ដោយៈ និស្ស័យ
ភ្នំពេញៈ កម្ពុជាទទួលបានគម្រោងវិនិយោគ នៅក្នុងវិស័យទេសចរណ៍ចំនួន២ ក្រោមទុនវិនិយោគជិត៤០លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣។ នេះបើតាមថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍។
យោងតាមរបាយការណ៍បូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ឆមាសទី ២ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ ២០២៣-២០២៤ របស់ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះថា ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២៣ កម្ពុជាទទួលបានការវិនិយោគទេសចរណ៍ចំនួន២ គឺគម្រោងអភិវឌ្ឍន៍ “កោះមួយ” ស្ថិតក្នុងខេត្តព្រះសីហនុ និងគម្រោងអភិវឌ្ឍន៍ “កោះទទឹង” នៅខេត្តកោះកុង ដែលគម្រោងទាំង២ មានទុនវិនិយោគសរុប៣៧,៧លានដុល្លារ។
ចំណែកនៅឆ្នាំ ២០២២ គម្រោងវិនិយោគលើវិស័យទេសចរណ៍ មានចំនួន ៦ ដែលមានទុនវិនិយោគ៣៧៧០ លានដុល្លារ កើន១ ០០០ភាគរយ បើធៀបនឹងឆ្នាំ២០២១។
លោក ទិត ចន្ថា បានលើកឡើងថា វិស័យទេសចរណ៍នៅកម្ពុជា “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” គឺជាវិស័យអាទិភាពមួយដែលអាចប្រៀបបាននឹង “មាសបៃតង” របស់កម្ពុជា និងបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការផ្តល់ឱកាសការងារ ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងជាវិស័យនាំចេញនៅនឹងកន្លែង ព្រមទាំងរកទីផ្សារលក់ផលិតផល ជូនប្រជាពលរដ្ឋផងដែរ។លោកបន្តថា “ក្នុងគោលបំណងជំរុញការងើបឡើងវិញ ក្នុងវិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ រដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវច្បាប់ បទប្បញ្ញត្តិ និងវិធានការសេដ្ឋកិច្ចសង្គមនានាសំដៅធានាស្រោចស្រង់ជីវិត និងទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេស “ផែនទីចង្អុលផ្លូវ” ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ (២០២០-២០២៥)។
លោកបន្តថា ក្រោយការបើកប្រទេសទាំងស្រុងឡើងវិញ (ចុងឆ្នាំ ២០២១) កម្ពុជាបានទទួលទេសចរអន្តរជាតិ រហូតដល់ជាង ២,៣ លាននាក់ និងទេសចរក្នុងស្រុក១៣,៩ លាននាក់ក្នុងឆ្នាំ២០២២ ខណៈរយៈពេល៥ខែ ឆ្នាំ២០២៣ ទេសចរអន្តរជាតិ មានចំនួន២,១ លាននាក់ កើនឡើង៥៣០ភាគរយ និងទេសចរក្នុងស្រុក១០លាននាក់កើន៧៦,៤ ភាគរយ។លោកឱ្យដឹងទៀតថា ចក្ខុវិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០២៣ នេះ គឺកម្ពុជានឹងអាចទទួលបានទេសចរអន្តរជាតិ៤,៤លាននាក់ និងទេសចរផ្ទៃក្នុងជាង១៦លាននាក់។ ឆ្នាំ ២០២៦ ភ្ញៀវទេសចរអន្តរជាតិ នឹងមានចំនួន៧លាននាក់។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានសម្តែងការស្វាគមន៍ចំពោះគម្រោងថ្មីៗ ក្នុងវិស័យទេសចរណ៍ ពិសេសការវិនិយោគតាមបណ្តាកោះ ដោយលោកអះអាងថា គម្រោងអភិវឌ្ឍន៍នៅតាមបណ្តាកោះ នឹងផ្តល់ផលវិជ្ជមានជាច្រើនទាំងសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចប្រទេស។
លោកបន្តថា “កម្ពុជាមានធនធានធម្មជាតិច្រើន ប៉ុន្តែការកែច្នៃដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរ គឺនៅអន់ថយនៅឡើយ”។លោកបន្តថា “ខ្ញុំពិតជារីករាយ និងគាំទ្រឱ្យមានការវិនិយោគនៅក្នុងវិស័យទេសចរណ៍ឱ្យបានច្រើន ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ”៕