ប្រព័ន្ឋបញ្ញាសប្បនិម្មិតAI នឹងដើរតួកាន់តែសកម្ម និងសំខាន់ដល់ភ្នាក់ងារអចលនទ្រព្យនាពេលអនាគតដូចម្តេច?

0

ដោយ: គង់ លាងហួរ

ហុងកុង: នៅក្នុងទីក្រុងមួយនាពេលអនាគត ពលរដ្ឋដែលចង់ទិញផ្ទះ គ្រាន់តែពន្យល់ពីតម្រូវការរបស់ពួកគេ ទៅកាន់ជំនួយការដែលមានមូលដ្ឋានបញ្ញាសិប្បនិម្មិត (AI) ដែលនឹងរៀបចំដំណើរការជ្រើសរើស និងទិញទាំងស្រុង ដោយមិនចាំបាច់មានភ្នាក់ងារអចលនទ្រព្យជាមនុស្សនោះទេ។

យុគសម័យនៃការពិសោធន៍ AI បានចាប់ផ្តើមហើយ ដោយមានក្រុមហ៊ុនជាច្រើនបោះទុនវិនិយោគ ដើម្បីយល់ពីគុណសម្បត្តិ និងគុណវិបត្តិសក្តានុពលនៃបច្ចេកវិទ្យា ក៏ដូចជា របៀបដែលវាអាចជះឥទ្ធិពល ដល់វិធីធ្វើអាជីវកម្មរបស់ពួកគេ ហើយអចលនទ្រព្យក៏មិនមានករណីលើកលែងនោះដែរ។

ជាឧទាហរណ៍ លោក Marcus Chu នាយកប្រតិបត្តិទីភ្នាក់ងារអចលនទ្រព្យ ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរីERA បានមើលឃើញថា AI ជាឱកាសមាស ក្នុងការបែងចែកក្រុមហ៊ុន និងភ្នាក់ងាររបស់លោកពីការប្រកួតប្រជែងគ្នា។លោកបន្តថា “នៅពេលដែល ChatGPT ត្រូវបានដាក់ឱ្យដំណើរការជាសាកលនៅចុងឆ្នាំ២០២២  យើងបានចាប់យកឱកាស ដើម្បីផ្លាស់ប្ដូរ ChatGPT ទៅក្នុងកម្មវិធីAppរបស់យើង ដែលហៅថា Sales+ សម្រាប់ភ្នាក់ងាររបស់យើង”។លោក Chu បានបញ្ជាក់ថា “យើងឃើញការកែលម្អ ដ៏អស្ចារ្យនៅក្នុងកម្រិតផលិតភាព ដែលមានន័យថាសេវាកម្មអតិថិជន កាន់តែប្រសើរឡើង ហើយលោកជឿជាក់ថាChatGPT បានបន្ថែមតម្លៃដ៏សំខាន់ដល់ភ្នាក់ងាររបស់លោក ហើយAI ក៏អាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មអចលនទ្រព្យផងដែរ”។

លោកRyan Li ដៃគូប្រឹក្សាផ្នែកគ្រប់គ្រងប្រចាំ នៅក្រុមហ៊ុន KPMG ប្រទេសចិន បានមានប្រសាសន៍ថា “កម្មវិធី ChatGPT អាចនាំឱ្យមានការកាត់បន្ថយចំនួនការងារ ដែលមានជំនាញទាបនៅក្នុងឧស្សាហកម្មអចលនទ្រព្យ ប៉ុន្តែវាក៏អាចឱ្យអ្នកប្រកបរបរផ្តោត ទៅលើសកម្មភាពច្នៃប្រឌិត ដែលមានតម្លៃខ្ពស់ជាងមុន ដើម្បីជំរុញការបង្កើតថ្មី និងបង្កើនប្រសិទ្ធភាព”។

លោក Ryan Li បន្តថា “ការងារដដែលៗ ដូចជាការពិពណ៌នា និងការដាក់បង្ហាញអចលនទ្រព្យ ការឆ្លើយសំណួរដែលគេសួរញឹកញាប់ និងការវិភាគទីផ្សារ ទំនងជាអាចត្រូវបានជំនួស ដោយឧបករ ណ៍មនុស្សយន្តឆ្លាតវៃដូចជា ChatGPT”។

លោក Li បានបន្ថែមទៀតថា កិច្ចការនានាដូចជាការចរចាតម្លៃ ការស្រាវជ្រាវលើតម្រូវការអតិថិជន និងការប្ដូរតាមបំណងសេវាកម្ម ទាមទារឱ្យមានអន្តរកម្មកាន់តែច្រើន ការគិតពិចារណា និងការសម្រេ ចចិត្ត។

ជាមួយគ្នានេះ លោកShih Wing-ching ប្រធានទីភ្នាក់ងារអចលនទ្រព្យ Centaline Group ដែលគ្រប់គ្រងបណ្តាញភ្នាក់ងារអចលនទ្រព្យដ៏ធំបំផុតរបស់ទីក្រុងហុងកុង ក៏កំពុងពិចារណាប្រើប្រាស់ChatGPT ផងដែរ។

លោក Shih បានលើកឡើងថា “និស្សិតបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សា អាចក្លាយជាភ្នាក់ងារអចលនទ្រព្យ ដោយសារវាមិនមែនជាឧស្សាហកម្ម ដែលមានការធានាប្រាក់ចំណូលច្រើន។ ដូច្នេះកម្រិតនៃចំណេះដឹង ក្នុងចំណោមភ្នាក់ងារអចលនទ្រព្យ គឺមិនខ្ពស់នោះទេ”។ លោក Shih បានបន្តថា “បញ្ញាសិប្បនិមិត្ត អាចជួយភ្នាក់ងារដើម្បីអាន និងដំណើរការឯកសារច្បាប់ និងផ្តល់នូវចម្លើយកាន់តែត្រឹមត្រូវ  ដោយលោកកត់សម្គាល់ថា អាជីវកម្មនេះទាមទារចំណេះដឹងពិសេសអំពីពិធីការ និងស្ថានភាពពិសេសជាច្រើន”។

លោក Shih បានសង្កត់ធ្ងន់ថា Centaline មិនទាន់អនុវត្តន៍AI នៅឡើយទេ។  លោកបានបញ្ជាក់ទៀតថា នៅពេលអនុវត្តន៍ ក្រុមហ៊ុនមិនមានគោលបំណង ជំនួសបុគ្គលិកដោយកម្មវិធីAI នោះទេ ប៉ុន្តែក្រុមហ៊ុននឹងជួយដល់ភ្នាក់ងារ ក្នុងការងាររបស់ពួកគេ និងពង្រឹងភាពត្រឹមត្រូវនៃសេវាកម្ម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here