ដោយ គង់ សូរិយា
ភ្នំពេញ៖ អ្នកវិនិយោគ និងអ្នកជំនាញបានទទួលស្គាល់ស្របគ្នាថា ទីផ្សារលំនៅដ្ឋានបានងាកចេញបន្តិច ពីអចលនទ្រព្យមានតម្លៃខ្ពស់ មកកាន់ទីផ្សារសម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងចំណូលទាប។
អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការលក់លំនៅដ្ឋាន និងខុនដូដែលមានភាពប្រណីត និងមានតម្លៃខ្ពស់ហាក់មានល្បឿនយឺតបន្តិច ប៉ុន្តែលំនៅដ្ឋានដែលមានតម្លៃសមរម្យសម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម និងចំណូលទាបមានភាពល្អប្រសើរ ដោយសារប្រជាជន ស្ថិតក្នុងក្រុមនេះមានចំនួនច្រើន ធៀបនឹងក្រុមប្រជាជនដែលមានជីវភាពខ្ពស់។
-->
អ្នកនាងបន្តថា “ពេលខ្ញុំជួបអ្នកវិនិយោគ និងពិគ្រោះយោបល់ជាមួយពួកគេ ខ្ញុំតែងប្រាប់ពួកគេគួរផ្តោតការវិនិយោគ ដោយផ្តោតលើអតិថិជនប្រភេទនេះ។ អ្នកនាងបន្ថែមថា “នេះជាមូលដ្ឋានទីផ្សារធំ និងជាទីផ្សារពិតប្រាកដ ហើយការវិនិយោគលើប្រជាជនផ្នែកនេះ នឹងទទួលបានជោគជ័យ។

លោក មាស ង៉ែតវាស នាអគ្គនាយកក្រុមហ៊ុន FURI NAKI ដែលបាននិងកំពុងបោះទុន ១០លានដុល្លារ សាងសង់គំរោង RAVANA ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្បែរផ្លូវ៦០ម៉ែត្របានថ្លែងថា ការសម្រេចចិត្តវិនិយោគលើគំរោងលំនៅដ្ឋានមានតម្លៃទាប ចន្លោះពី ៣៥០០០ ទៅ ៦០០០០ដុល្លារ ដោយសារលោកមើលឃើញកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅតែមានភាពរឹងមាំ។

លោកបន្តថា “ការផ្តោតលើប្រជាជនមានជីវភាពមធ្យម ជារឿងត្រឹមត្រូវដោយសារខ្ញុំគិតថាវាជាទីផ្សារធំ ព្រោះប្រជាជនស្ថិតក្នុងក្រុមនេះមានចំនួនច្រើន ហើយបើពួកគេមានប្រាក់ខែត្រឹម ៥០០ទៅ ៦០០ដុល្លារ ក្នុងមួយខែពួកគេអាចមានលទ្ឋភាពទិញលំនៅដ្ឋានបែបនេះបានហើយ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានថ្លែងលើកឡើងស្រដៀងគ្នាថា ការលក់លំនៅដ្ឋានមានតម្លៃខ្ពស់វាហាក់មានភាពយឺតយ៉ាវបន្តិច ប៉ុន្តែលំនៅដ្ឋានដែលមានតម្លៃមធ្យម មានការលក់ដាច់លឿនជាក់ស្តែងគំរោងរបស់លោក ដែលមានផ្ទះជាង២០០ ជាគំរោងផ្តោតលើប្រជាជនមានជីវភាពមធ្យម និងទាបលក់ដាច់អស់ក្នុងរយៈពេលតែមួយខែ សម្រាប់គំរោងថ្មីរបស់លោក ដែលស្ថិតនៅតាមផ្លូវជាតិលេខ៦អា។

លោកបន្តថា “ខ្ញុំគិតថាទីផ្សារបានចាប់ផ្តើមប្រែប្រួលហើយ តែអចលនទ្រ ព្យក្នុងតំលៃនេះ ពិបាករកភាពចំណេញបន្តិច។លោកបន្តថា “ការអភិវឌ្ឍន៍លំនៅដ្ឋានក៏អាស្រ័យតាមទីតាំងផងដែរ ព្រោះទីតាំងស្ថិតនៅតំបន់ពាណិជ្ជកម្មរសរវើក ដីមានតំលៃថ្លៃ ក៏យើងមិនអាចសាងសង់និងលក់ក្នុងតំលៃទាបដែរ ព្រោះមិនអាចរកផលចំណេញបាន”៕