ដោយ: គង់ លាងហួរ
អន្តរជាតិ: កំណើនសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងទំនងជាបានធ្លាក់ចុះបន្តិចជាងកាលពីត្រីមាសមុន ខណៈដែលការនាំចេញធ្លាក់ចុះ និងអត្រាការប្រាក់ខ្ពស់បានជះផលប៉ះពាល់ដល់ការប្រើប្រាស់ឯកជន ដែលគ្របដណ្តប់ប្រហែលពាក់កណ្តាលនៃសេដ្ឋកិច្ច។
ការនាំចេញពីប្រទេសសេដ្ឋកិច្ចធំជាងគេទី៤នៅតំបន់អាស៊ីមួយនេះបានធ្លាក់ចុះនៅក្នុងខែមិថុនា ចំណែក ការនាំចូលក៏ធ្លាក់ចុះផងដែរ ដែលនេះបង្ហាញពីកង្វះខាតនៃតម្រូវការក្នុងស្រុក និងតម្រូវការពីបរទេស ជាពិសេសពីប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។
យោងតាមការព្យាករជាមធ្យមរបស់អ្នកសេដ្ឋកិច្ចចំនួន២២នាក់ បានឱ្យដឹងថា ដោយផ្អែកលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ ផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងកើនឡើង០,៨ភាគរយនៅក្នុងអំឡុងខែមេសាដល់ខែមិថុនា ដែលថយចុះបន្តិចបើធៀបទៅនឹងកំណើន០,៩ភាគរយដែលបានកែប្រែក្នុងខែមករាដល់ខែមីនា។ទោះបីជាយ៉ាងណាក្តី បើផ្អែកលើមូលដ្ឋានប្រចាំត្រីមាស សេដ្ឋកិច្ចដែលជំរុញដោយនាំចេញរបស់ប្រទេសនេះបានងើបឡើង០,៥%នៅត្រីមាសទី២ ពោលគឺខ្ពស់ជាងកំណើន០,៣% នៅក្នុងត្រីមាសទី១។