ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានចាប់ផ្តើមសាងសង់ មូលដ្ឋានថ្មីរបស់ខ្លួននៅទីក្រុង Shenzhen ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ជាមួយនឹងទុនវិនិយោគសរុបប្រហែល៣៤១លានដុល្លារអាមេរិក។
យោងតាមការចុះផ្សាយដោយសារពត៌មាន Xinhua បានឱ្យដឹងថា ពិធីបើកការដ្ឋានចាប់ផ្តើមការសាងសង់ បានរៀបចំប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។
ជាមួយនឹងផ្ទៃដីសរុបទំហំ៣៣៨.០០០ម៉ែត្រការ៉េ មូលដ្ឋាននេះនឹងមានកន្លែង សម្រាប់ប្រតិបត្តិការហោះហើរ ការថែទាំយន្តហោះ និងការដឹកជញ្ជូនទំនិញ និងភស្តុភារ រួមទាំងចំណតដឹកទំនិញអន្តរជាតិ រោងជាងសម្រាប់ការបង្កើតថ្មី នៃបច្ចេកវិទ្យាហោះហើរ និងថែទាំ និងបន្ទប់ពិសោធន៍ សម្រាប់ការឆ្លើយតបបន្ទាន់នៃកាប៊ីនអ្នកដំណើរ។ នេះបើយោងតាមការឱ្យដឹង ពីក្រុមហ៊ុនអាកាសចរណ៍ខាងលើ។
ដំណាក់កាលដំបូងនៃគម្រោង ដែលលាតសន្ធឹងលើផ្ទៃដីទំហំ២១០.០០០ម៉ែត្រការ៉េ ក្រោមទុនវិនិយោគប៉ាន់ស្មានចំនួន១,៦ពាន់លានយ័ន ត្រូវបានគេរំពឹងថា នឹងសាងសង់បញ្ចប់ នៅពាក់កណ្តាលឆ្នាំ២០២៨។
កាលពីឆ្នាំ២០២២កន្លងទៅ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានកើនឡើងដល់៣៣,១ភាគរយនៅក្នុងទីក្រុង Shenzhen ។
នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានបើក ឬបន្តជើងហោះហើរអន្តរជាតិរវាងទីក្រុងShenzhen និងទីក្រុងនានាដូចជា ឌូបៃ ហាណូយ និងហ្សាការតា ហើយក្រុមហ៊ុនគ្រោង នឹងបន្តជើងហោះហើរ Shenzhen-Sydney និង Shenzhen-Moscow នៅខែមិថុនាខាងមុខនេះ៕