ជប៉ុនវិនិយោគ ដាំដំណាំម្ទេសនៅខេត្តសៀមរាប នាំចេញទៅក្រៅប្រទេស ៥០០តោនជារៀងរាល់ខែ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារ នៃប្រទេសជប៉ុន គ្រោងបើកកសិដ្ឋានដាំម្ទេស ស្តង់ដារជប៉ុនលើផ្ទៃដីទំហំ៧២ហិកតា ស្រុកអង្គរធំ ខេត្តសៀមរាប។

លោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀ​ម​រាប និងក្រុមការងារកាលពីចុងសប្តាហ៍មុន បានដឹកនាំក្រុមអ្នកវិនិយោគជនជាតិជប៉ុន ដឹកនាំដោយលោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ចុះទៅពិនិត្យទីតាំងគ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន លើផ្ទៃដីចំនួន៧២ហិកតា ជំហានទី១ ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។លោក NABESHIMA KATSUHITO បានមានប្រសាសន៍ឲ្យ​ដឹងថា កសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន ដែលគ្រោងនឹងសាងសង់នេះ គឺជាបច្ចេកទេសថ្មី ហើយនឹងបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ ខណៈបច្ចុប្បន្ននេះមានអ្នកបញ្ជាទិញ រហូតដល់៥០០តោនជារៀងរាល់ខែ ហើយផែនការនេះមិនមែនលក់នៅក្នុងស្រុកនោះទេ គឺនាំចេញទៅក្រៅប្រទេសផងដែរ។

លោកបន្ថថា “នៅពេលដែលគម្រោងនេះ បានដំណើរការ កសិដ្ឋាននេះ ត្រូវការបុគ្គលិកបង្គោល ដើម្បីមើលថែដំណាំម្ទេសដែលមានគុណភាព និងស្តង់ដានាំចេញ ព្រមទាំងត្រូវការកម្លាំងពលកម្មច្រើននាក់ ក្នុងការប្រមូលផលកសិដ្ឋាននេះ ដែលវាក៏ជាឱកាសជួយបង្កើនការងារឲ្យប្រជាពលរដ្ឋនៅក្បែរៗនេះ មានការងារធ្វើជារៀងរាល់ថ្ងៃ”។ លោកបន្តថា ចំពោះការដាំដំណាំម្ទេសនេះដែរ សម្រាប់ពលរដ្ឋដែលមានដីសម្រាប់ដាំដំណាំ លោកនឹងជួយបង្រៀនទាំងផ្នែកបច្ចេ​កទេស ផ្តល់ពូជ និងទទួលទិញនូវផលដំណាំ របស់ប្រជាកសិករទាំងនោះ”។

លោក NABESHIMA បានឲ្យដឹងទៀតថា កសិដ្ឋានមួយនេះដែរ អាចដំណើរការទៅបាន អាស្រ័យទៅលើការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទើបអាចដំណើរការទៅបានដោយរលូន។ ហើយទៅថ្ងៃអនាគត វានឹងបង្ហាញឲ្យពិភពលោកដឹងថា ផលិតផល ដែលផលិតនៅក្នុងប្រទេសកម្ពុជា គឺជាផលិតផលដែលមានគុណភាពខ្ពស់ ពិភពលោកនឹងទទួលស្គាល់ផលិផលរបស់កម្ពុជាដែលដាំតាមស្តង់ដារបច្ចេកទេស។ សម្រាប់ពេលចាប់ផ្ដើមផលិតបាន យើងក៏ចាប់ផ្ដើមកែច្នៃខ្នាតតូចមួយទៀត ទៅជាគ្រឿងទេសនៅក្នុងប្រទេសកម្ពុជា ក៏ដូចជា ប្រទេសអាស៊ាន គឺចូលចិត្តញ៉ាំស៊ុប។ ដូច្នេះពួកយើងនឹងកែច្នៃទឹកម្ទេសមួយ ដែលជាប្រភេទម្ទេសកសិកម្មដាំនៅក្នុងទឹកដីខេត្តសៀមរាប មានន័យថា យើងនឹងមានទឹកម្ទេសកម្ពុជាដែលឆ្ងាញ់មានរសជាតិ។ លោកបន្តថា “ការផលិតទ្រង់ទ្រាយធំបែបនេះ ក៏ដូចជាការផ្សព្វផ្សាយ ទាញទីផ្សារពិភពលោកឱ្យបាន ឃើញប្រទេសកម្ពុជាដែលអាចផលិតបាន នៅផលិតផលដែលមានស្តង់ដារ ពេលនោះនឹងអាចទាក់ទាញនៅភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគធំៗមកវិនិយោគនៅក្នុងខេត្តសៀមរាបកាន់តែច្រើន”។

លោកក៏សង្ឃឹមថា កសិដ្ឋាននេះដែរ នឹងក្លាយជាគំរូមួយដើម្បីឲ្យប្រជាកសិករ ដែលចង់ដាំម្ទេសអាចទៅសិក្សាស្រាវ និងរៀនសូត្រពីកសិដ្ឋានបាន។ ហើយក្រុហ៊ុនលោក នឹងធ្វើមួយជំហានម្ដងមួយជំហានម្ដង កសិដ្ឋាននេះធ្វើលើផ្ទៃដី៧២ហិកតា ជាជំហានដំបូង និងធ្វើជំហានបន្តបន្ទាប់ទៀត ដើម្បីតម្រូវទីផ្សារនៅក្រៅប្រទេស លោកជឿជាក់ថា ពេលដែលកសិដ្ឋាននេះ បានដំណើរការយើងនឹងមានអ្នកកុម្មង់ទិញផ្សេងៗទៀតកាន់តែច្រើនថែមទៀត ខណៈតម្រូវការ៥០០តោនក្នុងមួយខែ គឺយើងត្រូវការផ្ទៃដី២០០ហិកតា ទើបគ្រប់គ្រាន់សម្រាប់ផលិតអោយបាន៥០០តោនក្នុងមួយខែ ដើម្បីឲ្យផលដំណាំវិលជុំបាន យើងត្រូវការចូលរួមពីប្រជាជននៅជុំវិញនោះផងដែរ។លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ បានថ្លែងបានកោតសរសើរចំពោះលោក សោម សមស័ក្ក ដែលបាននាំអ្នកវិនិយោគផ្នែកកសិកម្ម ឱ្យមកវិនិយោគក្នុងមូលដ្ឋានរបស់លោក និងថ្លែងអំណរគុណដល់លោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ដែលបានមកវិនិយោគ នៅក្នុងស្រុកអង្គរធំ ខេត្តសៀរាប។

លោកសង្ឃឹមថា កសិដ្ឋាននេះ និងជួយបណ្តុះបណ្តាលដល់ប្រជាកសិករ អោយមានជំនាញតាមបច្ចេកទេស និងមានការងារធ្វើរបានកាន់តែច្រើនថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here