ផ្លូវដែកចិន-ឡាវ ដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនបានជាង៤លានតោន និងមានទំនិញពីកម្ពុជាផងដែរ

0

ដោយ: គង់ លាងហួរ
វៀងចន្ទន៍ៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសឡាវបានឱ្យដឹងថា ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនទំនិញជាង៤លានតោន ចាប់តាំងពីវាត្រូវបានបើកដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២១។

ទីភ្នាក់ងារសារព័ត៌មានឡាវ (KPL) បានរាយការណ៍កាលពីពេលថ្មីៗនេះថា ចាប់តាំងពីផ្លូវរថភ្លើងបានបើកដំណើរការក្នុងខែធ្នូ ឆ្នាំ២០២១ រថភ្លើងដឹកទំនិញបានផ្ទុកទំនិញនាំចូល និងនាំចេញចំនួន៤.០៩៧.៣០០តោន។

នៅក្នុងនោះមាន ទំនិញប្រមាណ ៣.៤៥០.០០០ តោនត្រូវបាននាំចេញពីប្រទេសឡាវ ទៅកាន់ចិន និង ៦៥០.៩០០ តោន ត្រូវបាននាំចេញពីចិនទៅកាន់ប្រទេសឡាវ។ ទន្ទឹមនឹងនេះ ប្រតិបត្តិករធុរកិច្ចនានានៅក្នុងប្រទេសឡាវ ថៃ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា ក៏កំពុងប្រើប្រាស់ផ្លូវដែកចិន-ឡាវនេះដើម្បីដឹកជញ្ជូនទំនិញទៅ និងមកពីប្រទេសចិន និងលើសពីនេះផងដែរ។

ប្រទេសថៃកំពុងដឹកជញ្ជូនទំនិញបន្ថែមទៅកាន់ប្រទេសចិន តាមរយៈផ្លូវដែកដែលទំនិញជាចម្បង គឺផលិតផលកសិកម្ម។ ពេលវេលាដែលត្រូវដឹកជញ្ជូនទំនិញតាមរយៈរថភ្លើងគឺមានរយៈពេល៣ថ្ងៃលឿនជាងផ្លូវដឹកជញ្ជូនមុនៗតាមផ្លូវថ្នល់។

ផ្លូវដែកចិន-ឡាវ ដែលជាគម្រោងដ៏សំខាន់ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដ៏មានគុណភាពខ្ពស់ បានចាប់ផ្តើមដំណើរការក្នុងខែធ្នូ ឆ្នាំ២០២១។ ផ្លូវដែកឆ្លងកាត់ព្រំដែននេះមានប្រវែង១.០៣៥គីឡូម៉ែត្រតភ្ជាប់ទីក្រុងគុនមីងភាគនិរតីនៃប្រទេសចិនជាមួយរដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here