ដោយៈ សុខុម
បាងកក: ក្រុមហ៊ុន Chevron Thailand Exploration and Production ចង់បង្កើនការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែករបស់រដ្ឋាភិបាលថៃ លើការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដែលមានតម្លៃថ្លៃ ដោយក្រុមហ៊ុននេះ បានបង្កើនការផលិតប្រេងនៅឈូងសមុទ្រថៃ។
ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកនេះ ទទួលបានអាជ្ញាប័ណ្ណរុករក និងផលិតប្រេងនៅប្លុក G2/65 ដែលគ្របដណ្តប់លើផ្ទៃដី១៥.០៣០គីឡូម៉ែត្រក្រឡា ក្នុងឈូងសមុទ្រថៃ ក្រោមកិច្ចសន្យាចែករំលែកផលិតកម្ម ដែលបានចុះហត្ថលេខាជាមួយនាយកដ្ឋានឥន្ធនៈរ៉ែ (Mineral Fuels) កាលពីថ្ងៃទី៣០ ខែឧសភា។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១២ ខែមិថុនា។
នាយកដ្ឋាននេះ បានផ្តល់អាជ្ញាប័ណ្ណ២ផ្សេងទៀត សម្រាប់ប្លុក G1/65 និងប្លុកG3/65 ដែលលាតសន្ធឹងលើផ្ទៃដី២០.១៣៣គីឡូម៉ែត្រការ៉េដល់ក្រុមហ៊ុនPTT Exploration and Production Plc នៅក្នុងការដេញថ្លៃជុំទី២៤ ដែលបានធ្វើឡើងកាលពីឆ្នាំមុន។
-->
លោក Chatit Huayhongtong ប្រធានក្រុមហ៊ុន Chevron Thailand ថ្លែងថា ក្រុមហ៊ុន Chevron រំពឹងថានឹងផលិតឧស្ម័នធម្មជាតិនៅប្លុកG2/65 ប៉ុន្តែក៏ជឿជាក់ដែរថា ខ្លួននឹងរកឃើញប្រេងឆៅមួយចំនួននៅតំបន់នេះ មានទីតាំងនៅជិតប្លុកឧស្ម័នPailin ដែលក្រុមហ៊ុន Chevron កំពុងដំណើរការ។
ក្រុមហ៊ុនកំពុងរៀបចំធ្វើការស្ទង់មតិ ដើម្បីសិក្សាពីរចនាសម្ព័ន្ធភូមិសាស្ត្រដោយលម្អិត ដើម្បីកំណត់សមិទ្ធលទ្ធផល នៃការរកឃើញប្រេងឥន្ធនៈ។
ក្រុមហ៊ុននេះក៏គ្រោងនឹងខួងអណ្តូង រុករកចំនួន២ទៀតក្នុងរយៈពេល៦ឆ្នាំ។ ប្រសិនបើការរុករកបញ្ជាក់ថា អាចមានរ៉ែឥន្ធៈច្រើន នឹងមានការបោះទុនវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍអណ្តូងទាំងនោះទៅជាអណ្តូងផលិតកម្ម។
លោក Chatit Huayhongtong លើកឡើងថា ប្រេងឥន្ធនៈពីប្លុកនេះ នឹងពង្រឹងសន្តិសុខថាមពលរបស់ប្រទេសថៃ នាពេលអនាគត។ ក្រុមហ៊ុន Chevron គ្រោងនឹងធ្វើការវិនិយោគបន្ថែម នៅក្នុងប្លុក Bailin ហើយកំពុងស្ថិតក្នុងដំណើរការស្នើសុំ ឱ្យអាជ្ញាធរបន្ថែមរយៈពេលផលិតប្រេង១០ឆ្នាំបន្ថែមទៀត។
ក្រុមហ៊ុន Chevron ក៏គាំទ្រឱ្យប្រទេសថៃ និងកម្ពុជា ធ្វើកិច្ចចរចាគ្នា ជុំវិញតំបន់អះអាងត្រួតស៊ីគ្នា (OCA) រវាងប្រទេសទាំងពីរផងដែរ ដើម្បីរួមគ្នាអភិវឌ្ឍទីតាំងប្រេងថ្មី នៅប៉ែកខាងលើនៃឈូងសមុទ្រថៃ។

លោក Chatit Huayhongtong ថ្លែងថា រដ្ឋាភិបាលបន្ទាប់របស់ថៃ គួរតែជំរុញកិច្ចចរចាជុំវិញតំបន់អះអាងត្រួតស៊ីគ្នា (OCA) ព្រោះក្រុមហ៊ុន Chevron បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមការរុករកប្រេង ប្រសិនបើការចរចាទទួលបានជោគជ័យ៕ Bangkok Post៕
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!