ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ ស្របពេលដែលមានការទន្ទឹង ពីការចាប់ផ្តើមរៀបចំកាដ្ឋានសាងសង់ឡើងវិញនូវអាគារ Gold Tower 42 ដែលគ្រោងបោះទុនវិនិយោគតម្លៃ២៤០លានដុល្លារ អគ្គនាយកក្រុមហ៊ុន YUNWOO បានបង្ហើបឲ្យដឹងពីការចាប់ផ្តើមរៀបចំសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនេះឡើងវិញ។
លោក Kim Tae Yeon អគ្គនាយកក្រុមហ៊ុន YUNWOO Co., Ltd. បានឲ្យដឹងកាលពីសប្តាហ៍មុនថា មូលហេតុដែលលោកចាប់ផ្តើមសាងសង់អាគារនេះឡើងវិញ ដោយសារវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានភាពរីកចម្រើន ដោយសារប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។
-->

លោកបន្តថា “ហេតុផលមួយទៀត គឺខ្ញុំសន្យានិងប្តេជ្ញាចិត្តសាសង់អាគារនេះជាមួយសម្តេចហ៊ុន សែននិងប្រជាជនកម្ពុជាថា នឹងបញ្ចប់ការសាងសង់អាគារនេះនៅចុងឆ្នាំ២០១៩ខាងមុខនេះ។
វិស័យអចលនវត្ថុកម្ពុជាពិតជាមានការរីកចម្រើន ដោយទុនវិនិយោគក្នុងវិស័យនេះបានកើនឡើង២២ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទំហំទុនវិនិយោគបានកើនដល់៥៦៣៦លានដុល្លារអាមេរិក។ នេះបើគិតត្រឹមរយៈពេល៩ខែនៃឆ្នាំ២០១៧នេះ។
ក្រុមហ៊ុនYUNWOO Co, Ltdកាលពីសប្តាហ៍មុន បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន SHENGZHENG HONGTOAO Decoration និង ក្រុមហ៊ុន WAIMAN Construction & Engineering (Macao China) ដើម្បីចាប់ផ្តើមសាងសង់អាគារនេះឡើងវិញនៅដើមឆ្នាំ២០១៨ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០១។
អគារ Gold Tower 42 បានបញ្ចប់ការសាងសង់ដល់ជាន់ទី ៣១ រួចហើយ។ អគារនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលមានចំណតយានយន្តក្រោមដីចំនួន ៥ ជាន់ និងចាប់ពីជាន់ទី ១ ដល់ទី ៣ ជាផ្សារទំនើប ចាប់ពីជាន់ទី ៤ ដល់ជាន់ទី ១២ ជាអគារការិយាល័យ និងចាប់ពីជាន់ទី ១៣ ដល់ជាន់ទី ៤២ ជាខុនដូដែលមានផ្ទះចំនួន ៣៩៩ យូនីត។

លោក Kim Tae Yeon បានបន្តថា រហូតមកទល់ពេលនេះអគារ Gold Tower 42 បានចំណាយប្រាក់អស់១០០ លានដុល្លាររួចហើយ ហើយយើងនឹងចំណាយទឹកប្រាក់ ១៤០ លានដុល្លារទៀត ដើម្បីបញ្ចប់គម្រោងនេះជាផ្លូវការនៅឆ្នាំ២០១៩៕