ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ បុរីដែលគ្រោងបោះទុនវិនិយោគ តំលៃ១០០លានដុល្លារអាមេរិកនឹងបង្ហាញខជូនអតិថិជននៅថ្ងៃទី១ ធ្នូខាងមុខនេះហើយ ដើម្បីទទួលយកមតិយោបល់ពីទស្សនស្ថាបត្យកម្មរបស់គំរោងនេះ។
បុរីដ៏ប្រណីតនេះមានឈ្មោះ The Palm ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ និងស្ថិតនៅលើផ្ទៃដីជិត៤ហិតា។
-->
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Group លោកឧកញ៉ាសៀ រិទ្ឋីបានថ្លែងឲ្យដឹងនៅការិយាល័យរបស់លោក នាព្រឹកថ្ងៃទី២៨ វិច្ឆិកានេះថា
នៅថ្ងៃទី១ ធ្នូខាងមុខនេះ លោកនឹងធ្វើការបង្ហាញពីគំរោងនេះ នៅសណ្ឋាគារសូហ្វីតែលដល់អតិថិជន និងរង់ចាំទទួលយកការផ្តល់យោបល់ត្រលប់ពីអតិថិជន ដើម្បីឆ្លើយតបនឹងអ្វីដែលពួកគាត់ចង់បាន។
លោកបន្តថា “ខ្ញុំមិនដែលអន្តោម័តទេ ខ្ញុំតែងតែទទួលយកយោបល់ពីអតិថិជន ទោះជាគំរោងនេះត្រូវបានរៀបចំរួចក៏ដោយ ប៉ុន្តែយើងនឹងទទួលយកមតិយោបល់ ដើម្បីកែលំអរឲ្យកាន់តែប្រសើរថែមទៀត។លោកបន្តថា “ការបោះឆ្នោតឆ្នាំ២០១៨ មិនរារាំងការវិនិយោគរបស់យើងទេ ព្រោះលទ្ឋផលឆ្នោតត្រូវបានគេទស្សន៍ទាយដឹងរួចទៅហើយ ដូច្នេះឆ្នាំ២០១៨ខាងមុខ មិនមានបញ្ហាអ្វីរាំងស្ទះដល់ការហូរចូលនូវអ្នកវិនិយោគពីក្រៅប្រទេស និងអ្នកវិនិយោគក្នុងស្រុកទេ។
លោកឧកញ៉ា សៀ រិទ្ឋី បានបន្តថា ផ្ទះក្នុងគំរោងនេះមានតម្លៃចាប់ពី៣៨ម៉ឺនដល់១,២លានដុល្លារអាមេរិក អាស្រ័យលើទំហំ និងរចនាបទផ្ទះនិមូយ។ បុរីនេះមានលក្ខណៈពិសេសជាច្រើន ដែលមានកន្លែងកំសាន្តដោយអូប័រ សមុទ្រសិប្បនិម្មិត សួនកំសាន្ត ភាពបៃតង និងលក្ខណៈពិសេសជាច្រើនទៀត។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម ដែលមានឯកទេសទិញលក់លំនៅដ្ឋាននៅតាមបុរីនានាបានថ្លែងថា ការទិញលក់ផ្ទះនៅតាមបុរីនានានៅតែមានភាពល្អប្រសើរនៅឆ្នាំនេះ និងឆ្នាំខាងមុខ ដោយសារលោកឃើញនិន្នាការប្រជាពលរដ្ឋ ចូលចិត្តទិញផ្ទះតាមបុរីកំពុងកើនឡើងនៅទីក្រុងភ្នំពេញ ហើយតម្លៃលំនៅដ្ឋាននៅតាមបុរីនានា ក៏បាននិងកំពុងកើនឡើងផងដែរ។
លោកបន្តថា “ការវិនិយោគបុរីនានានៅតែទទួលជោគជ័យ ហើយការបោះឆ្នោតនាឆ្នាំ២០១៨ មិនរារាំងដល់លំហូរវិនិយោគក្នុងស្រុក និងមកពីបរទេសនោះទេ”៕
VIDEO