វិភាគៈ គណបក្សដែលអាចយកបានបេះដូងប្រជាពលរដ្ឋ និងយល់ពីតម្លៃសន្តិភាព និងការអភិវឌ្ឍ

0

ដោយៈ យិន លាងគង់ អគ្គនាយកគេហទំព័រ Propertyarea

ភ្នំពេញៈ អ្នកមិនយល់ពីតម្លៃនៃសុខសន្តិភាព អ្នកប្រឆាំងផ្កាប់មុខ ត្រូវបានព្រះបរាហ៍មុខ នៅពេលដែលប្រជាពលរដ្ឋកម្ពុជាជាង៨លាននាក់ បានទៅបោះឆ្នោតប្រកបដោយស្នាមញញឹម។

ការបដិសេធអំណរសាទររបស់ប្រជាពលរដ្ឋ ដែលយល់និងរីក​រាយនឹងសុខសន្តិភាព ជាការបំផ្លាញខ្លួនឯង និងគណបក្សរបស់ខ្លួននៅចំពោះមុខប្រវត្តិសាស្រ្ត។

សន្តិភាពក្រោមស្នាមញញឹម

នៅគ្រប់មណ្ឌលបោះឆ្នោត ទាំងជាង២០,០០០ការិយាល័យ ប្រជាពលរដ្ឋបានសស្រាក់សស្រាំ ឈរតំរង់ជួរជាមួយទឹកមុខញញឹម ញញែម ដើម្បីត្រៀមគូសសន្លឹកឆ្នោតឲ្យគណបក្ស ដែលពួកគេជឿជាក់ និងស្រលាញ់ពេញចិត្ត ដែលនេះជាការបង្ហាញពីឆន្ទៈរបស់ពួកគេ ក្នុងការចូលរួមថែររក្សានូវសុខសន្តិភាព និងការអភិវឌ្ឍបន្ត បើទោះបីជាពួកគេដឹងថា រាជរដ្ឋាភិបាល៦អាណ្តត្តិកន្លងមក មិនបានបំពេញការងារល្អឥតខ្ចោះក្តី ប៉ុន្តែពួកគេពេញចិត្តនូវសមិទ្ឋផល ដែលពួកគេបានឃើញផ្ទាល់ភ្នែក ហើយប្រជាពលរដ្ឋគ្រប់រូប សុទ្ឋតែបានទទួលបានផលប្រ​យោជន៍ ពីការរីកចម្រើនសេដ្ឋកិច្ច និងសង្គមរបស់ពួកគេ ប្រកបដោយសមធ៌ម។

កសាងប្រទេសចេញពីបាតដៃទទេ បញ្ចប់សង្រ្គាមស៊ីវិលដែលបានអូសបន្លាយ និងធ្វើឲ្យប្រទេសមានសុខសន្តិភាព១០០ភាគរយ ធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន រយៈពេលជាងពីរទសវត្សរ៍ រហូតធ្វើឲ្យប្រ​ទេសនេះ អាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច មកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥ គឺជាអ្វីដែលសម្តេចតេជោបានលះបង់ និងបានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីនាំកម្ពុជាឆ្ពោះទៅមុខដោយស្វាហាប់ និងឈានទៅកាន់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។

ជាមួយនឹងការផ្លាស់ប្តូរទាំងស្រុង នូវមុខមាត់រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ជាមួយនឹងចក្ខុវិស័យដ៏មុតស្រួច ក្នុងការកសាងកម្ពុជា សម័យថ្មី ប្រកបដោយវិបុលភាពសម្រាប់ប្រជាជាតិគ្រប់រូប។

កសាងយុទ្ឋសាស្រ្តថ្មី

យុទ្ឋសាស្រ្តចតុកោណ ត្រូវបានដាក់ចេញ និងអនុវត្តន៍ ក្នុងរយៈពេលពីរអាណត្តិកន្លងមកនេះ បានធ្វើឲ្យកម្ពុជាលេចមុខមាត់លើឆាកអន្តរជាតិ តាមរយៈការធ្វើសមាហរណកម្មប្រទេសនេះ ទៅក្នុងសហគមន៍អន្តរជាតិ និងពិភពលោក ហើយឋានៈនិងតួនាទីរបស់កម្ពុជាមានភាពស្មើមុខស្មើមាត់ ជាមួយមហាអំណាចធំៗលើពិភពលោក ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន។

ស្របពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បាននិងកំពុងត្រៀមដាក់ចេញយុទ្ឋសាស្រ្តថ្មីរបស់ខ្លួន “គឺយុទ្ឋសាស្រ្តបច្ច​កោ​ណ” ដែលយុទ្ឋសាស្រ្តនេះ ជាការទាញយកនូវកាលានុវត្តន៍ភាព ពីបដដិវត្តន៍ឧស្សាហកម្ម4.០ តាមរយៈបច្ចេកវិទ្យា និងប្រើប្រាស់កំលាំងពលកម្មជំនាញ កាន់តែច្រើនដើម្បីទាញយក និងបង្កើននូវគុណតម្លៃបន្ថែម ពីការរីកចម្រើនសេដ្ឋកិច្ចរបស់ពិភពលោក និងកសាងនូវមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពធន់ និងរីកចម្រើនរយៈពេលវែងបន្តទៀត។

យុទ្ឋសាស្រ្តទឹក ភ្លើង ផ្លូវ មនុស្សរបស់សម្តេចតេជោ ដែលបានដាក់ចេញកាលពីទសវត្សរ៍ទី៨០ ក៏នៅតែត្រូវតាមបរិបទពិភពលោក ប៉ុន្តែស្របពេលបញ្ហាកសកល និងការរីកចម្រើនបច្ចេកវិទ្យា គោលនយោបាយនេះមានភាពប្រែប្រួល ដោយសម្តេចតេជោបានយក”មនុស្ស”ជាអាទិភាពទី១វិញ គឺ“មនុស្ស ផ្លូវ ភ្លើង និងទឹក” ដើម្បីឲ្យកម្ពុជាដើរស្របតាមនិន្នាការ រីកចម្រើនរបស់ពិភពលោក។

ការរិះគន់របស់ពួកក្រុមអគតិ

ការគ្មានវត្តមានរបស់បក្សប្រឆាំង នៅក្នុងការបោះឆ្នោតអាណត្តិទី៧នេះ ប្រៀបដូចជាសួនច្បារ ដែលគ្មានស្មៅកន្រ្តើយមួយដើមប៉ុណ្ណោះ។

មេដឹកនាំ ដែលប្រឆាំងទាំងងងឹត​ងងល់នេះ តែងតែមានចេតនាបំផ្លាញកម្ពុជា ដោយគ្រាន់តែយកពាក្យ “ប្រជាធិបតេយ្យ និងសិទ្ឋ​មនុស្ស” មកធ្វើជាស្រមោលលំអរឆាក​ និងព្យាយាមលាបព៌ណរដ្ឋាភិបាលស្របច្បាប់ គឺជាទង្វើ មិនអាចទទួលយកបានពីប្រជាពលរដ្ឋខ្មែរភាគច្រើន។

សកម្មភាព និងគោលនយោបាយប្រឆាំងនិយមនេះ ត្រូវបានអ្នកជំនាញវិទ្យាសាស្រ្តនយោ​បា​យ អាចវិភាគបានលើទិដ្ឋភាពមួយចំនួន ដូចជា ទី១ ពួកគេបានដឹងថា ជីវិតនយោបាយេរបស់ពួកគេបានឈា​នបញ្ចប់ ទី២ ប្រជាពលរដ្ឋជាង៨លាននាក់ បានកាត់ក្តីពួកគេរួចហើយ តាមរយៈការចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ។

ទី៣ ក្រុមបញ្ញវ័ន្ត ដែលពីមុនមានភាពស្ទាក់ស្ទើរ និងគាំទ្រគណបក្សប្រឆាំង បានងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងពេញទំហឹង ទី៤ សហគ្រិននានា​ ដែលធ្លាប់មិនហ៊ានពាក់អាវគណបក្សប្រជាពលរដ្ឋ ពួកគេបានចេញមុខយ៉ាងបើកចំហ គាំទ្រ និងចូលរួមហែរឃោសនាបោះឆ្នោត យ៉ាងគគ្រឹកគគ្រេងពេញរាជធានីភ្នំពេញ។

ហេតុនេះ ការរិះគន់របស់គណបក្សប្រឆាំង និងជនបរទេសមួយក្តាប់តូច លើការដឹកនាំរបស់សម្តេចតេជោ គឺជាស​ម្លេងមួយដែលមិនត្រូវបានសាទរពីប្រជាពលរដ្ឋនោះឡើយ វាប្រៀបបាននឹងពាក្យស្លោកមួយបា​នពោលថា “ទោះមាន់មិនរងាវ ក៏ថ្ងៃនៅតែរះដដែល”។

ការត្រៀមខ្លួនផ្ទេរអំណាចដើម្បីបញ្ចូលឈាមថ្មី?

តាមរយៈកិច្ចសម្ភាសន៍ជាមួយ នឹងសារព៌តមានអន្តរជាតិ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបពីការផ្ទេរអំណាចទៅកាន់លោកបណ្ឌិតហ៊ុន ម៉ាណែតបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត នៅពេលឆាប់ៗនេះ ដែលសេណារីយោនេះ ជាការផ្លាស់ប្តូរកម្ពុជាជាប្រវត្តិសាស្រ្ត ជាមួយនឹងឈាមថ្មី គំនិតថ្មី ស្របតាមបរិបទថ្មី នៃការរីកចម្រើនរបស់សង្គមជាតិ និងការប្រែប្រួលនៃភូមិសា​ស្រ្ត និងបរិបទនយោយាយ ដែលកាន់តែពិបាកទស្សន៍ទាយទុកមុនបាន។

លោកបណ្ឌិតហ៊ុន ម៉ាណែតបានទទួលការគោរពស្រលាញ់ពីប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ដោយសារទី១ លោកជាមេដឹកនាំវ័យក្មេង ពោរពេញដោយគុណធ៌ម និងចរិយាធ៌ម ទី២ ជាមេដឹកនាំ ដែលមានចំណេះដឹងជ្រៅជ្រះ ដែលលោកទទួលបានសញ្ញាបត្របណ្ឌិតចំនួន៣ គឺសញ្ញាបត្របណ្ឌិតពីសាលាយោធា ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក West Point សញ្ញាបត្របណ្ឌិតវិទ្យាសាស្រ្តនយោបាយ និងសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ច។

ទី៣ លោកបណ្ឌិតហ៊ុន ម៉ាណែត ក៏ជាបុគ្គលឆ្នើម ដែលទទួលបានការគាំទ្រ ពីថ្នាក់ដឹកនាំគណបក្សប្រជាជន គ្រប់លំដាប់ថ្នាក់ ទី៤ លោកក៏ទទួលបានការគាំទ្រ និងកោតសរសើរពីបណ្តាមេដឹកនាំប្រ​ទេសមហាអំណាចធំៗ ដូចជា មហាអំណាចចិន មហាអំណាចជប៉ុន និងមេដឹកនាំប្រទេសជាច្រើនទៀត។

ទី៥ លោកបណ្ឌិតហ៊ុន ម៉ាណែតបានផ្សារភ្ជាប់ជីវិតយ៉ាងជិតស្និទ្ឋជាមួយប្រជាពលរដ្ឋ ទាំងនៅគ្រាលំបាក និងរីករាយជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ការមានមេដឹកនាំដ៏ឆ្នើមមួយរូប ក្នុងប្រវត្តិសាស្រ្តរយៈពេលជាង៥០០ឆ្នាំ ដែលនាំមកនូវសុខសន្តិភាព វិបុលភាពពេញផ្ទៃប្រទេស និងរៀបចំមេដឹកនាំថ្មីប្រកបដោយថាមភាព និងគតិបណ្ឌិតគឺជាភព្វសំណា​ងរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលនឹងនៅតែរក្សាបាននូវស្នាមញញឹម សេចក្តីអំណរសាទរ ដើម្បីរួមគ្នាកសាងកម្ពុជាឆ្ពោះទៅកាន់ឋានៈថ្មី​ជាប្រទេសអ្នកមាន ឬប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។

រួមគ្នារក្សាសន្តិភាព អរគុណសន្តិភាពទាំងអស់គ្នា ដើម្បីសេចក្តីរីកចម្រើន និងបន្តលើកកំពស់កិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិ និងពិភពលោកមួយ សម្រាប់ប្រជាជាតិមួយរស់ក្នុងភាពស៊ីវិល័យ និងនិតិរដ្ឋពេញលេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here