ដោយ៖ គង់ សូរិយា
ភ្នំពេញ អ្នកវិនិយោគ និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនានាបានលើកឡើងថា ការរំលាយគណបក្សសង្គ្រោះជាតិកាលពីពេលថ្មីៗនេះ មិនបានធ្វើឲ្យប៉ះ ពាល់ដល់លំហូរដល់ការវិនិយោគក្នុងអចលនទ្រព្យនោះទេ។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ វិច្ឆិកានេះថា ការវិនិយោគក្នុងវិស័យអចនទ្រព្យនៅតែមានសកម្មភាពធម្មតា ហើយអ្នកវិនិយោគថ្មីៗនៅតែបន្តចូលមកកម្ពុជា ព្រោះពួកគេស្គាល់កម្ពុជាច្បាស់ ប៉ុន្តែអ្នកវិនិយោគថ្មីៗមិនសូវស្គាល់ពីកម្ពុជា ពួកគេមានការបារម្ភខ្លះ តែអ្នកវិនិយោគដែលបានយល់ដឹងច្រើនពីកម្ពុជា ពួកគេមិនមានអ្វីបារម្ភនោះទេ ពិសេសការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ វានឹងដំណើរការធម្មតា។
-->

លោកបន្តថា នៅពេលការបោះឆ្នោតមកដល់ ប្រជាជនខ្លះព្រួយបារម្ភ ប៉ុន្តែ អ្នកវិនិយោគធំៗ ពួកគេមិនមានការបារម្ភនោះទេ ហើយបើសួរថាពេលបោះឆ្នោតខាងមុខធ្វើឲ្យវិស័យនេះវិវត្តន៍យ៉ាងដូចម្តេច គឺវិស័យនេះអាចរងផលប៉ះពាល់រយៈពេលខ្លីប៉ុណ្ណោះ ហើយមិនថាតែកម្ពុជាទេ ប្រទេសណាក៏មានផលប៉ះពាល់តុចតួចដែរ។
លោក ថម អូស៊ូលីវែន អគ្គនាយកក្រុមហ៊ុនគេហទំព័រ Realestate.com.kh ដែលបានវិនិយោគលើទឹកប្រាក់ជាច្រើនលានដុល្លារ ដើម្បីផ្តល់សេវាទិញលក់ ជួលអចលនទ្រព្យនៅកម្ពុជាបានលើកឡើងថា វិស័យនេះ និងសកម្មភាពនៃការទិញលក់ ជួលមិនមានសញ្ញាថមថយនោះទេ គឺនៅតែមានការបញ្ជាទិញ និងការស្វែងរកជួលអចលនទ្រព្យកើនឡើង។លោកបន្តថា នៅក្នុងប្រទេសកាន់ប្រជាធិបតេយ្យ នៅពេលជិតដល់ការបោះឆ្នោត តែងតែមានបញ្ហាតិចតួចក្នុងរយៈពេលខ្លី តែមិនរងផលប៉ះពាល់រយៈពេលវែងទេ។

លោកបន្តថា កុំថាឡើយតែប្រទេសកម្ពុជា សូម្បីប្រទេសអូស្ត្រាលីដែលជាទឹកដីកំណើតលោក ក៏តែងមានផលប៉ះពាល់នៅពេលការបោះឆ្នោតមកដល់ផងដែរ កម្ពុជាក៏ដូចគ្នាគឺអាចមានផលប៉ះពាល់រយៈពេលខ្លី តែក្រោយការបោះឆ្នោត អ្វីៗនឹងកាន់តែប្រសើរឡើង។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានថ្លែងថា ការវិនិយោគនៅតែបន្តទាំងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិនានា ដោយសារពួកគេមិនមានអ្វីបារម្ភនោះទេ ព្រោះបើបារម្ភពួកគេមិនវិនិយោគក្នុងវិស័យនេះទេ ដោយសារការវិនិយោគក្នុងវិស័យនេះត្រូវចំណាយប្រាក់ច្រើន ហើយបើពួកគេមិនច្បាស់លាស់ទេ ពួកគេនឹងមិនវិនិយោគនៅកម្ពុជាឡើយ ហើយអ្នកវិនិយោគក្នុងស្រុកក៏មិនបន្តវិនិយោគដែរ។

លោកឧកញ៉ាបន្តថា “ខ្ញុំនឹងវិនិយោគលើគំរោងធំៗជាច្រើនទៀត ដោយសារបរិស្ថាននយោបាយ មិនមានអ្វីគួរឲ្យបារម្ភ ខណៈដែលស្ថិរភាពនយោបាយ សន្តិភាព និងកំនើនសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរ៉ឹងមាំ”៕