រដ្ឋាភិបាលឡាវគ្រោងបង្កើតច្បាប់ពន្ធដីធ្លីថ្មី ដើម្បីសម្របតាមស្តង់ដារអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ

0

ដោយ: គង់ លាងហួរ
វៀងច័ន្ទ: លោក Santiphap Phomvihane រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសឡាវ បានស្នើសេចក្តីព្រាងច្បាប់ថ្មីមួយ ស្តីពីពន្ធដីធ្លី ក្នុងសម័យប្រជុំសាមញ្ញលើកទី៥ នៃរដ្ឋសភាឡាវ នីតិកាលទី៦ កាលពីថ្ងៃទី៦ ខែកក្កដាកន្លងទៅ។

សេចក្តីព្រាងច្បាប់នេះ រួមមាន៤៨មាត្រា ៤ជំពូក និង៩ផ្នែក ដែលមានគោលបំណងជំនួសឱ្យច្បាប់ប្រមូលពន្ធដីធ្លីចាស់ ដែលបានប្រកាសក្នុងឆ្នាំ២០០០ និងបានកែសម្រួលក្នុងឆ្នាំ២០០៧។

លោក Santiphap បានមានប្រសាសន៍ថា ច្បាប់ចាស់ត្រូវបានប្រើប្រាស់អស់រយៈពេលជាង១៦ឆ្នាំមកហើយ ប៉ុន្តែបច្ចុប្បន្ន ការប្រមូលចំណូលពន្ធដីធ្លីមានកម្រិតទាប មិនស្របនឹងច្បាប់ដែលបានកែសម្រួល និងមានបញ្ហាប្រឈមក្នុងការអនុវត្ត។ លោកបន្តថា ដូច្នេះ យើងត្រូវបង្កើតច្បាប់ថ្មីមួយ ដែលកាន់តែតឹងរ៉ឹង និងមានភាពជាក់លាក់ជាងមុន។

សេចក្តីព្រាងច្បាប់ថ្មីនេះផ្តោតជាសំខាន់ទៅលើការកំណត់ការប្រមូលពន្ធដីធ្លីស្របតាមស្តង់ដារអន្តរជាតិ ដោយផ្អែកលើកម្រិតនៃកំណើនសេដ្ឋកិច្ចក្នុងប្រទេសឡាវ (GDP) អត្រាអតិផរណា និងតម្លៃនៃពន្ធដីធ្លីដែលបានបង់នាពេលកន្លងមក។ ច្បាប់នេះនឹងធានាថា ការប្រមូលពន្ធមានតម្លាភាព យុត្តិធម៌ ប្រសិទ្ធភាព និងអាចផ្ទៀងផ្ទាត់បាន។

លោក Santiphap Phomvihane បានបន្ថែមថា ច្បាប់ពន្ធដារថ្មីក៏នឹងបង្កើនចំណូលពន្ធស្របតាមកំណើនសេដ្ឋកិច្ចសង្គម និងធ្វើទំនើបកម្មការប្រមូលពន្ធដីធ្លីប្រកបដោយភាពងាយស្រួល និងមានតម្លាភាព។

ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធដីធ្លី និងតាមដានអ្នកដែលមិនទាន់បានបង់ពន្ធ ច្បាប់ថ្មីនេះនឹងបង្កើតប្រព័ន្ធគ្រប់គ្រង IT ដើម្បីអនុញ្ញាតឱ្យអ្នកបង់ពន្ធមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន និងធ្វើការទូទាត់ប្រាក់។

លើសពីនេះទៀត លោក Santiphap ក៏បានពិភាក្សាអំពីអត្ថប្រយោជន៍បន្ថែមមួយចំនួននៃច្បាប់ស្តីពីពន្ធដីធ្លីថ្មី ដែលរដ្ឋសភាឡាវកំពុងពិចារណាក្នុងសម័យប្រជុំបច្ចុប្បន្នផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here