ដោយៈ សុខុម
ប៉េកាំងៈ ប្រទេសចិន កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅបានចាប់ផ្តើមសាងសង់ ខ្សែបញ្ជូនចរន្តផ្ទាល់តង់ស្យុងខ្ពស់ ដែលតភ្ជាប់តំបន់ថ្នាក់ខេត្តចំនួន២។ នេះបើយោងតាមក្រុមហ៊ុនអគ្គិនសី The State Grid Corporation of China (SGCC)។
ដោយលាតសន្ធឹងប្រវែងសរុប១.៦៣៤គីឡូម៉ែត្រ គម្រោងបញ្ជូនអគ្គិសនីនេះ ចាប់ផ្តើមពីចំណុចតំបន់ស្វយ័ត Ningxia Hui ភាគពាយព្យនៃប្រទេសចិន និងបញ្ចប់នៅខេត្តហ៊ូណាន (Hunan) ភាគកណ្តាល។ គម្រោងនេះរត់ឆ្លងកាត់តំបន់ថ្នាក់ខេត្តចំនួន៦ នៅទូទាំងប្រទេសចិន។
ក្រុមហ៊ុនខាងលើនិយាយថា គម្រោងនេះមានសមត្ថភាពបញ្ជូនចរន្តអគ្គសនី៨លានគីឡូវ៉ាត់ (KW) ជាមួយនឹងទំហំទុនវិនិយោគសរុបរហូតដល់ ប្រមាណ៣,៩៥ពាន់លានដុល្លារអាមេរិក។
-->
ក្រុមហ៊ុនបញ្ជាក់ថា នៅពេលការសាងសង់បញ្ចប់ជាស្ថាពរ ខ្សែបញ្ជូននេះ ត្រូវបានប៉ាន់ប្រមាណថា នឹងផ្គត់ផ្គង់ថាមពលអគ្គិសនីបានជាង៣៦ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) ក្នុងមួយឆ្នាំដល់ខេត្តហ៊ូណាន ជាខេត្តមួយដែលមានតម្រូវការថាមពលខ្លាំង សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ខ្លួន។
គម្រោងនេះគឺជាផ្នែកមួយ នៃផែនការជាតិដែលមហាយក្សចិន បានបង្ហាញកាលពីឆ្នាំមុន ដើម្បីអភិវឌ្ឍថាមពលស្អាត រួមទាំងថាមពលខ្យល់ និងថាមពលសូឡាផងដែរនៅតំបន់វាលខ្សាច់ និងតំបន់ស្ងួតហែងនៃប្រទេសចិន ដែលភាគច្រើនមានទីតាំង នៅភាគពាយ័ព្យនៃប្រទេសនេះ។
ប្រទេសចិន បានប្រកាសថា ខ្លួននឹងឈានដល់ការបំភាយកាបូន ឌីអុកស៊ីតខ្ពស់បំផុតនៅឆ្នាំ២០៣០ និងសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៦០៕ Xinhua៕