ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងធ្វើពង្រាងច្បាប់គ្រប់គ្រងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដើម្បីពង្រឹងវិស័យនេះ ឲ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។
យោងតាមព៌តមានដែលគេហទំព័រ Propertyarea.asia ទទួលបាននាព្រឹកថ្ងៃទី២៧ វិច្ឆិកានេះបានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះបានបញ្ចប់ហើយ និងកំពុងបញ្ជូលទៅក្រុមមន្ត្រីជំនាញ នៃទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យ។ សេចក្តីព្រាងច្បាប់នេះ មានគោលដៅពង្រឹងទៅលើយន្តការងារមួយចំនួន ដូចជា ទី១ ច្បាប់នេះជំរុញ និងដាក់បទបញ្ញត្តិឲ្យក្រុមហ៊ុនភ្នាក់ងារវាយតម្លៃ មានក្រមសីលធ៌មវិជ្ជាជីវៈពាក់ព័ន្ឋនឹងការធ្វើការងារ តាមនិយាមនិងបទដ្ឋានបច្ចេកទេសសមស្រប និងតម្រូវឲ្យក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ត្រូវទិញធានារ៉ាប់រងដែលកំណត់ដោយច្បាប់ថ្មីនេះ។
-->
ទី២ ច្បាប់នេះក៏គ្របដណ្តប់ទៅលើក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ សំដៅដល់ភ្នាក់ងារទាំងឡាយណា ដែលផ្តល់សេវាកម្ម ទិញ លក់ ជួលតំណាងឲ្យម្ចាស់អចលនទ្រព្យ ទី៣ គឺច្បាប់នេះក៏គ្រប់គ្រងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ សំដៅធ្វើយ៉ាងណាឲ្យការអភិវឌ្ឍមានគុណភាព និងជាការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Mekong លោក ច្រឹក សុខនីម ដែលបានចូលរួមក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៧ វិច្ឆិកានេះបានឲ្យដឹងថា ច្បាប់នេះមានគោលដៅគ្រប់គ្រងក្រុមហ៊ុនវាយតំលៃ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនអភិវឌ្ឍន៍ ឲ្យមានក្រមសីលធ៌មនិងស្តង់ដាវិជ្ជាជីវៈ ហើយយើងស្វាគមន៍ច្បាប់ថ្មីនេះ ព្រោះច្បាប់នេះជាការជួយដល់អ្នកវិនិយោគ និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនានា។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក CBRE Cambodia អ្នកនាង អាន សុធីតាបានថ្លែងថា ច្បាប់នេះជាច្បាប់ល្អ ព្រោះវាជួយច្រើនក្នុងការគ្រប់គ្រងមិនឲ្យមានក្រុមហ៊ុន ដែលគ្មានអាជ្ញាប័ណ្ណ មិនឲ្យធ្វើការងារក្នុងវិស័យនេះ និងជួយពង្រឹងគុណភាពភ្នាក់ងារអចលនទ្រព្យនានា និងក្រុមហ៊ុនអភិវឌ្ឍន៍ឲ្យធ្វើការងារប្រកបដោយការទទួលខុសត្រូវ ដែលជាការលើកកំពស់វិស័យនេះឲ្យកាន់តែមានប្រសិទ្ឋភាព និងទទួលបានជោគជ័យទាំងអស់គ្នា ជោគជ័យទាំងអតិថិជន និងអ្នកអភិវឌ្ឍន៍៕
