិវឌ្ឍទីក្រុងនេះ នឹងត្រូវប្រើការរយៈពេលជាង៥០ឆ្នាំ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០៧០៕
Vietnam Express ៕