កម្ពុជា-ចិន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងគ្រប់កម្រិតឱ្យកាន់តែរឹងមាំ

0

ដោយៈ ហ្វីអូណា

ភ្នំពេញៈ កម្ពុជា និងចិន បានឯកភាពគ្នា បន្តថែរក្សាទំនាក់ទំនដ៏ល្អប្រសើរលើគ្រប់វិស័យ គ្រប់កម្រិត ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ ព្រមទាំងជំរុញថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាពហុភាគីនានា ទាំងក្នុងកម្រិតតំបន់ និងសកលលោកលោក។

កិច្ចឯកភាពនេះប្រព្រឹត្តឡើង ក្នុងជំនួបរវាងសមាជិកគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលលោក ហ៊ុន ម៉ាណែត និងប្រធាននាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិ មជ្ឈិមបក្សកុម្មុយនីស្តចិន លោក ចាវ ស៊ីថុង ដែលធ្វើឡើងនាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

កិច្ចជំនួបនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងក្នុងស្មារតីជឿទុកចិត្តគ្នា បន្តរួមចំណែកពូនជ្រុំ និងលើកកម្ពស់នូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស ប្រជាជន និងជាពិសេសយុវជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រកបដោយផ្លែផ្កា។

ភាគីទាំងពីរ បានសម្តែងនូវការអបអរសាទរ ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង រវាងគណបក្សប្រទេសទាំងពីរ ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ នាពេលកន្លងមក ជាអាទិ៍៖ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការនិយោគ សុខាភិបាល អប់រំ កីឡា វប្បធម៌ និងជាពិសេសគម្រោងផ្ទះយុវជនមិត្តភាពកម្ពុជាចិន ដែលមានការរីកចម្រើនគួរឱ្យកត់សំគាល់ ហើយប្តេជ្ញាបន្តពង្រឹងឱ្យកាន់តែរឹងមាំថែមទៀត។

កម្ពុជាចិន បានអះអាងផងដែរថា ទំនាក់ទំនងរវាងគណបក្សរដ្ឋាភិបាលប្រជាជន និងប្រជាជន ជាពិសេសយុវជន ពិតជាបានរួមចំណែកយ៉ាងធំធេង ដល់ការកសាងសហគមន៍ ជោគវាសនារួមប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here