ដោយ: គង់ លាងហួរ
ហាណូយ: វៀតណាមទាក់ទាញលំហូរFDI បានប្រមាណ១៦,២៤ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ កើនឡើង៤,៥%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នេះបើយោងតាមការឱ្យដឹង ពីទីភ្នាក់ងារវិនិយោគបរទេស ដែលស្ថិតក្រោមក្រសួងផែនការ និងវិនិយោគរបស់ប្រទេសវៀតណាម។
ក្នុងរយៈពេល៧ខែមកនេះ ប្រទេសវៀតណាមបានអនុម័តគម្រោង ដែលបានចុះបញ្ជីថ្មីចំនួន១.២៩៣គម្រោង ក្រោមដើមទុនសរុបចំនួន៧,៩៤ពាន់លានដុល្លារ ហក់ឡើង៧៥,៥% បើគិតពីចំនួនគម្រោង និងហក់ឡើង៣៨,៦% បើគិតជាទុន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទន្ទឹមគ្នានេះដែរ ទឹកប្រាក់ចំនួន២,៩៣ពាន់លានដុល្លារអាមេរិកក៏ត្រូវបានចាក់ចូលបន្ថែមទៅក្នុងគម្រោង ដែលមានស្រាប់ចំនួន៧៣៦គម្រោងផងដែរ។
វិស័យផលិត និងកែច្នៃនាំមុខគេក្នុងការទាក់ទាញលំហូរ FDI ជាមួយ ទឹកប្រាក់ចំនួន១០,៩៣ពាន់លានដុល្លារអាមេរិក ដែលតាមពីក្រោយដោយវិស័យអចលនទ្រព្យ ជាមួយទុនពីបរទេសចំនួន១,៦១ពាន់លានដុល្លារអាមេរិក។
ក្នុងអំឡុងខែមករា ដល់ខែកក្កដា គេបានសង្កេតឃើញមានប្រទេស និងដែនដីចំនួន៩៤ ដែលបានហូរចូលមកកាន់ប្រទេសវៀតណាម ដែលក្នុងនោះសិង្ហបុរី បានឈរនៅលំដាប់កំពូលទី១ ក្នុងបញ្ជីដែលមានទឹកប្រាក់វិនិយោគ ចំនួន៣,៦៤ពាន់លានដុល្លារ ដោយដាំក្បាលចុះ១៥,៥% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕